ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ឧកញ៉ាចេង ខេង ត្រូវបានគេដឹងថា ជាអ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជា និងមានបទពិសោធន៍ជាង២០ឆ្នាំលើវិស័យអចលនទ្រព្យនិងដីធ្លីនៅកម្ពុជា ហើយលោកក៏មានឈ្មោះជាអ្នកឧកញ៉ាមួយរូបផងដែរ ដែលអាចចាត់ទុកជាអ្នកមានមួយរូបនៅកម្ពុជា។
លោកឧកញ៉ាបានចែករំលែកនូវបទពិសោធន៍ភាពជាអ្នកមាន សម្រាប់យុវជនកម្ពុជា និងសាធារណជនទូទៅនៅក្នុងវេទិកាមួយកាលពីព្រឹកថ្ងៃទី៩កក្កដា ២០២១នេះ។ លោកឧកញ៉ាចេង ខេងបានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ព្រោះតែកើតមកជាអ្នកក្រទើបខំប្រឹងប្រែងឱ្យក្លាយជាអ្នកមាន ហើយមនុស្សគ្រប់គ្នាអាចក្លាយជាអ្នកមាន ព្រោះអ្នកមានមិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ឡើយ។
លោកឧកញ៉ាបន្តថា លោកកើតនៅក្នុងត្រកូលអ្នកស្រុកស្រែចំការ ហើយកាលដែលលោកមកដល់ភ្នំពេញដំបូង លោកស្ទើរតែរកបាយញ៉ាំសឹងមិនបានផង ប៉ុន្តែរហូតមកដល់ពេលនេះ លោកក៏បានក្លាយជាបុគ្គលម្នាក់ ដែលមានការទទួលស្គាល់នៅក្នុងសង្គម។
លោកបានថ្លែងដូច្នេះថា “មនុស្សម្នាក់ៗសុទ្ធតែមានភាពខ្លាំងរៀងៗខ្លួន ជាក់ស្ដែងបើយើងមិនខ្លាំងទេ ម្ល៉េះយើងមិនអាចកើតមកមើលភពផែនដីនេះបានទេ ប៉ុន្តែពេលយើងកាត់មកហើយ យើងចង់ក្លាយជាអ្នកមានកម្រិតណា។ បើសិនជាយើងមានឆន្ទៈចង់ក្លាយអ្នកមានហើយ តើយើងមានការតាំងចិត្តកម្រិតណា”។
លោកឧកញ៉ាបន្ថែម អ្នកមានល្បីៗ នៅលើពិភពលោកក គឺសុទ្ធតែកើតចេញពីត្រកូលអ្នកក្រ ហើយវាសុទ្ធតែជាគំរូ និងសាក្បីមួយ ដើម្បីផ្ដល់ថាមពលដល់មនុស្សទូទៅ ដែលចង់ក្លាយជាអ្នកមាន ជាក់ស្ដែងរូបលោកផ្ទាល់ លោកតែងតែគិតថា លោកជាកូនខ្មែរ លោកត្រូវតែជោគជ័យ និងត្រូវធ្វើអ្វីឱ្យសង្គមទទួលស្គាល់ ហើយពេលលោកបើកក្រុមហ៊ុន មិនត្រឹមតែសង្គមជាតិយើងទទួលស្គាល់ទេ តែត្រូវទទួលស្គាល់លំដាប់អន្តរជាតិផងដែរ។
លោកបន្ថែមទៀថា មនុស្សយើងកើតមកសុទ្ធតែមានក្ដីស្រម៉ៃ ហើយពេលខ្លះគ្រាន់តែគិត ក៏យើងមានអារម្មណ៍ថាសប្បាយចិត្តដែរ ប៉ុន្តែយើងត្រូវខំប្រឹងប្រែងសម្រេចឱ្យបានក្ដីស្រម៉ៃរបស់យើង ដើម្បីក្លាយជាអ្នកមានទៅតាមក្ដីស្រម៉ៃទាំងនោះ។
រហូតមកដល់ពេលនេះ លោកឧកញ៉ាចេងខេងក៏មានក្ដីស្រម៉ៃទៀតគឺនៅពេលលោកមានអាយុ៦០ឆ្នាំ លោកនឹងចែករំលែកបទពិសោធន៍ជាអ្នកមានហើយចែករំលែកនូវបទពិសោធន៍តាំងពីមុនរហូតដល់លោកអាយុ៦០ ។ តាមរយៈក្ដីសុបិន្តនេះ ក៏ធ្វើឱ្យមនុស្សម្នាក់ៗមានថាមពល ក្នុងការបន្តដំណើរការការងារ និងជីវិតរបស់យើង៕