ដោយៈ ប៊ី
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា ប្រទេសកម្ពុជានឹងទទួលបានគ្រប់ចំនួននូវវ៉ាក់សាំងកូវីដ១៩ ចំនួន២០លានដូស មុនផែនការកំណត់ ដែលវ៉ាក់សាំងទាំងអស់នឹងមកដល់កម្ពុជាត្រឹមខែសីហាឆ្នាំ២០២១។
ដូចនេះបញ្ហាបន្ទាប់នោះគឺការពន្លឿន ការចាក់វ៉ាកសាំងឱ្យបានលឿន ដែលរំពឹងថា ការចាក់វ៉ាក់សាំងសម្រាប់មនុស្ស១០លាននាក់ នឹងបញ្ចប់ ត្រឹមខែតុលា ឬ វិច្ឆិកា ឆ្នាំ២០២១ខាងមុនេះ។
លោកវង្ស៊ី វិសុទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងដូច្នេះប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញទទួលការមកដល់នៃវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ របស់សាធារណរដ្ឋប្រជាមានិតប្រទេសចិន។
លោករដ្ឋលេខាធិការបានបន្តថា តាមការគ្រោងទុក វ៉ាក់សាំងចំនួន២០លានដូស នឹងត្រូវបានដឹកមកដល់ កម្ពុជាគ្រប់ចំនួននៅត្រឹមខែសីហាខាងមុខនេះ ដូចនេះយើងនឹងខិតខំពន្លឿនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋឱ្យបានលឿន ហើយបើសិនជាមិនមានការប្រែប្រួលទេ ការមកដល់នៃវ៉ាក់សាំងត្រឹមខែសីហានេះ។
លោកបានថ្លែងបន្តថា យើងជឿជាក់ថា ក្នុងអំឡុងពេលខែតុលាឬខែវិច្ឆិកា យើងអាចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់យើងចំនួន១០លាននាក់។ ជាមួយនេះ រាជរដ្ឋាភិបាល ក៏បានកំពុងគិតគូរផងដែរទៅលើការចាក់វ៉ាក់សាំងដល់កុមារអាយុពី១២ឆ្នាំ ទៅ១៨ ឆ្នាំ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី៣ផងដែរ។
លោកវង្ស៊ី វិសុទ្ធក៏បានឱ្យដឹងផងដែរថា ដោយសារវ៉ាក់សាំងមកលឿនមុនផែនការកំណត់ ដូច្នេះ ផែនការ ចាក់វ៉ាក់សាំងនឹងត្រូវកែសម្រួល ហើយបើមិនមានការប្រែប្រួលទេ នៅសប្តាហ៍ក្រោយនេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបើកកិច្ចប្រជុំដើម្បីធ្វើការកែសម្រួល ផែនការចាក់វ៉ាក់សាំង ដែលយើងបានកំណត់នៅក្នុង «យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតំបន់ អាទិភាពខ្ពស់ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គមសេដ្ឋកិច្ចនៅកម្ពុជានៅក្នុងឆ្នាំ២០២១»។
លោកបានលើកឡើងថា ការដែលកម្ពុជាទទួលបានវ៉ាក់សាំងចំនួន២០លានដូសមុនកាលកំណត់ នេះ គឺមិនអាចកាត់ផ្តាច់ចេញពីការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នោះទេ។
លោបានបន្តថា ជាការពិតវាផ្អែកលើទំនាក់ទំនងល្អជាមួយប្រទេស ចិនក៏ពិតមែន ក៏ប៉ុន្តែមានប្រទេសជាច្រើនក៏មានទំនាក់ទំនងល្អជាមួយចិនដូចកម្ពុជាដែរ ចុះហេតុអ្វីគេមិនទទួល បានវ៉ាក់សាំងទាន់ពេលវេលាដូចកម្ពុជា។ ចំណុចនេះអាចវាយតម្លៃបានថា សម្តេចតេជោ ហ៊ុន សែន មានភាព ប៉ិនប្រសប់ក្នុងការទំនាក់ទំនង និងការចរចា ភាពឈ្លាសវៃមិនងាប់ក្រឡា ទើបយើងទទួលបានជោគជ័យក្នុង ការទិញវ៉ាក់សាំងនេះ។
លោកបានថ្លែងបន្តថា រាជរដ្ឋាភិបាលបានប្រើយុទ្ធសាស្ត្ររុលទៅមុខ គឺយើងមិន រងចាំតែរន្ធមួយនោះទេ គឺបានន័យថារន្ធមួយចូលមិនបាន រុលទៅរន្ធមួយទៀត។
លោកក៏បានឱ្យដឹងផងដែរថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២០លានដូសនេះ កម្ពុជា ទទួលបានពីយន្តការកូវ៉ាក់ចំនួនជាង៣សែនដូស (ក្នុងចំនួនជាង៧ លានដូសដែល កូវ៉ាក់បង្ហាញសញ្ញាផ្តល់ឱ្យកម្ពុជា)។ ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនចំនួន២,២លានដូស (វ៉ាក់សាំងស៊ីណូហ្វាម ) និងក្រៅ ពីនោះគឺរាជរដ្ឋាភិបាលទិញដោយថវិកាផ្ទាល់ ដែលមានប្រមាណ១៧០លានដុល្លារអាម៉េរិក។
មកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនជាង១០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ។ បើគិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ត្រឹមថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២១ កម្ពុជាបាន ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួនជាង ៣លាន៨សែននាក់ ស្មើនឹងជាង៣៨ភាគរយហើយ។ ក្រៅតែពីរាជធានីភ្នំពេញ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រីកការចាក់វ៉ាក់សាំងទៅកាន់ ខេត្តកណ្តាល ព្រះសីហនុ កោះកុង កំពង់ស្ពឺ និងតាកែវផងដែរ៕