គម្រោងវិនិយោគព្រលានយន្តហោះថ្មីនៅខេត្តកោះកុងត្រូវបានពន្យាពេលសាងសង់

0

ដោយៈ ប៊ី

ភ្នំពេញៈ គម្រោងសាងសង់ព្រលានយន្តហោះថ្មី ដែលជាការវិនិយោគរួមគ្នា ដោយក្រុមហ៊ុនអ្នកឧកញ៉ាលី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airway របស់ថៃ នៅក្នុងខេត្តកោះកុង ត្រូវបានពន្យារពេលសាងសង់ ដោយសារវិបត្តិកូវីដ១៩។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរី វុត្ថាបានមានប្រសាសន៍ឱ្យដឹងកាលពីថ្មីៗនេះថា អ្នកវិនិយោគព្រលានយន្តហោះថ្មី នៅក្នុងខេត្តខេត្តកោះកុង, បាត់ដំបង និងមណ្ឌលគិរី បានពន្យាពេលសាងសង់ព្រលានយន្តហោះ ដោយរង់ចាំមើលលើវិស័យដឹកជញ្ជូនល្អប្រសើរឡើងវិញ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

លោកបានឱ្យដឹងថា “អ្នកវិនិយោគព្រលានយន្តហោះ ពិតជាមានការបារម្ភ ដោយ​សារថាការរីករាលដាលជំងឺកូវីដ១៩ មានស្ថានភាពធ្ងន់ធ្ងរ។ ដូច្នេះអ្នកវិនិយោគពួកគាត់ មិនមានភាពច្បាស់លាស់ ក្នុងការគណនាថា ពេលណាជំងឺនេះ មានភាពធូរស្បើយ ហើយពេលណាទើបការដឹកជញ្ជូន មានការរីកចម្រើនឡើងវិញ នេះហើយជាកត្តាធ្វើឲ្យពួកគាត់ មានការពន្យារពេលវិនិយោគ ទៅលើព្រលានយន្តហោះ”។

លោកបានឲ្យដឹងទៀតថា ការពន្យារពេលវិនិយោគ ទៅលើព្រលានយន្តហោះនេះ រួមមាន ព្រលានយន្តហោះ ដែលស្ថិតនៅខេត្តកោះកុង ដែលត្រូវវិនិយោគដោយ ក្រុមហ៊ុន Bangkok Airway ជាមួយក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី យ៉ុងផាត់។

គម្រោងវិនិយោគព្រលានយន្តហោះថ្មី នៅខេត្តកោះកុង ជាការវិនិយោគរួមគ្នា ដោយក្រុមហ៊ុនអ្នកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airway របស់ថៃ ដែលមានទំហំទឹកប្រាក់ប្រមាណ៤០លានដុល្លារអាមេរិក។

ដំបូងឡើយ គម្រោងវិនិយោគនេះ គ្រោងសាងសង់លើដីអតីតព្រលានយន្តកោះ​កុង ស្ថិតនៅក្រុងខេមរភូមិន្ទ ប៉ុន្តែដោយសារមានផលប៉ះពាល់ច្រើននោះ ទើបមានការផ្លាស់ប្តូរទីតាំងថ្មី ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង លើផ្ទៃដី៤០០-៦០០ហិកតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here