ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ផ្លូវក្រវាត់ក្រុងជាផ្លូវដ៏សំខាន់សម្រាប់ដឹកជញ្ជូន និងការធ្វើចរាចរណ៍របស់ពលរដ្ឋវាងរាជធានីភ្នំពេញ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍និងការកកស្ទះ ហើយផ្លូវក្រវាត់ក្រុង ក៏ជាកត្តាទាក់ទាញសម្រាប់វិស័យអចលនទ្រព្យផងដែរ។
ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានវិនិយោគលើទឹកប្រាក់រាប់រយលានដុល្លារ អភិវឌ្ឍន៍ផ្លូវក្រវាត់ក្រុងជាបន្តបន្ទាប់។
-->

រហូតមកដល់ពេលនេះ ផ្លូវក្រវាត់ក្រុងនៅរាជធានីភ្នំពេញ ឈានដល់ការអភិវឌ្ឍផ្លូវក្រវាត់ក្រុងទី៣ហើយ និងកំពុងបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំង ទៅលើការអភិវឌ្ឍអចលនទ្រព្យ ពង្រីកសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន ដែលធ្វើឱ្យវិនិយោគិនកាន់តែច្រើនចាប់អារម្មណ៍ ក្នុងការវិនិយោគនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុង ។
បើក្រលេកទៅមើលផ្លូវក្រវាត់ក្រុងទី៣ ដែលរដ្ឋាភិបាលកកំពុងតែជំរុញការអភិវឌ្ឍជាបន្តបន្ទាប់ ឃើញថា កំពុងតែមានភាពទាក់ទាញកាន់តែខ្លាំង ទៅលើការអភិវឌ្ឍអចលនទ្រព្យ ជាក់សែ្ដងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបាន និងពង្រីកឱកាសវិនិយោគនៅតំបន់ផ្លូវក្រវាត់ទី៣ ហើយក៏ធ្វើឱ្យតំបន់ដែលមានផ្លូវក្រវាត់ក្រុង កាន់មានសន្ទុះដីធ្លីមួយកម្រិតផងដែរ ។
បើតាមលោកសន សៀប ស្ថាបនិក និងជានាយកក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតបានឱ្យដឹងថា សន្ទុះតម្លៃដីធ្លីនៅតំបន់ភាគខាងត្បូងក្នុងពេលបច្ចុប្បន្ននេះ មានការកើនឡើងមួយកម្រិតទៀត ជាពិសេសនៅក្នុងខណ្ឌដង្កោក្នុងរាជធានីភ្នំពេញ ។ កត្តាដែលជំរុញឱ្យសន្ទុះតម្លៃដីធ្លីនៅតំបន់ទាំងនេះ បានកម្រើកមួយកម្រិតទៀតនោះ យើងមើលឃើញថាផ្លូវក្រវាត់ក្រុងដ៏សំខាន់ បានរត់កាត់តំបន់ខណ្ឌដង្កោ និងបែកខាងត្បូងរាជធានីភ្នំពេញ ហើយគម្រោងជាច្រើនទៀតក៏បាន និងកំពុងអភិវឌ្ឍន៍យ៉ាងមមាញឹកនៅក្នុងវិបត្តិកូវីដ១៩នេះ ។
លោកបន្តថា “ម្យ៉ាងទៀតនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនេះដែរ ក៏ឃើញថាមានការអភិវឌ្ឍនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មី ចាស់ ជាច្រើន ដែលធ្វើឱ្យវិនិយោគិនក្នុងនិងក្រៅប្រទេសចាប់អារម្មណ៍លើការអភិវឌ្ឍនមួយនេះ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានលើកឡើងផងដែរថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពិតជាមានសារសំខាន់ណាស់ក្នុងការទាក់ទាញ វិនិយោគិនក្នុងការបណ្ដាក់ទុនវិនិយោគ ហើយទីណាមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងនិងច្រើនតំបន់នោះ នឹងទទួលបានគម្រោងអភិវឌ្ឍន៍ច្រើន។
លោកបន្តថា “ដោយសារតែកត្តាទាំងនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងនៅភ្នំពេញ និងនៅតាមបណ្ដាខេត្ត ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តជាច្រើនទៀតផងដែរ”៕