ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ តំបន់ជាយក្រុងមួយចំនួន នឹងកាត់ចូលរាជធានីភ្នំពេញ ដើម្បីពង្រីកគ្រប់កាំររង្វង់១០០គីឡូម៉ែត្រក្រឡា សម្រាប់ចន្លោះឆ្នាំ២០១៥ ២០៣៥ខាងមុខ។
តំបន់ដែលគេកំពុងមើលឃើញថា នឹងត្រូវកាត់ចូលរាជធានីភ្នំពេញ អាចស្ថិតនៅទិសទាំង៤ នៃរាជធានីភ្នំពេញ រូមមានស្រុកកណ្តាលស្ទឹង ស្រុកពញ្ញាឮ ស្រុកមុខកំពូល ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល នៃខេត្តខេត្តកណ្តាលជាដើម។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ ឲ្យដឹងនាព្រឹកថ្ងៃទី១២ កក្កដានេះថា តាមរយៈអនុក្រិតស្តីពីការដាក់ឲ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ របស់រាជរដ្ឋាភិបាលបាននិងកំពុងបង្ហាញថា រដ្ឋាភិបាលបាននិងកំពុងពង្រីកនូវផែនការមេរបស់ខ្លួន ដើម្បីពង្រីកទីក្រុងបន្ថែម ដើម្បីឆ្លើយតបនឹងកំនើននគរូបនីយកម្ម សេដ្ឋកិច្ច និងកំនើនប្រជាពលរដ្ឋរបស់ក្រុងភ្នំពេញ ដែលរំពឹងនឹងកើនដល់៦លាននាក់នៅឆ្នាំ២០៣៥ខាងមុខ។
លោកបន្តថា “គោលនយោបាយបង្ខិតជនបទមកកាន់តែកៀករាជធានី និងពង្រីករាជធានីភ្នំពេញ ឲ្យស្របតាមនិន្នាការរីកចម្រើននៃសេដ្ឋកិច្ចសង្គម កំពុងធ្វើឡើងស្របគ្នានឹងការរីកចម្រើនរបស់ជាតិ”។លោកបន្តថា “ផែនការពង្រីកទទីក្រុងតាមបែបលំនាំាំទីក្រុងហូជីម៉ិញ ទីក្រុងហាណូយ និងប្រទេសក្នុងតំបន់ដទៃទៀត ជាដំណើរក្នុងទិសដៅត្រឹមត្រូវមួយ ដើម្បីកាត់បន្ថយភាពក្រីក្រផង និងពង្រីកមូលដ្ឋាននៃការរីកចម្រើនរបស់ប្រទេសជាតិផង”។
យោងតាមការសិក្សាមួយបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) នៅរាជធានីភ្នំពេញបច្ចុប្បន្នមានប្រមាណ៣០% នៃផលិតផលក្នុងស្រុកសរុប របស់ប្រទេសកម្ពុជា ដែលមានទំហំទឹកប្រាក់លើសពី១,៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
យោងតាមអនុក្រឹត្យស្ដីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញឆ្នាំ២០៣៥ ដែលចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរាជធានីភ្នំពេញ បច្ចុប្បន្នមានប្រហែល៣០%នៃផលិតផលក្នុង ស្រុកសរុបរបស់ប្រទេសកម្ពុជា គឺលើសពី១,៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ចំនួនប្រជាជនដែលធ្វើបម្លាស់ទី ទៅមកប្រចាំថ្ងៃចូលភ្នំពេញ គឺប្រហែល២៥០ ០០០នាក់ និងពលករ ដែលមកបំពេញការងារក្នុងរាជធានីភ្នំពេញ មានប្រមាណ៤០០ ០០០នាក់។ ដូច្នេះចំនួន “ប្រជាជន រស់នៅជាប្រចាំ”របស់រាជធានីភ្នំពេញមានប្រមាណច្រើនជាង២ ០០០ ០០០នាក់។
ការបោះទីតាំង នៃសកម្មភាពសេដ្ឋកិច្ចនានា ក៏មិនសុទ្ធតែស្ថិតនៅក្នុងព្រំដែនរដ្ឋបាលនៃរាជធានីភ្នំពេញសព្វថ្ងៃនេះដែរ ពោលគឺស្ថិតនៅក្នុងទីក្រុងតាខ្មៅ និងនៅតាមប ណ្ដោយផ្លូវជាតិលេខ៣និងលេខ៤។ អមផ្លូវជាតិលេខ៤ សព្វថៃ្ងទទួលរោងចក្ររោង៥០នៅក្នុងរយៈចម្ងាយ២០គីឡូម៉ែត្រ ដែលរាប់ពីព្រំដែនរដ្ឋបាលនៃរាជធានី។
យោងតាមអនុក្រឹត្យដដែលនេះឱ្យដឹងថា ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោនយោបាយជាតិស្ដីពី ការរៀបចំដែនដីរបស់រាជរដ្ឋាភិបាលកម្ពុជា ចក្ខុវិស័យនៃយុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍ រាជធានិភ្នំពេញ គឺភ្នំពេញជាក្រុងរាជធានី ជាបេះដូងរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅចំណុចពិសេសនៃប្រសព្វទន្លេបួនហៅថាទន្លេបួនមុខ ដែលជាអត្តសញ្ញាតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពលប្រកួតប្រជែង ជាមួយការអភិវឌ្ឍមួយប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព ។
ផែនការតម្រង់ទិសអភិវឌ្ឍន៍ផ្នែកនគរូបនីយកម្ម សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចរបស់រដ្ឋ ក្នុងផែនការដីរាជធានីភ្នំពេញ ឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ពិសេសដើម្បីតម្រង់ទិសការវិនិយោគសាធារណៈ និងឯកជន ក៏ដូចជាការវិនិយោគរបស់ដៃគូ អភិវឌ្ឍទាំងអស់ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣៥។ យុទ្ធសាស្ត្រនេះនឹងជួយសាលារាជធានីភ្នំពេញ ប្រជាជនទាំងអស់ វិនិយោគិនព្រមទាំងដៃគូអភិវឌ្ឍនានា ឱ្យចូលរួមអភិវឌ្ឍទីក្រុងប្រកបដោយសណ្ដាប់ធ្នាប់ល្អ ហើយក៏ធ្វើឱ្យមានវឌ្ឍនភាពដល់ការវិនិយោគនានាដោយកាត់បន្ថយ ឬបញ្ចៀសបាននូវហានិភ័យនានាជាអតិបរមា។
តាមផែនការរាជរដ្ឋាភិបាល នឹងយករាជធានីភ្នំពេញជាប៉ូល សេវាកម្មកណ្ដាលមួយក្នុងតំបន់ដែលប្រមូលផ្ដុំប្រជាជនជាង៦លាននាក់ នៅក្នុងកាំរង្វង់ចម្ងាយ១០០គីឡូម៉ែត្រជុំវិញ ដែលប្រហាក់ប្រហែលនឹងទីក្រុងធំៗមួយចំនួននៅអាស៊ាន ដូចជា ទីក្រុងបាងកក មានប្រជាជន៩លាននាក់ ទីក្រុងហូជីមិញមានប្រជាជន៧លាននាក់ ទីក្រុងហាណូយមាន៨លាននាក់ ទីក្រុងសិង្ហបុរីមាន៤លាននាក់ និងកូឡាឡាំពួរមាន៤លាននាក់៕