ដោយៈគង់ សូរិយា
ភ្នំពេញៈ រាជធានីភ្នំពេញចាប់តាំងពីឆ្នាំ១៩៩៨ បានរៀបចំផែនការតំរង់ទិសអភិវ ឌ្ឍន៍ ជាមួយចក្ខុវិស័យច្បាស់លាស់ ដើម្បីឆ្លើយតបនឹងការរីកចម្រើនសេដ្ឋកិច្ចសង្គម ដោយបច្ចុប្បន្នរាជធានីនេះ មានទំហំផ្ទៃដដីជាង៦៧៨គីម៉ែត្រក្រឡា។
ជាមួយផែនការអភិវឌ្ឍន៍ និងពង្រីកក្នុងកាំរង្វង់១០០គីឡូម៉ែត្រក្រឡា ដែលបានលើកឡើងក្នុងអនុក្រិតស្តីពីការដាក់ឲ្យអនុវត្តប្លង់ គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ដែលមានវិសាលភាពគ្របដណ្តប់ លើពេលវេលារហូតដល់ឆ្នាំ២០៣៥។
តើអ្វីជាចក្ខុវិស័យនៃយុទ្ឋសាស្រ្តតំរង់ទិសអភិវឌ្ឍរាជធានីនេះ? យោងតាមអនុក្រិតចុះលេខ១៨១ អ ន ក្រ បក ដែលបានផ្សព្វផ្សាយដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ការតំរង់ទិសអភិវឌឌ្ឍន៍ផ្នែកនគរូបនីយកម្ម សំដៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចរបស់រដ្ឋ ក្នុងដែនដីរាជធានីឲ្យមានប្រសិទ្ឋភាព និងនិរន្តរភាព ជាពិសេសដើម្បីតំរង់ទិសការវិនិយោគសាធារណៈ និងឯកជន ក៏ដូចជាការវិនិយោគរបស់ប្រទេសជាដៃគូអភិវឌ្ឍន៍ទាំងអស់ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣៥។
យុទ្ឋសាស្រ្តនេះ នឹងជួយសាលារាជធានីភ្នំពេញ ប្រជាជនទាំងអស់ វិនិយោគិន ព្រមទាំងដៃគូអភិវឌ្ឍនានា ឲ្យចូលររួមអអភិវឌ្ឍន៍ទីក្រុងប្រកប ដោយសណ្តាប់ធ្នាប់ល្អ ហើយក៏ធ្វើឲ្យមានវឌ្ឈនភាព ដល់ការវិនិយោគនានា ដោយកាត់បន្ថយឬបញ្ចៀសបាននូវហានោភ័យនានាជាអតិបរិមា។
គោលបំណងនិងគោលដៅនៃយុទ្ឋសាស្រ្តតំរង់ទិសអភិវឌ្ឍន៍
គោលបំណងនៃយុទ្ឋសាស្រ្តតំរង់ទិសអភិវឌ្ឍន៍ នគរូបនីយកម្មទីក្រុង គឺមានដូចជា ទី១ តំរង់ទិសនៃការប្រើប្រាស់ដីធ្លី និងធានាតម្លៃសក្តានុពល ដែលមានស្រាប់ក្នុងទីក្រុង ប្រកបដោយប្រសិទ្ឋភាពខ្ពស់ ចីរភាព សមធ៌ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ការធានាសន្តិសុខស្បៀង សោភ័ណភាព និងគុណភាពបរិស្ថាន ទី២ តំរង់ទិសការអភិវឌ្ឍដោយតុល្យភាព សមភាព និងភាពស៊ីចង្វាក់គ្នា រវាងរាជធានីភ្នំពេញ ទីក្រុងតូច បន្ទាប់ ខេត្តរបស់ប្រទេស និងទីក្រុងរបស់ប្រទេសនានា។
ទី៣ ធានាការលើកស្ទួយអត្តសញ្ញាណរាជធានីភ្នំពេញ ដើម្បីធ្វើសមាហរណកម្មទៅក្នុងតំបន់ និងប្រកួតប្រជែងជាមួយទីក្រុងនានាក្នុងតំបន់ សម្រាប់ការអភិវឌ្ឍក្នុងបរិបទដែលផ្តល់លទ្ឋភាពធំជាងពេលមុន ទាំងលើផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ។
គោលដៅ
