ដោយៈគង់ សូរិយា
ភ្នំពេញៈ ស្របពេលរដ្ឋាភិបាល កំពុងរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ នៅក្រុងបូកគោ និងត្រៀមប្រកាសសមាសភាពថ្នាក់ដឹកនាំទីក្រុងថ្មីនេះ អ្នកវិនិយោគបានរំពឹងថា តម្លៃដីធ្លីនៅក្រុងបូកគោ នឹងកើនឡើងដូចនៅខេត្តព្រះសីហនុ។

ដោយៈគង់ សូរិយា
ភ្នំពេញៈ ស្របពេលរដ្ឋាភិបាល កំពុងរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ នៅក្រុងបូកគោ និងត្រៀមប្រកាសសមាសភាពថ្នាក់ដឹកនាំទីក្រុងថ្មីនេះ អ្នកវិនិយោគបានរំពឹងថា តម្លៃដីធ្លីនៅក្រុងបូកគោ នឹងកើនឡើងដូចនៅខេត្តព្រះសីហនុ។

កត្តាសំខាន់ៗ ដែលនឹងរុញសក្តានុពលតម្លៃដីធ្លីនៅទីក្រុងនេះ រួមមាន ការអភិវឌ្ឍទីក្រុងបូកគោជាទីក្រុងឆ្លាតវៃ ដែលបណ្តាញអគ្គិសនីនឹងត្រូវកប់ក្រោមដី លក្ខខ័ណ្ឌភូមិសាស្រ្ត អាកាសធាតុ ដោយមានទឹកសមុទ្រពីមុខ ភ្នំពីក្រោយ (ល្អសំរាប់ក្បួងហុងស៊ុយចិន) ការតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់តំបន់នេះជិត និងកត្តាមួយចំនូនទៀតដូចជា ខេត្តកំពត មានសក្តានុពលខ្ពស់សម្រាប់វិស័យទេសចរណ៍ កសិឧស្សាហកម្ម កសិកម្ម កំពង់ផែទេសចរណ៍ កំ ពង់ផែទឹកជ្រៅ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសផងដែរ។នេះបើតាមលោកយិន លាងគង់ទីប្រឹក្សាសមាគមអចលនទ្រព្យសកល។
លោកបន្តថា “សក្តានុពលមូលដ្ឋាន និងផែនការអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ និងប្រកបដោយចក្ចុវិស័យរបស់រដ្ឋាភិបាល នឹងរុញខេត្តកំពតទៅកាន់កម្រិតថ្មីមួយទៀតនាពេលអនាគត”។លោកបន្តថា “ដីនៅទីក្រុងបូកគោ នៅមានតម្លៃសមរម្យនៅឡើយនាពេលបច្ចុប្បន្ននេះ ប៉ុន្តែសំរាប់រយៈពេល៣ទៅ៥ឆ្នាំខាងមុខ ដីនៅតំបន់នេះនឹងហក់ឡើងខ្ពស់ថែមទៀត”។
លោកយិន លាងគង់បានបន្តថា វត្តមានអាគារខ្ពស់ៗជាច្រើន បាននិងកំពុងត្រៀមបង្ហាញវត្តមាននៅក្រុងកំពត ដែលវានឹងផ្លាស់ប្តូរបែបផែនជីវិត វិធីគិត និងសេវាកម្មនៅក្រុងកំពតកាន់តែលឿន ហើយទីក្រុងបូកគោ ដែលនៅជិតគ្នានេះ នឹងទទួលបានផលប្រយោជន៍ផងដែរ ពីការរីកចម្រើនទីក្រុងកំពតនាពេលអនាគតផងដែរ។
ជាមួយគ្នានេះ លោក Coolor Tanដែលជាអ្នកវិនិយោគគំរោងដីឡូត៍លំហែរកាយ បូកគោលែនដ៏ ពីសេសកំពុងពង្រីកទីដីបន្ថែមបានមានប្រសាសន៍ថា អ្នកទិញដីនៅគំរោងរបស់លោកជាច្រើនបានលើកឡើងថា ពួកគេជឿថាដីនៅទីក្រុងបូកគោ នឹងហក់ឡើងដូចនៅក្រុងព្រះសីហនុនាពេលអនាគត ដោយសារពួកគេជឿជាក់លើផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ពិសេសការរៀបចំទីក្រុងបូកគោជាទីក្រុងឆ្លាតវៃ និងកត្តាជាច្រើនទៀតដែលហុចសក្តានុពលសំរាប់ទីក្រុងនេះ។
លោកបន្តថា “សម្រាប់ខ្ញុំ ក៏ជឿជាក់ផងដែរថា តម្លៃដីធ្លីនៅក្រុងបូកគោនឹងហក់ឡើងមិនចាញ់ក្រុងព្រះសីហនុនោះទេ ហេតុនេះហើយទើបខ្ញុំបានពង្រីកទិញដីជាច្រើនកន្លែងទៀតនៅតំបន់នេះ”។ លោកបន្តថា “ចក្ចុវិស័យរបស់រដ្ឋាភិបាល បាននិងកំពុងជម្រុញឲ្យកម្ពុជា ឆ្ពោះទៅកាន់ប្រទេសមានប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ពិតជាអាចធ្វើបាន”។
អភិបាលខេត្តកំពតលោកជាវ តាយបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងសាងសង់រថភ្លើងល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពត និងគំរោងសាងសង់ព្រលានយន្តហោះរបស់ក្រុមហ៊ុនចិន មិនបានផ្លាស់ប្តូរទេ ព្រោះក្រុមហ៊ុនចិននៅបន្តសិក្សានៅឡើយ។

លោកបន្តថា “ដោយសារសក្តានុពលខេត្តកំពតបែបនេះហើយ ទើបគំរោងវិនិយោគរបស់ក្រុមហ៊ុននានា ដែលកំពុងវិនិយោគនៅខេត្តកំពត មិនមានគំរោងណាមូយត្រូវបានផ្អាកនោះទេ”។លោកបន្តថា “ក្រុមហ៊ុនថ្មីៗជាច្រើនបាន និងកំពុងបន្តចូលមកកាន់ខេត្តកំពត ពិសេសតំបន់ទីក្រុងបូកគោថ្មីកាន់តែច្រើនផងដែរ”៕