វិនិយោគិនអចលនទ្រព្យធំមួយនៅកម្ពុជាអះអាងថា កូវីដ១៩ជាឱកាសក្នុងការបន្ថែមល្បឿនវិនិយោគ

0

ដោយៈ លក្ខិណា

ភ្នំពេញ៖ អ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា អ្នកឧកញ៉ាសៀ ឬទ្ធី ដែលគេដឹងថាជាអ្នកវិនិយោគចម្រុះមួយនៅកម្ពុជា បានបញ្ជាក់ថានៅក្នុងវិបត្តិនៃជំងឺកូវីដ១៩អ្នកវិនិយោគមិនគួរបង្អង់ល្បឿននៃការវិនិយោគនោះទេ តែផ្ទុយទៅវិញគួរតែបន្ថែមល្បឿននិងនិយាយថានៅក្នុងវិបត្តិនេះ វាជាឱកាសនៃការបន្ថែមល្បឿនសម្រា់បវិនិយោគ។

អ្នកឧកញ៉ាសៀ ឬទ្ធីជាអ្នកវិនិយោគលើគម្រោងអគារខ្ពស់ៗនៅកម្ពុជា ជាអ្នកវិនិយោគលើលំនៅឋានតម្លៃសមរម្យដំបូងគេនៅកម្ពុជា ជាអ្នកវិនិយោគលើវិស័យដឹកជញ្ជូន និងតំបន់សេដ្ឋកិច្ចពិសេសផងដែរ ។ នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩អ្នកឧកញ៉ាថា បើសិនជាយើងបន្ថយល្បឿនឬពន្លត់ម៉ាស៊ីន អ្នកដទៃទៀតគេនឹងទៅ មុខចោលហើយ មិននៅចាំយើងទេ ដូច្នេះទោះយើងត្រូវសម្លឹងពីឱកាសនៅក្នុងពេលមានបញ្ហា ដែលអាចធ្វើការវិនិយោគជាបន្តបន្ទាប់ដោយសម្លឹងមើលទៅលើតើអ្វីដែលមានតម្រូវការនិងនៅតែមានទីផ្សារសម្រាប់រកប្រាក់ចំនេញនៅក្នុងវិបត្តិ ។

អ្នកឧកញ៉ាបន្តថា ជាការពិតណាស់កូវីដ១៩ ពិតជាធ្វើឱ្យមានបញ្ហានិងផលប៉ះពាល់ គ្រាន់តែថាមានវិស័យខ្លះប៉ះពាល់តិច វិស័យខ្លះទៀតប៉ះពាលខ្លាំង ក្នុងនោះយើងឃើញថាវិស័យទេសចរណ៍ទទួលផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ហើយវិស័យដែលពាក់ព័ន្ធនឹងទេសចរណ៍ក៏ប៉ះពាល់ដែរ ។ ប៉ុន្តែនៅក្នុងវិបត្តិនៃយើងឃើញថាវិស័យផ្សេងទៀតមិនត្រឹមតែមិនប៉ះពាល់ទេ វាបែរជារីកចម្រើនដូចជាវិស័យកសិកម្ម ។

អ្នកឧកញ៉ាបន្ថែមថាទន្ទឹមនឹងវិបត្តិកូវីដ១៩នេះដែរ ក៏មានវិនិយោគិនបរទេសបានចូលមកកម្ពុជាដើម្បីស្វែងរកដៃគូវិនិយោគនៅក្នុងប្រទេសកម្ពុជា ដូចជាវិនិយោគិនអាមេរិកនិងប្រទេសផ្សេង ។ អ្វីដែលកម្ពុជានិងវិនិយោគិនក្នុងស្រុកត្រូវធ្វើនោះគឺភាពស្របច្បាប់និងធនធានមនុស្សច្បាស់លាស់ដើម្បីបម្រើជូន វិនិយោគិនមកពីបរទេស ។ លោកថា “អ្នកវិនិយោគក្នុងស្រុកទាំងអស់ ត្រូវធ្វើអ្វីដែលស្របច្បាប់ ដូចជាបង់ពន្ធជូនរដ្ឋត្រឹមត្រូវ រកស៊ីមានបញ្ជីស្នាមច្បាស់លាស់ និងមានបុគ្គលិកដែលមានទំនួលខុសត្រូវនឹងការងារ ។ នៅពេលវិនិយោគិនបរទេសចូលមកគេនឹងចង់ចាប់ដៃរកស៊ីជាមួយគ្នា “។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យដឹងថា ស្ថិតនៅក្នុងវិបត្តិកូវីដ១៩នេះ កម្ពុជានៅតែទទួលបានទុនវិនិយោគជាបន្តបន្ទាប់ពីបរទេស និងវិនិយោគិនក្នុងស្រុកទៅលើការអភិវឌ្ឍគម្រោងវិនិយោគជាច្រើន ។ ការណ៍នេះ បានជំរុញឱ្យសេដ្ឋកិច្ចកម្ពុជានៅតែមានសកម្មភាពនិងជៀសវាងនូវការដួលរលំនៃសេដ្ឋកិច្ចនៅក្នុងវិបត្តិកូវីដ១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here