ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ យើងគួររៀនរស់នៅជាមួយជំងឺកូវីដ ហើយចាប់យកឱកាសថ្មីសម្រាប់ការឆ្ពោះទៅមុខ ខណៈចំណុចពិសេសចំនួនបីបាននិងកំពុងលេចឡើង ក្នុងអំឡុងវិបត្តិកូវីដ ខណៈប្រទេសនានា បានត្រៀមបើកចំហសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ Century21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២ កក្កដានេះថា ទោះបីពិភពលោកបាន និងកំពុងជាប់ផុងនឹងជំងឺកូវីដ១៩ក្តី ប៉ុន្តែវិបត្តិនេះបានអូសបន្លាយរយៈពេលជិត២ឆ្នាំហើយ ដែលធ្វើឲ្យម្នាក់ៗហាក់មានភាពសាំនឹងជំងឺនេះ ជាមួយនឹងការចាក់វ៉ាក់សាំង ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងឃើញមានចំណុចពិសេសបីបានលេចឡើង ដូចជា ឱកាស ការវិនិយោគនិងអភិវឌ្ឍន៍ និងការទទួលផលពីភាពប្រសើរនៃទីផ្សារ។
ឱកាស
បញ្ហានៃការឆ្លងរាលដាលជំងឺកូវីដ មិនមែនមានតែនៅកម្ពុជា ប៉ុន្តែមាននៅទូទាំងពិភពលោក ដែលជំងឺនេះមិនផុតរលត់នោះទេ ហេតុនេះយើងត្រូវរៀនរស់នៅជាមួយវា និងត្រូវតែបន្តការពារ ប៉ុន្តែអំឡុងពេលនេះ ទីផ្សារអចលនទ្រព្យនៅតែដំណើរការ។ វិស័យនេះនៅមានសន្ទុះ ធៀបនឹងឆ្នាំ២០២០។
លោកស្រី Grace Rachny បានបន្តថា “អ្វីៗពេលនេះ យើងមិនត្រូវភ័យខ្លាចទេ តែត្រូវថែរសុខភាពឲ្យបានល្អ ព្រោះឱកាសនៃការរីកចម្រើននៅតែមានបន្ត ដោយបច្ចុប្បន្នយើងឃើញមានសកម្មភាពអភិវឌ្ឍន៍ច្រើន នៅខ័ណ្ឌទួលគោក សែនសុខ ខ័ណ្ឌមានជ័យជាដើម។
ការវិនិយោគនិងអភិវឌ្ឍន៍
លោកស្រី Grace Rachny បានបន្តថា ក្នុងអំឡុងវិបត្តិនេះ យើងឃើញមានសញ្ញាវិជ្ជមានរវាងអ្នកទិញ និងអ្នកលក់ ដោយអ្នកទិញអាចមានលទ្ឋភាពច្រើន ក្នុងការចចារ ដើម្បីបង់ប្រាក់រយៈពេលវែង និងមានសកម្មភាពទិញលក់ច្រើន នៅតាមបណ្តាខេត្តមួយចំនួនដូចជា កំពត កែប កំពង់ស្ពឺ តាកែវជាដើម។
ការទទួលផលពីភាពប្រសើរនៃទីផ្សារ
ទីផ្សារអចលនទ្រព្យនៅតែមានសុខភាពល្អ បើទោះជាចរន្តទិញលក់ថមថយខ្លះៗក្តី ប៉ុន្តែវាអាចជាឱកាសល្អសំរាប់ការវិនិយោគផ្នែកដីធ្លីផងដែរ ដោយសារដីធ្លីកំពុងផ្តល់ឱកាសចំណេញច្រើន ធៀបជាមួយនឹងផ្នែកអចលនទ្រព្យផ្សេងៗទៀត។
លោកស្រី Grace Rachny Fong បានបន្តថា ការវិនិយោគដីធ្លី នៅមានឱកាសចំណេញច្រើននៅកម្ពុជា ជាមួយនឹងតម្លៃបន្តកើនឡើង។ ដោយមើលឃើញឱកាសបែបនេះ ទើបអ្នកវិនិយោគកាន់តែច្រើនបានចាប់យកឱកាសនេះ បន្ទាប់ពីពួកគេមានភាពសាំនឹងជំងឺកូវីដ ហើយពួកគេរៀនរស់នៅជាមួយកូវីដ និងបន្តប្រុងប្រយ័ត្នលើការថែរទាំសុខភាព៕