ដោយៈសុខុម
ភ្នំពេញ: ស៊ីម៉ងត៍ជាសម្ភារៈដ៏ចាំបាច់បំផុត នៅក្នុងវិស័យសំណង់ មិនថាការសាងសង់ផ្ទះ អគារតូចធំ ស្ពាន ឬសូម្បីផ្លូវថ្នល់មួយចំនួនក៏ធ្វើពីស៊ីម៉ងត៍ ដែលគេហៅថា ផ្លូវបេតុង។
ស៊ីម៉ងត៍ដែលគេសង្កេតឃើញប្រើប្រាស់ញឹកញាប់ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន មានដូចជាស៊ីម៉ងត៍រូបអូដ្ឋ ស៊ីម៉ងត៍រូបដំរី និងស៊ីម៉ងត៍ K Cement សញ្ញាអក្សរ K ជាដើម។ ប៉ុន្តែតើទាំងអស់គ្នាដឹងទេថា ក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំបំផុត ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ មានឈ្មោះអ្វី ស្ថិតនៅប្រទេសណា និងមានប្រវត្តិដូចម្ដេច?
យោងតាមសារព័ត៌មាន Construction Review Online ចុះផ្សាយកាលពីខែមេសា ឆ្នាំ២០២១ នេះឱ្យដឹងថា ក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំបំផុតក្នុងពិភពលោក ប្រចាំឆ្នាំ២០២១ គឺក្រុមហ៊ុនបារាំង-ស្វីស LafargeHolcim ដែលមានរោងចក្រផលិតចំនួន១៨០ក្នុង៩០ប្រទេសទូទាំងពិភពលោក ហើយក្នុងមួយឆ្នាំៗផលិតស៊ីម៉ងត៍ បានរហូតដល់ទៅ៣៨៦លានតោន។
*ប្រវត្តិក្រុមហ៊ុន
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤ ក្រុមហ៊ុនបារាំង Lafarge និងក្រុមហ៊ុនស្វីស Holcim បានប្រកាសគម្រោងច្របាច់បញ្ចូលគ្នា ដើម្បីបង្កើតក្រុមហ៊ុនថ្មីដោយដាក់ឈ្មោះថា LafargeHolcim។ ជាមួយនឹងតម្លៃលើទីផ្សារបូកបញ្ចូលគ្នា កើនលើស៥០ពាន់លានដុល្លារអាមេរិក ការច្របាច់បញ្ចូលគ្នានេះគឺធំបំផុតទី២ ដែលត្រូវបានប្រកាសទូទាំងពិភពលោកក្នុងឆ្នាំ២០១៤។
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរក៏ទទួលបានដោយជោគជ័យ ហើយក្រុមហ៊ុនLafargeHolcim ក៏ត្រូវបានបង្កើតឡើង។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ក្រុមហ៊ុនថ្មី LafargeHolcim Group ក៏ត្រូវបានប្រកាសដំណើរការជាផ្លូវការ។
នៅខែមិថុនា ឆ្នាំ២០១៦ សារព័ត៌មានបារាំង Le Monde បានផ្សាយថា ក្រុមហ៊ុនបារាំង Lafarge បានបង់ពន្ធឱ្យទៅក្រុមភេរវកម្មសាហាវយង់ឃ្នង ISIS ក្នុងឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ ដើម្បីរក្សាដំណើរការរោងចក្ររបស់ខ្លួននៅ Jalabiya ប្រទេសស៊ីរី។ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន LafargeHolcim បានចេញសេចក្ដីថ្លែងការណ៍ថា វិធានការបង់ពន្ធតាមការទាមទាររបស់ក្រុមភេរវកម្ម ដើម្បីបន្តដំណើរប្រតិបត្តិការ នៅរោងចក្រនោះជាទង្វើមិនអាចទទួលយកបានឡើយ។
ការស៊ើបអង្កេតឯករាជ្យ និងទូលំទូលាយមួយបានលាតត្រដាង ពីកំហុសឆ្គងដ៏ធំនៅក្នុងការវិនិច្ឆ័យ ដែលមិនស្របទៅនឹងក្រមប្រតិបត្តិរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុនក៏ចាត់វិធានការ។ មានការផ្លាស់ប្ដូរ និងការវិវឌ្ឍជាច្រើនចំពោះកម្មវិធីអនុលោមភាព និងហេដ្ឋារចនាសម្ព័ន្ធចាប់តាំងពីពេលប្រព្រឹត្តខុសឆ្គង់នោះមក។
លោក Eric Olsen ដែលជានាយកប្រតិបត្តិពេលនោះបានចុះចេញពីតំណែងនៅខែមេសា ឆ្នាំ២០១៧ ដោយសារតែ “ភាពតានតឹងខ្លាំង” ដែលបង្កឡើងដោយសារដំណឹងអកុសលនោះ។ ទោះជាយ៉ាងណា ការស៊ើបអង្កេតមួយដែលធ្វើឡើង ដោយក្រុមហ៊ុនច្បាប់អន្តរជាតិ Baker McKenzie ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសន្និដ្ឋានថា លោក Eric Olsen មិនមែនជាអ្នកទទួលខុសត្រូវ ចំពោះការបង់លុយឱ្យក្រុមភេរវកម្ម ISIS ឡើយ។
