គំរោងអភិវឌ្ឍន៍បុរីចាប់ផ្តើមកំរើកឡើងវិញ ខណៈអ្នកអភិវឌ្ឍន៍មានសុទិដ្ឋិនិយម លើទីផ្សារលំនៅដ្ឋាន

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ខណៈអ្នកជំនាញលើកឡើថា អ្នកអភិវឌ្ឍន៍គម្រោងបុរីមួយចំនួន នៅកម្ពុជា នៅតែបន្តបង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ ខណៈអ្នកអភិវឌ្ឍន៍ភាគច្រើន នៅកម្ពុជាមានស្ថានភាពហិរញ្ញវត្ថុល្អ ដើម្បីបង្កើនការវិនិយោគរបស់គម្រោងអភិវឌ្ឍន៍របស់ខ្លួន។

លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានថ្លែងប្រាប់នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះថា ទោះជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍បុរីមួយចំនួន នៅតែបន្តបង្កើនការវិនិយោគជាបន្តបន្ទាប់ ដោយសារអ្នកអភិវឌ្ឍន៍ភាគច្រើននៅកម្ពុជាមានលំហូរសាច់ប្រាក់ល្អ សម្រាប់ពង្រីកគម្រោងអភិវឌ្ឍន៍របស់ខ្លួន។

លោកបានបន្តថា “ដោយសារតែអ្នកអភិវឌ្ឍន៍គម្រោងបុរីនៅកម្ពុជា ភាគច្រើនមានលំហូរសាច់ប្រាក់ ឬក៏ស្ថានភាពហិរញ្ញវត្ថុល្អហើយ បានជាអ្នកអភិវឌ្ឍន៍ទាំននោះនៅតែមានការពង្រីកជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងស្រុក”។ លោបានបន្តថា “គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ឬគម្រោងបុរីគឺការអភិវឌ្ឍរយៈពេលវែង”។

លោកបានឱ្យដឹងទៀតថា បើទោះជាតម្រូវការនៃការទិញតំបន់លំនៅដ្ឋាន មិនមានច្រើនដូចនៅមុនវិបត្តិកូវីដ១៩ ដូចជានៅឆ្នាំ២០១៨ និង២០១៩ក្តី ក៏ទីផ្សារលំនៅដ្ឋាននៅតែមានស្ថាភាពល្អជាងគេ បើធៀបជាមួយនឹងផ្នែកផ្សេងៗ នៃវិស័យអចលនទ្រព្យ គ្រោះដោយសារតែការអភិវឌ្ឍលំនៅដ្ឋាន(បុរី) ភាគច្រើនគឺផ្ដោតទៅលើអតិថិជនក្នុងស្រុក។

លោកបានថ្លែងបន្តថា បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍បុរី នៅតែទទួលបានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋថា កំពុងត្រូវការលំនៅឋាន ពិសេសអ្នកដែលមានកម្រិតមធ្យម។

ទាក់ទងនឹងការទិញលក់លំនៅដ្ឋាន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី  លោកឌឹត ចណ្ណាបានថ្លែងប្រាប់ផងដែរថា ចលនានៃការទិញលក់អចលនទ្រព្យ ពិសេសលំនៅដ្ឋាន បានចាប់ផ្តើមកម្រើកបន្តិច បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយដល់ការធ្វើដំណើររបស់ប្រជាជន។

លោកមើលឃើញថា សកម្មភាពទិញលក់មានការកម្រើកឡើង នៅជាយក្រុង ពិសេសការទិញលក់លំនៅដ្ឋាន នៅជាយក្រុង ហើយនៅតាមខណ្ឌនៅជាយក្រុង ឃើញមានសកម្មភាពកម្រើកឡើងវិញ ទាំងនៅខណ្ឌសែនសុខ និងខណ្ឌដង្កោជាដើម។

លោកបានថ្លែងបន្តថា មួយរយៈពេលចុងក្រោយនេះ តំបន់ជាយក្រុងនៅទិសទាំងអស់នៃរាជធានីភ្នំពេញ មានរីកលូតលាស់ព្រមគ្នាតែម្តង ខណៈតំបន់នៅជាយក្រុងនៅប៉ែកខាងកើតនៅមានតម្លៃសមរម្យជាងបន្តិច ដោយសារស្ពានមិនទាន់សាងសង់ ប៉ុន្តែចល​នានៃការទិញលក់នៅតែមាន។

លោកបានលើកឡើងថា “លំនៅដ្ឋានមានសន្ទុះឡើងវិញខ្លាំងជាងគេ នៅជាយក្រុងគ្រប់ទិសទាំងអស់នៃទីក្រុងភ្នំពេញ បើធៀបនឹងផ្នែកផ្សេងៗទៀត នៃវិស័យអចលនទ្រព្យ”។

លោកឌឹត ចណ្ណាបានថ្លែងថា ជាធម្មតា អ្នកវិនិយោគ ឬអ្នករកទទួលទាននៅក្នុងវិស័យអចលនទ្រព្យមិនសូវជាចេះនៅស្ងាមនោះទេ ហើយការបន្ធូរបន្ថយដល់ការធ្វើដំណើ​ររបស់ប្រជាជន បានធ្វើឱ្យប្រជាជន ពិសេសអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ចាប់ផ្តើមបន្តសកម្មភាពវិនិយោគរបស់ពួកគាត់ឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here