គម្រោងអភិវឌ្ឈន៍ធំៗចំនួន៦របស់រដ្ឋាភិបាលនិងវិស័យឯកជនកំពុងលើកកំពស់សក្តានុពលខេត្តបាត់ដំបង

0

ដោយៈស៊ីវ ម៉េង

បាត់ដំបងៈ គំរោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋស្នូល ដែលមានគោលដៅធ្វើពិពិធកម្ម និងទាញតម្លៃបន្ថែមផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាល និងការវិនិយោគពីវិស័យឯកជនកំពុងជំរុញ និងលើកស្ទួយសក្តានុពលខេត្តបាត់ដំបង។

ផ្លូវជាតិលេខ១០
បច្ចុប្បន្នផ្លូវជាតិជាប្រវត្តិសាស្រ្ត ដែលតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ទៅកាន់ខេត្តពោធិសាត់ និងតភ្ជាប់ទៅកាន់ខេត្តកោះកុង សម្រេចបានប្រមាណ៦០ភាគរយហើយ ខណៈវាជាផ្លូវប្រវត្តិសាស្រ្ត ដែលតភ្ជាប់តំបន់ភូមិភាគពាយ័ព្យ ទៅកាន់តំបន់ឆ្នេរជាលើកដំបូង។

ផ្លូវជាតិ១ខ្សែ ដែលទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលចិននេះ ជាផ្នែកមួយនៃការដឹកជញ្ជូនកសិផលដ៏សម្បូរបែបពីភូមិភាគពាយ័ព្យ ទៅកាន់តំបន់ឆ្នេរ ដើម្បីនាំចេញទៅកាន់ប្រទេសទី៣ ដែលជាផ្នែកមួយនៃការពង្រឹងឯករាជ្យភាពផ្នែកសេដ្ឋកិច្ចកម្ពុជា សមាហរណកម្មផ្ទៃក្នុង និងលើកកំពស់សេដ្ឋកិច្ចជាតិ។ នេះបើតាមការឲ្យដឹងពីលោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន។

ការស្តារព្រលានយន្តហោះ
រដ្ឋាភិបាលតាមរយៈក្រុមការងារអន្តរក្រសួង បានសិក្សាលើផែនការស្តារឡើងវិញនូវព្រលានយន្តហោះខេត្តបាត់ដំបង ដែលបានបោះបង់ចោលអស់រយៈពេលរាប់ទសវត្សរ៍ឡើងវិញ ដើម្បីសម្រួលដល់ការតភ្ជាប់ការដឹកជញ្ជូនផ្នែកផ្លូវអាកាស​ ក៏ដូចជាជម្រុញសក្តានុពលរបស់ខេត្តដែលមានស្រាប់នេះ។

ទោះជាយ៉ាងណាការសិក្សា លទ្ឋភាពស្តារឡើងវិញនូវព្រលាននេះ ក្នុងទំហំកម្រិតណា និងចំណាយអស់ទឹកប្រាក់ប៉ុន្មាន មិនទាន់មានរបាយការណ៍សិក្សាបញ្ជាក់លំអិតទេ ដោយសារបញ្ហាជំងឺកូវីដ១៩ ដែលកំពុងសបន្លាយ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការសិក្សាលទ្ឋភាពស្តារឡើងវិញ នូវព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានផ្អាកដោយសារបញ្ហារីករាលដាលជំងឺកូវីដ១៩។

ផ្លូវតភ្ជាប់ពីខេត្តសៀមរាប
កាលពីពេលថ្មីៗនេះ លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា រដ្ឋាភិបាលមានផែនការសាងសង់ផ្លូវមួយខ្សែ តភ្ជាប់ពីក្រុងសៀមរាប មកកាន់ក្រុងបាត់ដំបង ដែលផ្កូវនេះមានប្រវែងប្រមាណ៦០គីឡូម៉ែត្រ។

លោកបន្តថា ផ្លូវមួយខ្សែនេះ តាមគំរោងនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប ដើម្បីសាងសង់ប៉មធំមួយ សំរាប់ឲ្យភ្ញៀវទេសចរណ៍សំរាកលំហែរកាយ និងគយគន់ទេស​ភាពទន្លេសាប ដែលគំរោងបែបនេះត្រូវបានរៀបចំនៅប្រទេសកូរ៉េ ជប៉ុន ទីក្រុងហុងកុងរួចហើយ។

