ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញបានបង្ហើបពីតំបន់មួយចំនួននៅទីក្រុងភ្នំពេញ និងបណ្តាខេត្តនានា កំពុងមានសក្ដានុពលក្នុងការវិនិយោគលើវិស័យអចលនទ្រព្យដែលអាចទាញយកផលចំណេញបានខ្ពស់ បន្ទាប់ពីវិបត្តិកូវីដ១៩។
លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល រៀលធី បានថ្លែងប្រាប់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះថា វិនិយោគិនគួរសម្លឹងការវិនិយោគនៅតំបន់ជាយក្រុងភ្នំពេញ ពិសេសនៅភាគខាងត្បូង និងក្រវាត់ក្រុងទី៣ ដោយសារតែតំបន់ទាំងនោះមានការអភិវឌ្ឍលឿន និងមិនទាន់មានការអភិវឌ្ឍន៍ឆ្អែត ដូច្នេះវិនិយោគនៅតែអាចរកផលចំណេញពីតំបន់ទាំងនេះបាន។
ដោយឡែក លោកបានឱ្យដឹងថា ខេត្តមួយចំនួន ដែលមានសក្ដានុពលក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដើម្បីផលចំណេញ មានដូចជាខេត្តកែប កំពត កោះកុងជា និងខេត្តមណ្ឌលគិរី ដែលមានសក្ដានុពលសម្រាប់ការវិនិយោគ ដោយសារតែខេត្តទាំងអស់នេះត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍលើវិស័យផ្សេងៗ ជាច្រើនពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈខេត្តទាំងអស់នេះកំពុងតែទទួលបានការវិនិយោគជាបន្តបន្ទាប់។
លោកបានថ្លែងបន្តថា បើនិយាយពីការវិនិយោគអចលនទ្រព្យសម្រាប់ផលចំណេញ គឺភាគច្រើនគេនិយាយពីការវិនិយោគលើវិស័យដីធ្លីនេះតែម្តង។ លោកបានបន្តថា អំឡុងពេលដែលវិបត្តិនេះ នៅពេលដែលវិនិយោគិនឆ្លាតវៃណា អាចរកបានអចលនទ្រព្យណាមួយដែលមានតម្លៃក្រោមទីផ្សារ និងរួចទិញយកសម្រាប់យកផលចំណេញនាពេលអនាគត នេះគឺជាឱកាសមួយដ៏ល្អប្រសើរ ។
លោកបន្តថា ដើម្បីទទួលបានផលចំណេញ នៅពេលខាងមុខអ្នកវិនិយោគគួរ ការវិនិយោគពីពេលឥឡូវនេះនៅពេលដែលវិបត្តិកូវីដបញ្ចប់ តម្លៃអចលនទ្រព្យនឹងកើនឡើងខ្លាំង នៅពេលនោះហើយដែលអ្នកវិនិយោគទទួលបានផលចំណេញខ្ពស់ពីការវិនិយោគវិស័យអចលនទ្រព្យរបស់ខ្លួន។
លោកPhillip Tanគ្រប់គ្រងផ្នែកទីផ្សារក្រុមហ៊ុនPropNex ប្រចាំប្រទេសអូស្ត្រាលី ដែលបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យអចលនទ្រព្យទាំងនៅអូស្រ្តាលី និងតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងកាលពីថ្មីៗនេះ វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានរីកចម្រើន និងមានឱកាសច្រើនសម្រាប់ការវិនិយោគ។
លោកបានឱ្យដឹងទៀតថា ក្រឡេកមកមើលប្រទេសកម្ពុជាវិញ ជាមួយនឹងការឈានមកដល់របស់ក្រុមហ៊ុនPropNex នៅប្រទេសកម្ពុជា វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាមានការរីកលូតលាស់យ៉ាងល្អប្រសើរ ដោយសារតែរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានសេដ្ឋកិច្ចកើនឡើងជាប្រចាំ។
លោកបានថ្លែងថា “សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជាវិញគឺនៅតែអាចទាញយកផលចំណេញបាន ដោយសារតែតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅមានតម្លៃសមរម្យនៅឡើយ បើធៀបជាមួយនឹងប្រទេសផ្សេងៗផ្សេង ដូច្នេះហើយនេះគឺជាឱកាសមួយនៅក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា”៕