ដោយៈសុខុម
ភ្នំពេញៈ មានក្រុមហ៊ុនច្រើនណាស់ នៅក្នុងឧស្សាហកម្មផលិតដែកទូទាំងពិភពលោក ដែលមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង តាមរយៈការផលិតដែកក្នុងចំនួនច្រើនៗដើម្បីផ្គត់ផ្គង់ដល់ទីផ្សារនានាដូចជា ទីផ្សារផលិតរថយន្ត និងទីផ្សារសំណង់។
ពេលនេះ យើងនឹងនាំអារម្មណ៍របស់លោកអ្នកឱ្យមកស្គាល់ថា តើក្រុមហ៊ុនផលិតដែកធំបំផុតទាំង១០ ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ មានឈ្មោះអ្វីខ្លះ និងស្ថិតនៅប្រទេសណាខ្លះ។
*ចំណាត់ថ្នាក់លេខ១៖ ក្រុមហ៊ុន ArcelorMittal
ក្រុមហ៊ុន ArcelorMittal ដែលប្រតិបត្តិការនៅក្នុងប្រទេសជាង៦០ មានទីស្នាក់ការកណ្តាលនៅប្រទេសលុចសំបួរ។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ តាមរយៈការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន Arcelor និងក្រុមហ៊ុន Mittal Steel។ ក្រុមហ៊ុននេះមានទ្រព្យសកម្មសរុប៨២,០៥២ពាន់លានដុល្លារ និងបុគ្គលិកចំនួន ២៣២.០០០នាក់ ហើយផលិតដែកបានរហូតដល់ទៅ១០% នៃដែកទាំងអស់ ដែលត្រូវបានផលិតសម្រាប់ផ្គត់ផ្គង់លើទីផ្សារទូទាំងពិភពលោក។
ក្រុមហ៊ុន ArcelorMittal ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការផ្គត់ផ្គង់ដែកទៅកាន់ទីផ្សាររួមមានទីផ្សារផលិតរថយន្ត និងសំណង់ជាដើម។ នៅក្នុងទីផ្សារផលិតទូទាំងពិភពលោក អឺរ៉ុប ផលិតដែកបាន៤៧% សហរដ្ឋអាមេរិក ផលិតដែកបាន៣៥% និងតំបន់ផ្សេងៗទៀតផលិតបាន១៨%។
ក្រុមហ៊ុនសាជីវកម្មផលិតកម្ម ដែកពហុជាតិសាសន៍ខាងលើនេះ បានប្រកាសធ្វើប្រតិបត្តិការ ក្នុងប្រទេសចំនួន៣៥ទូទាំងពិភពលោក នៅពេលច្របាប់បញ្ចូលគ្នាដំបូង។ ក្រោយមកក្រុមហ៊ុននេះ បានបន្តវិនិយោគដោយពង្រីកប្រតិបត្តិការ ទៅកាន់ប្រទេសជាច្រើនទៀតរួមមានអូស្ត្រាលី បារាំង អាហ្វ្រិកខាងត្បូង កាណាដា ប្រេស៊ីល តួកគី កូស្តារីកា ស៊ុយអែត វេណេស៊ុយអេឡា សហរដ្ឋអាមេរិក និងអារ៉ាប់រួមអេមីរ៉ាត។
*ចំណាត់ថ្នាក់លេខ២៖ ក្រុមហ៊ុន Nippon Steel & Sumitomo Metal Corporation (NSSMC)
ក្រុមហ៊ុន Nippon Steel & Sumitomo Metal Corporation (NSSMC) ត្រូវបានបង្កើតឡើង ដោយការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនNippon Steel និងក្រុមហ៊ុន Sumitomo Metal ក្នុងឆ្នាំ២០១២ និងមានទីស្នាក់ការកណ្ដាលនៅប្រទេសជប៉ុន។ ក្រុមហ៊ុននេះ ត្រូវបានពង្រីកប្រតិបត្តិការនៅក្នុងប្រទេសចំនួន១៥ ជាមួយនឹងបុគ្គលិកជិត៨៣,០០០នាក់ និងទ្រព្យសកម្មសរុប៧២,៨ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុននេះផ្គត់ផ្គង់ដែក សម្រាប់វិស័យនានាដូចជាសំណង់ រថយន្ត វិស្វកម្មស៊ីវិល ថាមពល ធនធាន និងផ្លូវដែក។
*ចំណាត់ថ្នាក់លេខ៣៖ ក្រុមហ៊ុន Hebei Iron and Steel Group
ក្រុមហ៊ុន Hebei Iron and Steel Group Company Limited ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨។ សហគ្រាសដែលគ្រប់គ្រងដោយរដ្ឋមួយនេះ មានទីស្នាក់ការកណ្ដាលនៅប្រទេសចិន។ ក្រុមហ៊ុននេះ មានសមត្ថភាពផលិតដែកបាន៣០លានតោន ក្នុងមួយឆ្នាំ ដែលធ្វើឱ្យក្រុមហ៊ុននេះ ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ដែក ធំបំផុតនៅប្រទេសចិន ជាមួយនឹងទ្រព្យសកម្មសរុប៣,១៥ពាន់លានដុល្លារអាមេរិក។