គោលដៅនៃយុទ្ឋសាស្រ្តតំរង់ទិសអភិវឌ្ឍន៍រាជធានី សំដៅលើផែនការសំខាន់ៗចំនួន៨ រួមមាន ទី១ អភិវឌ្ឍន៍ប្រកបដោយចីរភាព ធានាបាននូវការផ្គត់ផ្គង់សេចក្តីត្រូវការ និងការទទួលខុសត្រូវ ចំពោះផលប្រយោជន៍របស់មនុស្សបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយ ទី២ គ្រប់គ្រងការពារប្រើប្រាស់សក្តានុពល និងអភិវឌ្ឍន៍ធនធានធម្មជាតិ ដោយកំណត់ឲ្យបានច្បាស់លាស់ជាមុននូវ ទីតាំងឬតំបន់ដែលត្រូវប្រើប្រាស់ សម្រាប់ការអភិវឌ្ឍថ្មី(តំបន់ ដែលទើបបញ្ចួលពីខេត្តកណ្តាល) និងការអភិរ័ក្សនូវតំបន់ ដែលសំបូរសំណង់បេតិកភ័ណ្ឌក្នុងទីក្រុងចាស់។
ទី៣ ធានានូវការប្រើប្រាស់ដីធ្លីសម្រាប់រយៈពេលវែង ដើម្បីឲ្យមានតុល្យភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ព្រមទាំងសោភ័ណភាពរាជធានីភ្នំពេញ។ ទី៤ ប្រើប្រាស់សក្តានុពល ដែលមានពីធម្មជាតិ(ទីតាំងតំបន់ចតុមុខ និងបឹងធម្មជាតិនានា)ឲ្យប្រសើរនិងមានប្រសិទ្ឋភាព ទៅតាមលក្ខណៈពិសេសនៃតំបន់និមួយៗ ទី៥ លើកកំពស់ជីវភាពប្រជាជនទីក្រុងឲ្យកាន់តែប្រសើរ និងកាត់បន្ថយជាអតិបរិមា នូវគម្លាតសង្កាត់ក ណ្តាលក្រុង និងសង្កាត់ជាយក្រុង ទី៦ ធានាការប្រើប្រាស់ ការអភិវឌ្ឍ និងការគ្រប់គ្រងដី តាមផែនការរៀបចំដែនដី និងផែនការប្រើប្រាស់ដី ប្រកបដោយសមភាពយេនឌ័រ និងគាំទ្រដល់ជីវភាពរស់នៅរបស់ក្រុមជនងាយរងគ្រោះ។
ទី៧ រៀបចំបន្ស៊ីការគ្រប់គ្រងដី ការអភិវឌ្ឍថ្មី និងការការពារតំបន់និមួយៗនៃរាជធានីភ្នំពេញ ឲ្យមានភាពសុខដុមរមនាជាមួយគ្នា និងស្របទៅតាមលក្ខខ័ណ្ឌ និងផែនការមេនៃការរៀបចំដែនដីរបស់ប្រទេស និងទី៨ ទប់ស្កាត់និងកាត់បន្ថយនូវហានិភ័យគ្រោះធម្មជាតិនានា ដែលបណ្តាលមកពីគំរោងអភិវឌ្ឍន៍។
អនុក្រិតដដែលបានបន្តថា ដើម្បីសម្រេចនូវគោលបំណង និងគោលដៅខាងលើ សាលារាជធានីភ្នំពេញ ត្រូវរៀបចំឯកសារគោលនយោបាយបញ្ជាក់ អំពីសេចក្តីប្រាថ្នាធំៗ នៃការអភិវឌ្ឍរបស់រដ្ឋលើ់ដែនដីរាជធានី សម្រាប់អនាគតឆ្នាំ២០៣៥ អមដោយផែនទីគោល(Master Schema) ដែលជាឯកសារបច្ចេកទេសបន្ថែមលើឯកសារ យុទ្ឋសាស្រ្តតំរង់ទិសអភិវឌ្ឍន៍ទីក្រុងនេះ ដោយកំណត់យកផែនទីមានមាត្រដ្ឋាន១/៥០០០០ខ្នាតUTM WG84 រៀបចំឡើងនៅឆ្នាំ២០១៥ ដោយមានការដាក់បញ្ចូលនូវគ្រប់ហេដ្ឋារចនាសម្ព័ន្ឋធំៗ នៃផ្លូវដែលមានទំហំលើសពី២០ម៉ែត្រឡើង ខ្សែផ្លូវដែក ប្រឡាយមេនានា បឹង បរិក្ខាធំៗនានាដូចជាកំពង់ផែ ស្ថានីយ៍រថភ្លើង អាកាសយានដ្ឋាន ស្ថានីយ៍រថយន្តក្រុង ដែល ជាលក្ខខ័ណ្ឌចាំបាច់គាំទ្រ ដល់ការអភិវឌ្ឍទីក្រុង៕