អ្នកជំនាញៈទីផ្សារអចលនទ្រព្យនៅតំបន់អរិយក្សត្រនៅតែមានភាពល្អប្រសើរ ខណៈការសាងសង់ស្ពានមិនទាន់កំណត់ពេលច្បាស់លាស់

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញបានអះអាងស្រដៀងគ្នាថា អចលនទ្រព្យនៅតំបន់អរិយក្សត្រ​នៅតែមានភាពល្អប្រសើរ ហើយសកម្មភាពនៃការទិញលក់បានចាប់ផ្តើមកំរើកឡើងវិញបណ្តើរៗហើយ។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខនឿនបានមានប្រសាសន៍ថា ចលនា​នៃ​ការទិញ លក់​អចលនទ្រព្យ​នៅ​តំបន់​អរិយក្សត្រ ​បានចាប់ផ្តើម​កម្រើក​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ ក្រោយពី​ថមថយ​ល្បឿន​បន្តិច​ក្នុង​ឆ្នាំ ២០២០​។ ការកម្រើក​ឡើងវិញ​នេះ អាច​បណ្តាលមកពី​កត្តា​ធំៗចំនួន២ គឺ​ការប្រកាស​ផ្តល់​ថវិកា​សាងសង់​ស្ពាន​របស់​រដ្ឋាភិបាល​កូរ៉េ និង​ការសម្លឹង​ឃើញ​រយៈពេល​វែង​របស់​អ្នកវិនិយោគ​។

លោក​បន្តថា​ “​អរិយក្សត្រ​ជា​តំបន់​ដ៏មាន​សក្តានុពល​ ដែល​មិនអាច​មើលរំលង ព្រោះ​​នៅពេល​មាន​ស្ពាន​ឆ្លងទន្លេ ទីនោះ​ប្រៀប​ដូច​តំបន់​ជ្រោយចង្វារនាពេលនេះ​”។

ដី​នៅ​អរិយក្សត្រ​តាមផ្លូវ​លេខ ៣៨០ (​ជាប់មាត់​ទន្លេ​) មាន​តម្លៃ​ជា​មធ្យម ​១ ០០០ ​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ដី​មាន​ចម្ងាយ​ពី​១-២ ​គីឡូម៉ែត្រ​ពី​មាត់ទន្លេ តម្លៃ​ពី១០០-២០០ ​ដុល្លារ និង​ចាប់ពី​ចម្ងាយ៥​គីឡូម៉ែត្រការ៉េ ​អាច​មាន​តម្លៃ​ក្នុង​រង្វង់​ពី​ ២០-១០០​ដុល្លារ​។

ជាមួយគ្នានេះ លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ប្រាប់ថា ទីផ្សារ​អចលនទ្រព្យ​តំបន់​អរិយក្សត្រ ​នៅតែ​រក្សាបាន​ភាពល្អប្រសើរ បើ​ទោះ​ជំងឺ​កូវីដ​១៩ កំពុង​បន្ត​រីករាលដាល ហើយ​គម្រោង​សាងសង់​ស្ពាន​នៅ​មិនទាន់​ចាប់ផ្តើម​។

លោក​បន្ថែមថា “ការរក្សា​បាន​នូវ​ភាពវិជ្ជមាន​នេះ គឺ​ដោយសារ​អរិយក្សត្រ​ជា​តំបន់​ដែល​នឹងមាន​សក្តានុពល​ខ្ពស់​ លើ​គ្រប់​វិស័យ​នៅពេល​អនាគត​”។លោកបន្ថែមថា “​អរិយក្សត្រ​គឺជា​ទីតាំង ​ដែលមាន​លក្ខណៈ​អំណោយផល ​សម្រាប់​ការវិនិយោគ​លើ​គ្រប់​វិស័យ”។

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែលជិតផុតអាណត្តិនាពេល​ឆាប់ៗនេះ លោក ឡុង ឌីម៉ង់បានមានប្រសាសន៍ថា ភាពល្អប្រសើរ​នៃ​កិច្ចសហប្រតិបត្តិការ​ការទូត និង​ពាណិជ្ជកម្ម បាន​ជំរុញ​ឱ្យ​ប្រទេស​កូរ៉េ​ផ្តល់​ជំនួយ និង​កម្ចី​ជា​បន្តបន្ទាប់​យកមក​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។

លោក​បន្តថា “ជាមួយ​នឹង​ភាពល្អប្រសើរ​នៃ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី នៃ​ប្រទេស​ទាំង២ ក៏​កំពុង​ត្រៀម​ចុះហត្ថលេខា​លើ​កិច្ច ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយគ្នា​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here