ក្រុមហ៊ុននាវាកម្សាន្តធំបំផុតលើពិភពលោកសាងសង់អាផាតម៉ិនលក់លើនាវាជាមួយតម្លៃខ្ពស់កប់ពពក

0

ដោយៈសុខុម

អន្តរជាតិៈ យើងធ្លាប់តែឮថាផ្ទះបណ្ដែតទឹក ប៉ុន្តែពេលដែលឮថាផ្ទះប្រណីតប្រភេទអាផាតម៉ិន ត្រូវបានសាងសង់នៅលើនាវាកម្សាន្ត វាពិតជាស្ទើរមិនគួរឱ្យជឿ។ ទោះជាយ៉ាងណា វាជាការពិតមួយដ៏គួរឱ្យភ្ញាក់ផ្អើល។

ដោយមានប្រវែងវែងរហូតដល់ទៅ២២២ម៉ែត្រ Somnio នឹងក្លាយជានាវាកម្សាន្តធំបំផុតក្នុងពិភពលោក “ទាំងប្រវែង និងទំហំ” នៅពេលនាវានេះ ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៤។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅខែកក្កដា នេះ។

អាផាតម៉ិញដ៏ប្រណីតលើនាវាកំសាន្តធំជាងគេនេះ មានតម្លៃរហូតដល់១១លានដុល្លារអាមេរិកក្នុងមួយយូនីត។
នាវា Somnio ជាភាសាឡាតាំងដែលមានន័យថា “ក្ដីសុបិន” ត្រូវបានរចនាប្លង់ដោយក្រុមហ៊ុនឌីហ្សាញនាវាអង់គ្លេស Winch Design និងក្រុមហ៊ុនឌីហ្សាញនាវាស៊ុយអែត Tillberg Design of Sweden ហើយនឹងត្រូវសាងសង់ដោយក្រុមន័រវែស VARD ក្នុងតម្លៃប្រមាណ៦០០លានដុល្លារ។

នៅលើនាវាកម្សាន្តខ្នាតយក្សនេះ មានអាផាតម៉ិនប្រណីត រហូតដល់ទៅ៣៩យូនីតនៅលើជាន់ទាំង៦របស់វា ព្រមទាំងភោជនីយដ្ឋាន បារ និងក្លឹបមាត់ឆ្នេរខ្សាច់នៅលើនោះផងដែរ ជាមួយនឹងសេវាកម្មកម្រិតសណ្ឋាគារផ្កាយ៧។
ទោះជាយ៉ាងណា ដំណើរការទិញអាផាតម៉ិនប្រណីត នៅលើនាវាកម្សាន្តនេះត្រូវធ្វើឡើង “តាមរយៈការអញ្ជើញប៉ុណ្ណោះ”។ នេះមានន័យថា ទោះជាយើងមានលុយចង់ទិញដោយគ្មានការអញ្ជើញក៏មិនអាចទិញបានដែរ រីឯតម្លៃខ្ពស់កប់ពពកចាប់ពី១១លានដុល្លារឡើងទៅ។

អ្នកនាំពាក្យគម្រោងនេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន CNN Travel ថា អាផាតម៉ិនមួយចំនួនមានម្ចាស់កក់រួចទៅហើយ។

អត្តសញ្ញាណរបស់ម្ចាស់អាផាតម៉ិនទាំងនេះ នឹងត្រូវបានរក្សាការសម្ងាត់។អ្នកទិញទាំងនោះ នឹងទទួលបានសេវាបម្រើលំដាប់សណ្ឋាគារផ្កាយ៧ទាំង “សម្រាប់តម្រូវការនៅលើនាវា និងតម្រូវការនៅលើគោក” ហើយនេះមិនទាន់ទាំងរាប់បញ្ចូល ឯកសិទ្ធិពិសេសដែលពួកគេមានផ្ទះនៅលើនាវាកម្សាន្តធំបំផុតក្នុងពិភពលោកផងទេ។

យោងតាមសេក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនឌីហ្សាញ Winch Design ឱ្យដឹងថា អាផាតម៉ិននីមួយៗ ក្នុងចំណោមអាផាតម៉ិនទាំង៣៩យូនីត នឹងត្រូវដេគ័រទៅតាមការកុម្ម៉ង់របស់អ្នកទិញ ប៉ុន្តែកន្លែងហាត់ប្រាណ បណ្ណាល័យ ព្រមទាំងកន្លែងទទួលទានអាហារទាំងខាងក្នុង និងខាងក្រៅក៏ត្រូវបានផ្ដល់ជូនផងដែរ។

កាពីទែន Erik Bredhe ដែលជាសហស្ថាបនិកនាវាកម្សាន្ត Somnio បានចេញសេចក្តីថ្លែងការណ៍ថា “Somnio នឹងក្លាយជាកំពូលនាវាកម្សាន្ត ប្រភេទលំនៅដ្ឋានតែមួយគត់លើពិភពលោក ហើយត្រូវបានរចនាឡើងស្របតាមស្តង់ដារអន្តរជាតិ។ ម្ចាស់អាផាតម៉ិនទាំងនេះ នឹងទទួលបានបទពិសោធន៍រស់ពិសេស គ្មានពីរនៅតាមសមុទ្រជាមួយនាវិក និងកម្មវិធីដំណើរកម្សាន្ត ទូទាំងពិភពលោកឥតឈប់ឈរ ទៅកាន់គោលដៅដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here