ក្នុងបទសម្ភាសន៍ជាមួយកាសែតបារាំង LeFigaro លោក Beat Hess ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន LafargeHolcim បានលើកលើងថា “កំហុសឆ្គងដែលមិនអាចទទួលយកបាន ត្រូវបានសាងឡើងដែលក្រុមហ៊ុនមានវិប្បដិសារី និងថ្កោលទោស។ និយាយវាងាយស្រួលណាស់ ប៉ុន្តែពិតណាស់ថា ក្រុមហ៊ុនពិតជាបានដកចេញពីប្រទេសស៊ីរី យឺតពេល។ រឿងទាំងនេះគួរណាតែជៀសវាងបាន”។
ក្នុងពេលជាមួយគ្នានេះ សមាគមច្បាប់បារាំង Sherpa បានដាក់ពាក្យប្ដឹងក្រុមហ៊ុន Lafarge ជុំវិញការបង់លុយឱ្យក្រុមភេរវកម្ម ISIS។ នៅខែមីនា ឆ្នាំ២០១៧ រដ្ឋមន្ត្រីការបរទេសបារាំង Jean-Marc Ayrault បានរិះគន់ក្រុមហ៊ុន LafargeHolcim ចំពោះការប្រកួតប្រជែងដើម្បីទទួលបានគម្រោងសាងសង់ជញ្ជាំងព្រំដែនម៉ិកស៊ិក-សហរដ្ឋអាមេរិក ដែលប្រធានាធិបតី ដូណាល់ ត្រាំ បានសន្យា។ ក្រុមហ៊ុននេះក៏បានរងការរិះគន់ពីលោក Emmanuel Macron ដែលពេលនោះជាបេក្ខភាពឈរឈ្មោះប្រជែងតំណែង ប្រធានាធិបតីបារាំងផងដែរ។
នៅខែឧសភា ឆ្នាំ២០១៧ លោក Jan Jenisch ត្រូវបានតែងតាំងជានាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន LafargeHolcim Group។ នៅខែមីនា ឆ្នាំ២០១៨ លោក Jan Jenisch បានប្រកាសយុទ្ធសាស្ត្រថ្មីមានឈ្មោះថា “Strategy 2022 – ‘Building for Growth’” (យុទ្ធសាស្ត្រឆ្នាំ២០២២- ការកសាងដើម្បីទទួលបានកំណើន) ដែលមានគោលបំណងជំរុញកំណើនផ្ដល់ប្រាក់ចំណេញ និងធ្វើឱ្យអាជីវកម្មកាន់តែមានលក្ខណៈងាយស្រួលដើម្បីផ្ដល់ប្រាក់ចំណេញ និងតម្លៃទាក់ទាញដល់ភាគហ៊ុនិក។
នៅខែឧសភា ឆ្នាំ២០១៨ ក្រុមហ៊ុន LafargeHolcim បានប្រកាសជំហានបន្ទាប់នៅក្នុងការធ្វើឱ្យការរៀបចំក្រុមហ៊ុន កាន់តែមានលក្ខណៈងាយស្រួល។ អ្នកដែលកាន់មុខតំណែងគ្រប់នៅក្នុងប្រទេសស្វីស នឹងត្រូវផ្លាស់ទៅកាន់ទីតាំងរបស់ក្រុមហ៊ុន នៅក្នុងទីក្រុង Holderbank និងការិយាល័យថ្មីនៅក្នុងទីក្រុង Zug។
អំឡុងរដូវក្ដៅក្នុងខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុន LafargeHolcim បានដាក់ចេញកម្មវិធី៤ឆ្នាំមួយដែលមានឈ្មោះថា Plants of Tomorrow (រោងចក្រសម្រាប់ថ្ងៃអនាគត) ដែលបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម និងមនុស្សយន្ត បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាជាច្រើនទៀត នឹងត្រូវប្រើប្រាស់នៅក្នុងដំណើរការផលិតស៊ីម៉ងត៍ទាំងមូល។
នៅចុងឆ្នាំ២០១៩ ក្រុមហ៊ុនបានប្រកាសលៃទុកថវិកា១៦១លានដុល្លារ សម្រាប់គម្រោងចំនួន៨០នៅអឺរ៉ុប ដើម្បីកាត់បន្ថយការបំភាយឧស្ម័នប្រចាំឆ្នាំ ដែលចេញពីដំណើរការផលិតស៊ីម៉ងត៍របស់ខ្លួនឱ្យបាន១៥%នៅត្រឹមឆ្នាំ២០២២។
នៅខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន LafargeHolcim បានចូលរួមក្នុងគំនិតផ្តួចផ្តើម Science Based Targets initiative (SBTi) “Business Ambition for 1.5°C” ដោយក្លាយជាក្រុមហ៊ុនសម្ភារៈសំណង់ លំដាប់ពិភពលោកដំបូងបង្អស់ ដែលបានចូលរួមក្នុងគំនិតផ្ដួចផ្ដើមនេះ។
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ភាគហ៊ុនិកនានាបានបោះឆ្នោតផ្លាស់ប្ដូរឈ្មោះក្រុមហ៊ុន LafargeHolcim Ltd ទៅ Holcim Ltd៕