ដោយៈវឌ្ឈនៈ
ភ្នំពេញៈ មេឃុំម្នាក់ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានចេញលិខិតមោឃភាពលើប័ណ្ណកម្មសិទ្ឋដីធ្លីនៅក្នុងមូលដ្ឋានរបស់ខ្លួន សម្រាប់ដីតំបន់ការពារធនធានធម្មជាតិ ដែលធ្វើឲ្យអ្នកទិញដីនៅតំបន់នេះប្រឈមហានិភ័យ។
យោងតាមលិខិតបដិសេធមួយរបស់លោកស្រីកែវ សុផាត មេឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានចេញមោឃភាពលការចុះហត្ថលេខា របស់លោកស្រីកន្លងមកថា ទៅលើឯកសារលិខិតស្នើសុំផ្ទេរសិទ្ធិកាន់កាប់ដីធ្លី លិខិតពាក្យស្នើសុំប្រើប្រាស់ដីធ្លី លិខិតលក់ទិញ ប្លង់បង្ហាញទីតាំងគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះ នៃតំបន់ឧទ្យានជាតិមុនីវង្សបូកគោ និងឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ។

-->
នៅក្នុងលិខិតនោះលោកស្រីមេឃុំបានបញ្ជាក់ថា កត្តាដែលលោកស្រី ចុះហត្ថលេខាផ្ទេរសិទ្ធិ ដោយសារតែលោកស្រីមិនយល់ច្បាប់ទំលាប់ច្រើន ហើយឃើញអ្នកកាន់កាប់ដីនោះ អាស្រ័យផលជាក់ស្ដែង ហើយលោកស្រីក៏សម្រេចផ្ទេរសិទ្ធិ ទៅកាន់ម្ចាស់ផ្សេងទៀត ។
អ្នកជំនាញអចលនទ្រព្យជាច្រើន បានផ្ដល់ជាទស្សនៈដល់អ្នកដែលទិញដីធ្លីឬអចលនទ្រព្យ ដោយពិនិត្យទៅលើភាពស្របច្បាប់ឱ្យបានច្បាស់លាស់ ជាពិសេសនោះគឺប្លង់រឹងពីម្ចាស់ដើម។ បើពុំនោះទេ អ្នកនឹងត្រូវខាតបង់ថវិកា និងពេលវេលារបស់ខ្លួនផងដែរ ។
កាលពីសប្តាហ៍មុនអភិបាលខេត្តកោះកុង លោកជំទាវភូថង មិថុនាក៏បានប្រកាសមោឃភាពលើលិខិតទិញលក់ដីធ្លី អចលនទ្រព្យ ដែលចេញលិខិតដោយអាជ្ញាធរឃុំ សង្កាត់ក្នុងខេត្តផងដែរ។

ជាការកត់សម្គាល់ ខេត្តកំពង់ស្ពឺត្រូវបានគេមើលឃើញថា ជាតំបន់ដែលមានសក្ដានុពលខាងវិស័យដីធ្លីមួយ នៅក្នុងប្រទេសកម្ពុជា ដោយសកម្មភាពទិញលក់ដីធ្លីនៅក្នុងខេត្តនេះ គឺមានសន្ទុះខ្លាំង ទាំងដីសម្រាប់ឧស្សាហកម្ម និងដីសម្រាប់លំហែកាយផងដែរ ដោយសារតែកំពង់ស្ពឺថ្មីៗនេះ ទទួលបានការវិនិយោគថ្មីៗ ជាបន្តបន្ទាប់លើវិស័យឧស្សាហកម្ម៕