ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ នៅក្នុងវិបត្តិកូវីដ១៩មានមនុស្សមិនតិចទេ ដែលនិយាយពីផលប៉ះពាល់ និងបាត់ប្រាក់ចំណូលយ៉ាងច្រើន តែសម្រាប់បុគ្គលមួយចំនួនទៀតបែរជាចាប់យកឱកាសនេះ ដើម្បីរកប្រាក់ចំណេញបានទៅវិញ។
ជាការកត់សម្កាល់នៅក្នុងពេលមានវិបត្តិនេះ តម្លៃដីធ្លីនៅនៅតំបន់មួយចំនួនបានធ្លាក់ចុះ ជាពិសេសសម្រាប់ម្ចាស់អចលនទ្រព្យ ដែលមានបញ្ហាហិរញ្ញវត្ថុនៅក្នុងពេលវិបត្តិ ដែលធ្វើឱ្យអ្នកមានទុនបានចាប់យកឱកាសនេះ ទិញទុកចំណេញនៅពេលអនាគត។
-->
លោកឧកញ៉ានួន អកអ្នកវិនិយោគអចលនទ្រព្យមួយរូបនៅកម្ពុជាបានឱ្យដឹងថា វិបត្តិកូវីដ១៩នាពេលបច្ចុប្បន្ននេះ លោកមើលឃើញថា វាគ្រាន់តែជាបញ្ហាបណ្ដោះអាសន្នប៉ុណ្ណោះ។ នៅក្នុងដំណាក់កាលនេះមានអ្នកមួយចំនួនរវល់តែភ័យខ្លាច ខណៈអ្នកមានលុយមួយចំនួនទៀត បានយកឱកាសនេះ ដើម្បីរកប្រាក់ចំនេញរបស់ពួកគេ តាមរយៈដើររកទិញដីធ្លី ដែលមានម្ចាស់មានបញ្ហាហិរញ្ញវត្ថុទុកចំណេញ នៅពេលចប់វិបត្តិកូវីដ១៩។

លោកបានថ្លែងដូច្នេះថា “មិនត្រឹមតែអ្នកវិនិយោគនោះទេ សូម្បីតែពលរដ្ឋទូទៅក៏ដោយ បើសិនជាមានឱកាស ក្នុងការវិនិយោគបានគួរតែវិនិយោគទៅ ពីព្រោះថានៅក្នុងអំឡុងពេលនេះ ជាពេលវេលាមួយដែលអ្នកទិញ មានឥទ្ធិពលទៅលើអ្នកលក់ ដូចជាលក្ខខ័ណ្ឌក្នុងការបង់ប្រាក់ និងទទួលបានការបញ្ចុះតម្លៃច្រើនទៀតផង”។
លោកឧកញ៉ាបន្តថា សម្រាប់អ្នកវិនិយោគដីធ្លីក៏ដូចគ្នាដែរ ក្នុងខណៈនេះ បើសិនជាពួកគេមានលុយក្នុងការស្វែងរកទិញអចលនទ្រព្យជាពិសេសដីធ្លី ពួកគេនឹងទទួលបាននូវដីធ្លីដែលមានតម្លៃសមរម្យទាបជាងទីផ្សារ និងនៅតំបន់ដែលមានសក្ដានុពលខ្ពស់។
លោកបញ្ជាក់ថា សម្រាប់រូបលោកជាអ្នកវិនិយោគមួយរូប ពេលនេះគឺជាពេល ដែលត្រូវសម្រុកវិនិយោគហើយ ពីព្រោះថាស្ថានភាពអចលនទ្រព្យនៅដើមឆ្នាំ២០២២ខាងមុខនេះ នឹងល្អប្រសើរឡើងវិញ ខណៈរដ្ឋាភិបាលកម្ពុជា និងប្រទេសលើពិភពលោកកក៏កំពុងសម្រុកចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគេដូចគ្នា ដូច្នេះនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ស្ថានភាពកូវីដ១៩នឹងថមថយហើយវិនិយោគិនជាតិ និងអន្តរជាតិនឹងចាប់ផ្ដើមសកម្មភាពទាំងគេទាំងយើង ពេលនោះជាពេលវេលាប្រជែងគ្នា ហើយបើសិនជាយើងបានត្រៀមខ្លួនមុននោះយើងនឹងដើរមុនគេបានមួយជំហានហើយ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យដទៃទៀតក្រៅពីលោកឧកញ៉ានួន អកក៏បានបញ្ចេញទស្សនៈស្រដៀងលោកថា វិស័យអចលនទ្រព្យនឹងនៅតែមានការរំពឹងទុកថានឹងវិលត្រលប់មកល្អប្រសើរឡើងវិញនៅពេលឆាប់ៗនេះ ហើយវិនិយោគិនបរទេសនឹងត្រលប់មកកាន់កម្ពុជាវិញនៅពេលដ៏ខ្លីខាងមុខនេះ ជាពិសេសវិនិយោគិនចិនតែម្ដង៕