ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញបានបង្ហើបពីតំបន់មួយចំនួននៅទីក្រុងភ្នំពេញ ពិសេសតំបន់នៅជាយក្រុង ដែលនៅតែមានសក្ដានុពល ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដែលអាចយកផលចំណេញបានខ្ពស់ ក្រោយវិបត្តិកូវីដ១៩បានបញ្ចប់។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល រៀលធី លោកស៊ា ឆៃលីន បានថ្លែងប្រាប់នៅក្នុងសប្តាហ៍នេះថា វិនិយោគិនគួរសម្លឹងការវិនិយោគនៅតំបន់ជាយក្រុងភ្នំពេញ ពិសេសនៅភាគខាងត្បូង និងក្រវាត់ក្រុងទីបី ដោយសារតែតំបន់នោះមានការអភិវឌ្ឍលឿន និងមិនទាន់មានការអភិវឌ្ឍន៍ឆ្អែត ដូច្នេះវិនិយោគនៅតែអាចរកផលចំណេញពីតំបន់ទាំងនេះបាន។
-->

លោកបានថ្លែងបន្តថា បើនិយាយពីការវិនិយោគអចលនទ្រព្យសម្រាប់ផលចំណេញ គឺភាគច្រើនគេនិយាយពីការវិនិយោគលើវិស័យដីធ្លីនេះតែម្តង។ លោកបានបន្តថា អំឡុងពេលដែលវិបត្តិនេះ នៅពេលដែលវិនិយោគិនឆ្លាតវៃណា អាចរកបានអចលនទ្រព្យណាមួយដែលមានតម្លៃក្រោមទីផ្សារ និងរួចទិញយកសម្រាប់យកផលចំណេញនាពេលអនាគត នេះគឺជាឱកាសមួយដ៏ល្អប្រសើរ ។
លោកបន្តថា ដើម្បីទទួលបានផលចំណេញ នៅពេលខាងមុខអ្នកវិនិយោគគួរ ការវិនិយោគពីពេលឥឡូវនេះនៅពេលដែលវិបត្តិកូវីដបញ្ចប់ តម្លៃអចលនទ្រព្យនឹងកើនឡើងខ្លាំង នៅពេលនោះហើយដែលអ្នកវិនិយោគទទួលបានផលចំណេញខ្ពស់ពីការវិនិយោគវិស័យអចលនទ្រព្យរបស់ខ្លួន។

ជាមួយគ្នានេះដែរ លោកឌឹត ចណ្ណានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានថ្លែងឱ្យដឹងថា ចលនានៃការទិញលក់អចលនទ្រព្យបានចាប់ផ្តើមកម្រើកបន្តិច បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយដល់ការធ្វើដំណើររបស់ប្រជាជន។
លោកបានថ្លែងថា ជាធម្មតា អ្នកវិនិយោគ ឬអ្នករកទទួលទាននៅក្នុងវិស័យអចលនទ្រព្យមិនសូវជាចេះនៅស្ងាមនោះទេ ហើយការបន្ធូរបន្ថយដល់ការធ្វើដំណើររបស់ប្រជាជន បានធ្វើឱ្យប្រជាជន ពិសេសអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យចាប់ផ្តើមបន្តសកម្មភាពវិនិយោគរបស់ពួកគាត់ឡើងវិញ។

ជាមួយគ្នានេះដែរ លោកមើលឃើញថា សកម្មភាពទិញលក់មានការកម្រើកឡើងនៅជាយក្រុង ពិសេសការទិញលក់លំនៅដ្ឋាន និងដីធ្លីនៅជាយក្រុង ហើយនៅតាមខណ្ឌនៅជាយក្រុង ឃើញមានសកម្មភាពកម្រើកឡើងវិញ ទាំងនៅខណ្ឌសែនសុខ និងខណ្ឌដង្កោជាដើម។

លោកបានថ្លែងបន្តថា មួយរយៈពេលចុងក្រោយនេះ តំបន់ជាយក្រុងនៅទិសទាំងអស់នៃរាជធានីភ្នំពេញមានរីកលូតលាស់ព្រមគ្នាតែម្តង ខណៈតំបន់នៅជាយក្រុងនៅប៉ែកខាងកើតនៅមានតម្លៃសមរម្យជាងបន្តិច ដោយសារស្ពានមិនទាន់សាងសង់ ប៉ុន្តែចលនានៃការទិញលក់នៅតែមាន៕