*ចំណាត់ថ្នាក់លេខ៤៖ ក្រុមហ៊ុន Baosteel Group Corporation
ក្រុមហ៊ុន Baosteel Group Corporation ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៨ និងមានទីស្នាក់ការកណ្តាលនៅប្រទេសចិន។ ក្រុមហ៊ុននេះ មានបុគ្គលិក១៣០.៤០១នាក់ និងផលិតដែកសម្រាប់នាំចេញ ទៅកាន់ប្រទេសជាង៤០ទូទាំងពិភពលោក។ ក្រុមហ៊ុននេះ ផ្គត់ផ្គង់សម្រាប់វិស័យនានាដូចជារថយន្ត គីមីឥន្ធនៈ ការដឹកជញ្ជូន ថាមពលនុយក្លេអ៊ែរ បរិក្ខារប្រើប្រាស់ក្នុងផ្ទះ ការផលិតគ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិក និងអវកាសយាន។
*ចំណាត់ថ្នាក់លេខ៥៖ ក្រុមហ៊ុន Wuhan Iron and Steel Group
ក្រុមហ៊ុនសាជីវកម្ម Wuhan Iron and Steel Group Corporation មានទីស្នាក់ការកណ្តាលនៅប្រទេសចិន។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ ហើយក្រុមហ៊ុននេះ មានឈ្មោះល្បីល្បាញយ៉ាងខ្លាំងថា ជាក្រុមហ៊ុនផលិតដែកខ្នាតយក្សដំបូងបង្អស់របស់ប្រទេសចិន ជាមួយនឹងទ្រព្យសកម្មសរុប១,៦ពាន់លានដុល្លារអាមេរិក។
*ចំណាត់ថ្នាក់លេខ៦៖ ក្រុមហ៊ុន POSCO
ក្រុមហ៊ុន Pohang Iron and Steel Company ដែលជាទូទៅគេស្គាល់ថា POSCO ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៨ ហើយបានក្លាយជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនផលិតដែកធំៗបំផុតក្នុងពិភពលោក ជាមួយនឹងប្រាក់ចំណូល៦០,៨៧ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុនដែលមានទីស្នាក់ការកណ្តាល នៅប្រទេសកូរ៉េខាងត្បូងនេះ មានសមត្ថភាពផលិតដែកបាន៣៣,៧លានតោនក្នុងមួយឆ្នាំ។
*ចំណាត់ថ្នាក់លេខ៧៖ ក្រុមហ៊ុន Jiangsu Shagang
ក្រុមហ៊ុន Jiangsu Shagang ស្ថិតក្នុងចំណោមក្រុមហ៊ុន ផលិតដែកកំពូលទាំង៥របស់ប្រទេសចិន។ ក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៥ នេះមានសមត្ថភាពផលិតដែកបានជិត១៨លានតោនក្នុងមួយឆ្នាំ។
*ចំណាត់ថ្នាក់លេខ៨៖ ក្រុមហ៊ុន Tata Steel Group
ក្រុមហ៊ុនTata Steel Group ត្រូវបានលោក Jamsetji បង្កើតឡើងក្នុងឆ្នាំ១៨៦៨។ ក្រុមហ៊ុន ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសឥណ្ឌានេះ មានបុគ្គលិកជាង៥៨១.៤៧០នាក់ទូទាំងពិភពលោក ជាមួយនឹងទ្រព្យសកម្មសរុប៣៤ពាន់លានដុល្លារអាមេរិក។
*ចំណាត់ថ្នាក់លេខ៩៖ ក្រុមហ៊ុន HYUNDAI Steel Company
ក្រុមហ៊ុន HYUNDAI Steel Company ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនផលិតដែកដំបូងបង្អស់របស់ប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ១៩៥៣ ជាមួយនឹងប្រាក់ចំណូល១៤,៤ពាន់លានដុល្លារអាមេរិក។
*ចំណាត់ថ្នាក់លេខ១០៖ ក្រុមហ៊ុន JFE Steel Corporation
ក្រុមហ៊ុនសាជីវកម្ម ក្រុមហ៊ុន JFE Steel Corporation ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥០ និងមានទីស្នាក់ការកណ្ដាកនៅប្រទេសជប៉ុន។ កាលពីមុនក្រុមហ៊ុននេះ មានឈ្មោះថា Kawasaki Steel Corporation ប៉ុន្តែក្រោយមកបានប្ដូរឈ្មោះមក JFE Steel Corporation នៅខែមេសា ឆ្នាំ២០០៣៕