លោកបន្តថា “ការសាងសង់ផ្លួវនេះជាផែនការអាទិភាពមួយ ដែលឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកចង់បានណាស់”។

ការលើកស្ទួយទេសចរណ៍
នៅក្នុងការរៀបចំផែនការមេតភ្ជាប់ខ្សែចង្វាក់ទេសចរណ៍ ដើម្បីឲ្យភ្ញៀវទេសចរណ៍អន្តរជាតិចំណាយប្រាក់កាន់តែច្រើន និងស្នាក់នៅកាន់តែយូរនៅកម្ពុជា រដ្ឋាភិបាលមានគោលដៅលើកស្ទួយទេសចរណ៍ខេត្តបាត់ដំបង ដោយធ្វើយ៉ាងណាទាក់ទាញភ្ញៀវពីក្រុងសៀមរាប មកទស្សនា​និងស្នាក់នៅខេត្តបាត់ដំបង តាមរយៈផ្លូវជាតិមួយខ្សែដែលតភ្ជាប់ពីក្រុងសៀមរាប មកកាន់ក្រុងបាត់ដំបងនាពេលខាងមុខ។

ប៉ុន្តែទោះជាយ៉ាងណា ការសាងសង់ផ្លូវមួយខ្សែនេះចេញពីតំបន់ណា មកភ្ជាប់នៅខេត្តបាត់ដំបងនៅតំបន់ណា មិនទាន់មានការបញ្ជាក់ឲ្យដឹងនៅឡើយទេ ខណៈវាស្ថិតនៅ​ក្នុងផែនការនៅឡើយ។

ផ្លូវជាតិលេខ៥
ផ្លូវជាតិលេខ៥ ដែលមានប្រវែងដ៏វែង និងតភ្ជាប់ពីព្រំដែនប្រទេសថៃ កាត់វាលទំនាបកណ្តាលប្រទេសកម្ពុជា និងឆ្ពោះទៅកាន់ប្រទេសវៀតណាម ដែលទទួលបានហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលជប៉ុនជាង៥០០លានដុល្លារ នឹងក្លាយជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយ ក្នុងការលើកស្ទួយសេដ្ឋកិច្ចតំបន់។

ផ្លូវជាតិមួយខ្សែនេះ ក៏តភ្ជាប់ជាមួយនឹងផែនការអភិវឌ្ឍន៍នៃយុទ្ឋសាស្រ្តត្បូង ត្បូងរបស់អាស៊ាន ដែលផ្លូវនេះត្រូវបានចាត់ទុកថា ជាផ្លូវហាយវេរបស់អាស៊ាន ដែលនឹងជួយសម្រូលលំហូរពាណិជ្ជកម្ម ទេសចរណ៍ ឧស្សាហកម្មផងដែរ ដែលធ្វើឲ្យខេត្តស្ថិតនៅស្របតាមផ្លួវនេះ ទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងទាញតម្លៃបន្ថែមផ្នែកសេដ្ឋ​កិច្ចមួយកម្រិតទៀត។

គំរោងអភិវឌ្ឍន៍ទំហំ៥០០ហិកតា
ជាមួយនឹងផែនការប្រកបដោយមហិច្ឆតា អ្នកឧកញ៉ាឡេង ណាវ៉ាត្រាបាននិងកំពុងវិនិយោគលើផ្ទៃដី៥០០ហិកតា នៅកៀកក្រុងបាត់ដំបង ដើម្បីសាងសង់រមណីយដ្ឋាន លំនៅដ្ឋាន សេវាកម្មលំហែរកាយ មជ្ឈមណ្ឌលពាណិជ្ជកម្មនៅខខេត្តនេះផងដែរ។

គំរោដ៏ធំនេះ កំពុងធ្វើឲ្យតម្លៃដីធ្លីនៅក្រុងបាត់ដំបង ឡើងថ្លៃមួយកម្រិតទៀត ពិសេ​សការប្រកាសស្តារឡើងវិញ នូវព្រលានយន្តហោះក្រុងបាត់ដំបង បានធ្វើឲ្យទីក្រុងនេះកាន់តែទាក់ទាញការវិនិយោគកាន់តែ​ច្រើន ពីវិនិយោគិនជាតិ និងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here