ដោយៈគង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជានឹងថ្លែងសារពិសេសមួយជូនជនរួមជាតិ ទាក់ទងនឹងស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ១៩នៅម៉ោង៣រសៀលថ្ងៃនេះ។
ការថ្លែងសាររបស់សម្តេចតេជោ នឹងផ្សាយផ្ទាល់តាមរយៈស្ថានីយ៍វិទ្យុ ទូរទស្សន៍នានាទូទាំងប្រទេស និងតាមបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេច និងបណ្តាញព៌តមានអនឡាញជាច្រើនទៀត។
ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ បាននិងកំពុងបង្កឲ្យមានការព្រួយបារម្ភជាថ្មី ក្នុងសហគមន៍ជំនួញ និងសហគមន៍ប្រជាពលរដ្ឋ ប៉ុន្តែយោងតាមលោកវង្ស៊ី វិស្សុទ្ឋរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២០លានដូស នៅក្នុងអំឡុងខែសីហាខាងមុខនេះ។
សម្តេចតេជោហ៊ុន សែនធ្លាប់បានប្រកាសថា រាជរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបាន១០លាននាក់ នៅឆ្នាំ២០២២ខាងមុខនេះ ខណៈបច្ចុប្បន្នប្រជាជនកម្ពុជាជាង៤លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