រដ្ឋាភិបាលដាក់ដំណើរការនូវផែនការសកម្មភាពជាតិវិលជុំ ដើម្បីលើកទឹកចិត្ត វិស័យឯកជន

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា បានដាក់ឱ្យដំណើរការផែនការសកម្មភាពជាតិសេដ្ឋកិច្ចវិលជុំ និងផ្លេតហ្វមដើម្បីជំរុញការចូលរួមពីវិស័យឯកជន ក្នុងអន្តរកាលឆ្ពោះទៅរកសេដ្ឋកិច្ចវិលជុំ។
ការអភិវឌ្ឍដ៏ឆាប់រហ័សនៃកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននៅកម្ពុជា ក្នុងរយៈពេលជាង២ទសវត្សរ៍នេះ បាននាំមកនូវបញ្ហាប្រឈមថ្មីៗ ក្នុងការគ្រប់គ្រងធម្មជាតិ បរិស្ថាន ថាមពល និងសំណល់ប្រកបដោយនិរន្តរភាព។

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (NCSD) ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីប្រទេសស៊ុយអែត ជប៉ុន និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) កាលពីថ្ងៃទី ២៨ ខែមិថុនាបានដាក់ឱ្យដំណើរការ ផែនការសកម្មភាពជាតិសេដ្ឋកិច្ចវិលជុំ ខណៈដែលកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននៅកម្ពុជា បាននាំឱ្យមានការកើនឡើងនូវការប្រើប្រាស់វត្ថុធាតុដើម និងថាមពល ហើយស្រដៀងគ្នានឹងប្រទេសនានា ដែលកំណើននេះ បាននាំមកនូវបញ្ហាប្រឈមថ្មីៗ ក្នុងការគ្រប់គ្រងធម្មជាតិ បរិស្ថាន ថាមពល និងសំណល់។

លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានប្រាប់ថា ការអនុវត្តយុទ្ធសាស្ដ្រសេដ្ឋកិច្ចវិលជុំ ប្រកបដោយចីរភាព នឹងធានាឱ្យយើងទាំងអស់គ្នានៅកម្ពុជា អាចទទួលបានអនាគត ដែលមានភាពបៃតង ស្អាត និងមានសុវត្ថិភាព។

លោកបន្តថា “យុទ្ធសាស្ដ្រ និងផែនការសេដ្ឋកិច្ចវិលជុំ មានគោលបំណងបង្កើតនូវដំណោះស្រាយឈ្នះ ឈ្នះ សម្រាប់ដោះស្រាយបញ្ហាប្រឈមចំពោះមុខ នាពេលបច្ចុប្បន្ន”។ លោកបន្ថែមថា “យុទ្ធសាស្ដ្រមានគោលបំណងលុបបំបាត់ការខ្ជះខ្ជាយ ធនធាននៅក្នុងវដ្ដសេដ្ឋកិច្ចទាំងមូល និងបន្តរក្សានៃសម្ភារនានា ឱ្យមានយូរបំផុតតាមដែលអាចធ្វើទៅបានជំនួសឱ្យការប្រើប្រាស់រួចហើយបោះចោលតែម្ដង”។

ជាមួយគ្នានេះ លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជាក៏បានចង្អុលបង្ហាញថា សេដ្ឋកិច្ចវិលជុំ មានសក្ដានុពលនាំមកនូវការផ្លាស់ប្តូរសង្គម និងបរិស្ថានជាវិជ្ជមាន ដើម្បីបង្កើតនូវតម្លៃសេដ្ឋកិច្ចថ្មីៗ និងឱកាសការងារកាន់តែច្រើន។

លោកបន្តថា “គំរូសេដ្ឋកិច្ចបែបនេះ អាចតម្រង់ទិសដល់ការឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រទេសនានា នៅក្នុងកម្រិតប្រាក់ចំណូលទាំងអស់ ដែលរួមទាំងកម្ពុជាផងដែរ”។

រីឯលោកស្រី Moeko Saito-Jensen អ្នកឯកទេសគោលនយោបាយបរិស្ថាននៃ UNDP បានឱ្យដឹងនៅក្នុងអំឡុងពេលសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្ដីព្រាង “យុទ្ធសាស្ដ្រសេដ្ឋកិច្ចវិលជុំ និងផែនការសកម្មភាព”កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ ថា ដោយសារតែការកើនឡើងគ្រោះទឹកជំនន់ និងភាពរាំងស្ងួត កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលងាយនឹងទទួលរងគ្រោះបំផុត ដោយសារតែការប្រែប្រួលអាកាសធាតុ។

លោកស្រីបន្តថា “ដើម្បីគាំទ្របរិស្ថានដ៏សំខាន់ សម្រាប់មនុស្សគ្រប់ជំនាន់នៅពេលអនាគត និងធានាអនាគតប្រកប ដោយសុវត្ថិភាពរបស់ពួកគេ គឺពិតជាចាំបាច់ក្នុងការផ្លាស់ប្តូរមធ្យោបាយ ដែលប្រតិបត្តិការសេដ្ឋកិច្ច និងមធ្យោបាយនានាដែលយើងប្រើប្រាស់សម្ភារ និងសំណល់ដែលបោះចោល”។

យោងតាមរបាយការណ៍ចុងក្រោយបំផុត របស់អង្គការឧតុនិយមពិភពលោក (WMO) បានឲ្យដឹងថា សីតុណ្ហភាពពិភពលោក អាចលើសពីការកំណត់ទិសដៅត្រឹម ១,៥ អង្សារសេ ពីកម្រិតមុនឧស្សាហកម្មក្នុងរយៈពេល៥ឆ្នាំក្រោយ។ នៅទូទាំងភពផែនដី ការកើនឡើងសីតុណ្ហភាពណាមួយ នឹងបង្កើនគ្រោះមហន្តរាយអាកាសធាតុយ៉ាងខ្លាំងដូចជាខ្យល់ព្យុះទីហ្វុងធំៗ ទឹកជំនន់ធំៗភាពរាំងស្ងួតខ្លាំងនិងការបង្កើនភ្លើងឆេះព្រៃ។ ធនធានធម្មជាតិសំខាន់ៗ ប្រហែល៩០លានតោនត្រូវបានទាញយកក្នុង១ឆ្នាំ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here