រដ្ឋាភិបាលនឹងកំណត់តំបន់លំនៅដ្ឋានលើផ្ទៃដីទំហំ៣៣០០ហិកតាក្នុងគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ តំបន់លំនៅឋាន ក្នុងផែនទីប្លង់គោលប្រើប្រាស់ដី គម្រោងអភិវឌ្ឍក្រុងបូកគោ ត្រូវបានកំណត់ឱ្យសាងសង់លើផ្ទៃដី ប្រមាណ៣.៣៩០ហិកតា ខណៈប្រភេទដីអាចសាងសង់បានត្រូវបានកំណត់ជា៩តំបន់សំខាន់ៗ។

ផ្អែកលើផែនទីប្លង់គោលប្រើប្រាស់ដី គម្រោងអភិវឌ្ឍក្រុងបូកគោ ចក្ខុវិស័យឆ្នាំ២០៣៥ ប្រភេទដីអាចសាង សង់បានត្រូវបានកំណត់ជា៩តំបន់សំខាន់ៗ រួមមានតំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់ចម្រុះ តំបន់ទឹក ជញ្ជូន តំបន់ទេសចរណ៍ តំបន់រដ្ឋបាលនិងសេវាកម្មសាធារណៈ តំបន់លំហសាធារណះ និងផ្ទៃបៃតង តំបន់វប្បធម៌ និងសាសនា និងតំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស។

បទប្បញ្ញត្តិនៃការសាងសង់ ក្នុងតំបន់នីមួយៗត្រូវមានផល ធៀបផ្ទៃក្រឡាបាតសំ​ណង់ធៀបនឹងផ្ទៃដីឡូត៍ សួនច្បារជ្រាបទឹក ការដាំដើមឈើ ជួរតម្រង់ ធ្លាគម្លាត កម្ពស់ ចំណត រថយន្ត អាងបង្គន់អនាម័យ អាងប្រព្រឹត្តកម្មទឹកកខ្វក់ ពណ៌អគារ សោភ័ណភាព និងមានរចនាបថស្ថាបត្យកម្មខ្មែរ និង/ ឬមានធម្មជាតិត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិជាធរមាន និងបែងចែកជាតំបន់ប្រើប្រាស់ដី។

តំបន់លំនៅឋាន តំបន់នេះស្ថិតនៅគម្រោងអភិវឌ្ឍទាំង៨ទីតាំង នៃគម្រោងអភិវឌ្ឍក្រុងបូកគោ មានផ្ទៃដីប្រមាណ៣៣៩០ហិកតា ស្មើនឹង៣៧,៨៥% នៃផ្ទៃដីអាចសាងសង់បានក្នុងគម្រោងអភិវឌ្ឍក្រុងបូកគោ។ តំបន់លំនៅឋានត្រូវបានបែងចែក ជាតំបន់លំនៅឋានដាច់ពីគ្នា ដែលមានកម្ពស់ទាប តំបន់លំនៅ ឋានជាប់គា្នកម្ពស់ទាប តំបន់លំនៅឋានដែលមានកម្ពស់មធ្យម តំបន់លំនៅឋានមានកម្ពស់ខ្ពស់ និងតំបន់លំនៅឋានចម្រុះ។
ដោយពិនិត្យទៅលើសក្តានុពល ក៍ដូចជា ប្រវត្តិសាស្ត្រ ក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះធ្វើការសិក្សាស្រាវជ្រាវក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ឃើញថា ទីតាំងនេះជាអតីតទីក្រុងប្រវត្តិសាស្ត្រនៅឆ្នាំ ១៩២៥-១៩៦២ ដ៍មានសក្ដានុពល ដែលមានអាកាសធាត់ ត្រជាក់ល្អបរិសុទ្ធ ទេសភាពធម្មជាតិតំបន់ភ្នំ-សមុទ្រដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា។

តំបន់បូកគោ ជាគោលដៅទេសចរណ៍ប្រណីតកម្រិតខ្ពស់ និងមានហេដ្ឋារចនាសម្ព័ន្ធជាទីក្រុងរដ្ឋបាល ដែលបានបន្សល់ទុករហូតមកដល់បច្ចុប្បន្ន ដូចជាអគាររដ្ឋបាល ព្រះរាជដំណាក់ លំនៅឋាន អគារសេវាកម្ម សាលាក្រុង ប្រៃសណីយ៍ អគារសុរិយោដី សាលារៀន វត្តអារាម ព្រះវិហារកាតូលិក គិលានដ្ឋាន ប៉ុស្តិ៍នគរបាល ទីបញ្ជាការយោធា សណ្ឋាគារ ស្ថានីយទឹកស្អាត ស្ថានីយ អគ្គិសនី ទំនប់ទឹកបារាំង។ល។

ផ្អែកតាមរបកគំហើញនៃការសិក្សាស្រាវជ្រាវនេះ ក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ ដែលមានអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិជាសេនាធិការ បានផ្តួចផ្តើមសិក្សា និងរៀបចំប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ មានទីតាំងស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” នៃភូមិសាស្ត្រខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ មានផ្ទៃក្រឡាប្រមាណ ២៧ ៩៤៣ ហិកតា ស្មើនឹង១៨,០៩% នៃផ្ទៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ទំហំ១៥៤ ៥៤២ហិកតា។

អនុលោមតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការកំណត់តំបន់ការពារធម្មជាតិ និងអនុក្រឹត្យ លេខ ១៧១ អនក្រ.បក ចុះ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស”បូកគោ” និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ “គិរីរម្យ” ក្នុងគោលដៅធានាការគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុងបូកគោប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here