ដោយៈស៊ីវ ម៉េង
ព្រះសីហនុៈ សកម្មភាពទិញលក់ដីធ្លីនៅខេត្ត និងក្រុងព្រះសីហនុ បានចាប់ផ្តើមកំរើកឡើងវិញបណ្តើរៗហើយ។នេះបើតាម លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ។
លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា សកម្មភាពនៃការទិញលក់ដីធ្លី បន្ទាប់ពីភាពស្ងប់ស្ងាត់ដោយសារវិបត្តិកូវីដ បច្ចុប្បន្ននេះមានចលនាដោះដូរដូរធ្លីបណ្តើរៗហើយ ប៉ុន្តែសកម្មភាពទិញលក់ទាំងនោះ ស្ថិតនៅក្នុងទ្រង់ទ្រាយតូចនៅឡើយ។ លោកបន្តទៀតថា ចំណែកតម្លៃដីធ្លីមិនបានកើនឡើងនោះទេ ព្រោះក្នុងស្ថានភាពនេះ យើងពិបាកកំណត់ពីតម្លៃដីពិតប្រាកដណាស់ ដោយសារតម្លៃស្ថិតនៅលើការចចាររវាងអ្នកទិញ និងអ្នកលក់ជាក់ស្តែង។
លោកបន្តថា “សកម្មភាពទិញលក់បានចាប់ផ្តើម មានចលនាឡើងវិញនេះ ដោយសារការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ដែលប្រជាពលរដ្ឋអាចធ្វើដំណើរចេញចូលខេត្តព្រះសីហនុបាន”។ លោកបន្តថា “អ្វីៗបើសិនជាយើងដកបញ្ហាជំងឺកូវីដ១៩ចេញ សកម្មភាពសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ នឹងមានភាពប្រសើរឡើងវិញហើយ”។
លោកឃាង ភារម្យបានបន្តថា ជាមួយគ្នានេះសកម្មភាពនៃការសាងសង់ឡើងវិញ និងការសាងសង់គំរោងបន្ត លោកនៅតែសង្កេតឃើញថាគំរោងធំៗ ដែលជាគំរោងរបស់វិនិយោគិនអន្តរជាតិធំៗ ដែលមានលុយ Back Up គ្រប់គ្រាន់ ពួកគេនៅតែបន្តសាងសង់គម្រោងរបស់ពូកគេដដែល។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាធ្លាប់បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលមួយ ដែលនឹងមានការរីកចម្រើន កាន់តែលឿននាពេលអនាគត ខណៈអ្នកវិនិយោគអន្តរជាតិ យើងរំពឹងពួកគាត់ត្រលប់មកវិញនៅឆ្នាំ២០២២ខាងមុខនេះ។
លោកបន្តថា “អ្នកវិនិយោគចិនបានជ្រើសរើសរបៀបវិនិយោគជាសហគមន៍ ដែលបច្ចុប្បន្នយើងឃើញពួកគាត់់ បានបោះទុនវិនិយោគច្រើននៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុច្រើនជាងគេ”៕