ដោយ វុត្ថា
ភ្នំពេញ៖ ក្នុងគោលដៅពង្រឹងស្តង់ដាចម្រុះក្នុងវិស័យនេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំដាក់ចេញចលនាប្រឡងប្រណាំង ”រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍” លើកទី ៣ ឆ្នាំ២០១៨-២០១៩។
ចលនាប្រលងប្រណាំងនេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ផ្នែកឯកជន ដែលជាសហគ្រាស ឬប្រតិបត្តិករ ឬសហគមន៍ ឬបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ពិសេសគាំទ្រដល់ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”។
-->

កម្មវិធីប្រលងប្រណាំងនេះ នឹងបែងចែកប្រភេទពានរង្វាន់ជាច្រើនដូចជា រង្វាន់ធុរកិច្ចបៃតងនេះមាន៧ប្រភេទរង្វាន់ ដូចខាងក្រោម ទី ១ រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការថែរក្សាអនាម័យ និងបរិស្ថាន” (Environment Award) ទី២រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគោលការណ៍ ៣ Rs” (3Rs Award) ទី៣រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកសុខុមាលភាពសង្គម និងបេតិកភណ្វប្បធម៌” (Social Welfare and Cultural Heritage Award ទី៤ រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកកន្លែងធ្វើការដែលមានភាពល្អប្រសើរ” (Best Workplace Award)។

ទី៥ រង្វាន់សម្រាប់ “សហគ្រិនដែលមានស្នាដៃឆ្នើម” (Entrepreneur Award) ទី៦ រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការថែរក្សាឆ្នេរសមុទ្រ” (Beach Eco-Label Award) ទី៧ រង្វាន់សម្រាប់ “ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការប្រើប្រាស់ផលិតផលខ្មែរ” (Khmer Product Usage Award)។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ចលនាប្រឡងប្រណាំងធុរកិច្ចបៃតងនេះជាផ្នែកមួយ ចូលរួមដល់ការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការជម្រុញការអនុវត្តគោលការណ៍ “ទំនួលខុសត្រូវសង្គម” (Corporate Social Responsibility) របស់វិស័យឯកជន ពិសេសផ្តោតលើ ការបញ្ចូលទស្សនទាននៃ “ភាពស្អាត និងបៃតង” ទៅក្នុងគំរូអាជីវកម្មរបស់ខ្លួន ការចូលរួមការងារសង្គម ការងារបរិស្ថាន ការងារស្ម័គ្រចិត្ត និងចូលរួមលើកកម្ពស់ការងារសមរម្យ (Decent jobs) ដល់បុគ្គលិក និយោជិត ជាដើម។
ក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រតិបតិ្ដករទាំងអស់ នៅតាមរមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ កីឡាទេសចរណ៍ សហគមន៍ទេសចរណ៍ សាលាទេសចរណ៍ សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ និងផ្សារទំនើប ចូលរួមក្នុងការប្រឡងប្រណាំងនេះ ឲ្យបានផុសផុល ដោយអាចស្វែងរកព័ត៌មានលំអិត និងចុះឈ្មោះចូលរួមប្រកួតប្រជែង (ត្រឹមចុងខែកញ្ញា ឆ្នាំ២០១៨) គណៈកម្មការនឹងធ្វើការវាយតម្លៃស្របតាមនីតិវិធី ហើយជ័យលាភីនឹងត្រូវប្រកាសនាឱកាសទិវាជាតិទីក្រុងស្អាត ឆ្នាំ២០១៩៕