ពង្រឹងស្តង់ដា! ក្រសួងទេសចរណ៍ ដាក់អោយដំណើរប្រឡងប្រណាំង“ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្នុងគោលដៅពង្រឹងស្តង់ដាចម្រុះក្នុងវិស័យនេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំដាក់ចេញចលនាប្រឡងប្រណាំង ”រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍” លើកទី ៣ ឆ្នាំ២០១៨-២០១៩។

ចលនាប្រលងប្រណាំងនេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ផ្នែកឯកជន ដែលជាសហគ្រាស ឬប្រតិបត្តិករ ឬសហគមន៍ ឬបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ពិសេសគាំទ្រដល់ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”។

កម្មវិធីប្រលងប្រណាំងនេះ នឹងបែងចែកប្រភេទពានរង្វាន់ជាច្រើនដូចជា រង្វាន់ធុរកិច្ចបៃតងនេះមាន៧ប្រភេទរង្វាន់ ដូចខាងក្រោម ទី ១  រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការថែរក្សាអនាម័យ និងបរិស្ថាន” (Environment Award) ទី២រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគោលការណ៍ ៣ Rs” (3Rs Award) ទី៣រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកសុខុមាលភាពសង្គម និងបេតិកភណ្វប្បធម៌” (Social Welfare and Cultural Heritage Award ទី៤ រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកកន្លែងធ្វើការដែលមានភាពល្អប្រសើរ” (Best Workplace Award)។

ទី៥ រង្វាន់សម្រាប់ “សហគ្រិនដែលមានស្នាដៃឆ្នើម” (Entrepreneur Award) ទី៦ រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការថែរក្សាឆ្នេរសមុទ្រ” (Beach Eco-Label Award) ទី៧ រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការប្រើប្រាស់ផលិត​ផលខ្មែរ” (Khmer Product Usage Award)។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ចលនាប្រឡងប្រណាំងធុរកិច្ចបៃតងនេះជាផ្នែកមួយ ចូលរួមដល់ការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការជម្រុញការអនុវត្តគោលការណ៍ “ទំនួលខុសត្រូវសង្គម” (Corporate Social Responsibility) របស់វិស័យឯកជន ពិសេសផ្តោតលើ ការបញ្ចូលទស្សនទាននៃ “ភាពស្អាត និងបៃតង” ទៅក្នុងគំរូអាជីវកម្មរបស់ខ្លួន ការចូលរួមការងារសង្គម ការងារបរិស្ថាន ការងារស្ម័គ្រចិត្ត និងចូលរួមលើកកម្ពស់ការងារសមរម្យ (Decent jobs) ដល់បុគ្គលិក និយោជិត ជាដើម។

ក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រតិបតិ្ដករទាំងអស់ នៅតាមរមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ កីឡាទេសចរណ៍ សហគមន៍ទេស​ចរណ៍ សាលាទេសចរណ៍ សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ និងផ្សារទំនើប ចូលរួមក្នុងការប្រឡងប្រណាំងនេះ ឲ្យបានផុសផុល ដោយអាចស្វែងរកព័ត៌មានលំអិត និងចុះឈ្មោះចូលរួមប្រកួតប្រជែង (ត្រឹមចុងខែកញ្ញា ឆ្នាំ២០១៨) គណៈកម្មការនឹងធ្វើការវាយតម្លៃស្របតាមនីតិវិធី ហើយជ័យលាភីនឹងត្រូវប្រកាសនាឱកាសទិវាជាតិទីក្រុងស្អាត ឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here