ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីឱ វណ្ណឌឌីនបានមានប្រសាសន៍ឲ្យដឹងថា ការប្រើប្រាស់ឱសថបុរាណចិន Lianhua Qingwen ត្រូវជាវិធីសាស្ត្រមួយ ក្នុងចំណោមវិធីសាស្ត្រជាច្រើនទៀត ដែលរាជរដ្ឋាភិបាលខិតខំស្វះស្វែងរក ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ១៩។
លោកស្រីបន្តថា ឱសថបុរាណចិន Lianhua Qingwen ត្រូវបានអះអាងថា ដោយក្រុមហ៊ុនឱសថបុរាណចិនថា មានមុខងារព្យាបាលដូចជា បន្សាបជាតិពុល និងបញ្ចុះកំដៅពីក្នុងសួត។ វាត្រូវបានប្រើសម្រាប់ព្យាបាលជំងឺគ្រុនផ្តាសាយ គ្រុនក្តៅ ឈឺសាច់ដុំ ហៀរសំបោរ ក្អក ឈឺក្បាល ស្ងួតបំពង់ក ឬឈឺបំពង់ក អណ្តាតឡើងពណ៌ក្រហមជាដើម។
លោកស្រីឱ វណ្ណឌីន បានបញ្ជាក់ថា ឱសថបុរាណចិន LIANHAU GINGWEN អាចជួយសម្រាលរោគសញ្ញាដូចជាក្ដៅខ្លួន ក្អក ផ្ដាសសាយ ឈឺបំពង់ក តឹងច្រមុះ ដើម្បីទប់កុំឱ្យស្ថានភាពជំងឺមានការវិវត្តន៍ធ្ងន់ធ្ងរ។ ក្នុងករណីឱសថនេះ ជួយដល់ផ្លួវដង្ហើម ជួយដល់ស្ថានភាព នៃការផ្ដាសសាយរបស់អ្នកជំងឺ ដូច្នេះសរីរាង្គរបស់មនុស្សនឹងមានការឆ្លើយតបមួយល្អប្រសើរ ហើយអ្នកជំងឺអាចវិវត្តន៍ទៅរកការជាសះស្បើយផងដែរ។
លោកស្រីបានអះអាងថា ឱសថនេះបានប្រើប្រាស់ដំបូងនៅប្រទេសចិន ពេលមានអ្នកជំងឺកូវីដ១៩ ឆ្លងទ្រង់ទ្រាយធំនៅទីនោះ ហើយក៏មានការធូរស្បើយមួយចំនួនធំ។ ឱសថនេះ ក៏មានការប្រើប្រាស់នៅប្រទេសប្រេស៊ីល ហ្វីលីពីន ឥណ្ឌូនេស៊ី កាណាដា ម៉ូ ហ្ស៉ប៊ិច រ៉ូម៉ានី ថៃ ឡាវ និងសិង្ហបុរីជាដើម។
ការប្រើឱសថនេះ ជាវិធីសាស្ត្រក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ពីជំងឺកូវីដ១៩ ដោយមានការគិតពិចារណាខ្ពស់ មិនមែនជាការប្រើប្រាស់ប្រថុយប្រថាន ដូចការលើកឡើងរបស់ជនមួយចំនួននោះឡើយ។
លោកស្រីឱ វណ្ណឌីនបានបន្តថា “នេះគឺជាវិធីសាស្ត្រមួយ ក្នុងចំណោមវិធីសាស្ត្រផ្សេងៗទៀត ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានខិតខំស្វះស្វែងរកអស់លទ្ធភាពរបស់ខ្លួន ដើម្បីជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋ។ មិនមែនធ្វើដើម្បីសម្លាប់ប្រជាពលរដ្ឋទេ”។ លោកស្រីក៏បានផ្ដល់ដំបូន្មានមួយចំនួន លើការប្រើប្រាស់ឱសថនេះផងដែរ។
លោកស្រីឱ វណ្ណឌីន សម្រាប់អ្នកវិជ្ជមានជំងឺកូវីដ១៩ មនុស្សធំ ប្រើម្ដង៤គ្រាប់ ហើយមួយថ្ងៃ៣ដង។ អាចប្រើបានក្នុងកម្រិតពី៧ថ្ងៃ ទៅ១០ថ្ងៃប៉ុណ្ណោះ មិនអាចប្រើយូរជាងនេះបានទេ។
ដោយឡែកកុមារ មិនមានការណែនាំឱ្យប្រើប្រាស់នោះទេ តែបើប្រើគឺប្រើត្រឹមកម្រិតទាបបំផុត។
លោកស្រីផ្តល់ដំបូន្មានបន្តថា ក្នុងករណីអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ឬមានបញ្ហាអ្វីកើតឡើងនៅពេលប្រើប្រាស់ សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ កុំសាកល្បងព្យាបាលដោយគ្មានការពិគ្រោះជាមួយក្រុមគ្រូពេទ្យ៕