ក្រុងបូកគោថ្មីត្រៀមស្វាគមន៍ក្រុមប្រឹក្សាក្រុង ស្របពេលការឃោសនារកសម្លេងឆ្នោតកំពុងបន្ត

0

ដោយៈគង់ សូរិយា

កំពតៈ ក្រុងបូកគោ ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ បាននិងកំពុងត្រៀមបោះឆ្នោតជ្រើសរើសសមាជិក និងប្រធានក្រុមប្រឹក្សាក្រុង ស្របពេលការឃោសនារកសម្លេងឆ្នោតបានចាប់ផ្តើមកាលពីចុងសប្តាហ៍មុន។

ការឃោសនារកសម្លេងឆ្នោតបានចាប់ផ្តើម កាលពីថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១​នេះ គឺជា​ថ្ងៃ​ដំបូង​នៃ​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ ក្រុមប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្តកំពត ក្នុងនោះ​មាន​គណបក្សនយោបាយ​ចំនួន​២ ក្នុងចំណោម គណបក្សនយោបាយ​ទាំង​៤ បានធ្វើ​សកម្មភាព​ឃោសនា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា នេះ​បើតាម​ការបញ្ជាក់​ពី គ​.​ជ​.​ប​។​

បើតាម គ​.​ជ​.​ប គណបក្ស​ប្រជាជន​កម្ពុជា បានចេញឃោសនាដោយមាន​រថយន្តចំនួន​៧០គ្រឿង និង​ម៉ូតូ​ចំនួន​៣០គ្រឿង និងមានអ្នកចូលររួមសរុបចនួន​២០០ នាក់​។ ចំណែក​គណបក្ស​សញ្ជាតិ​កម្ពុជា​ គឺមាន​រថយន្តចំនួន​២គ្រឿង និង​ម៉ូតូ​ចំនួន៥គ្រឿង សរុប​អ្នកចូលរួម​មាន​ចំនួន​២០នាក់​។

លោក​បណ្ឌិត តែ ជិន​ណា​រិ​ទ្ធ ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តកំពតដែល​បាន​ចូលរួម​ឃ្លាំមើល​សកម្មភាព​ ឃោសនា​នៅថ្ងៃនេះ​បានឱ្យដឹងថា អ្នកចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​បាន​អនុវត្ត និង​គោរព​តាម​វិធានការ​បង្ការ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​បាន​យ៉ាង​ល្អ​។

លោក​បាន​បន្តថា “សកម្មភាព​ឃោសនា​ប្រព្រឹត្ត​ទៅដោយ​រលូន មាន​សណ្តាប់ធ្នាប់ និង​បាន​ទៅដល់​គោលដៅ​ដែល​បាន​កំណត់ដោយ​សន្តិ​វិ​ធី”។

ការឃោសនាបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ មានរយៈ​ពេល​៨​ថ្ងៃ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង​៦ព្រឹក ដល់​ម៉ោង​១០​យប់​។ គ្រប់​សកម្មភាព​ឃោសនាបោះឆ្នោត​ត្រូវ​បញ្ចប់២៤​ម៉ោង មុន​ថ្ងៃ​បោះឆ្នោត​។ ចំពោះ​ការរៀបចំ​ក្បួនព្យុហយាត្រា ឬ​ក្បួន​ដំណើរ​ដោយ​ក្រុម​ថ្មើរជើង ឬ​ដោយ​យានជំនិះ​គ្រប់​ប្រភេទ​នៅក្នុង​មណ្ឌល​ត្រូវ​កំណត់២ដង ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត៕

LEAVE A REPLY

Please enter your comment!
Please enter your name here