ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ទោះបីជាបច្ចុប្បន្ននេះ កំណើននៃខុនដូនៅក្នុងប្រទេស មានចំនួនច្រើនជាងមុនក៏ពិតមែន និងមានក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូថ្មីៗ ជាបន្តបបន្ទាប់ក្ដី តែតម្រូវការទីផ្សារខុនដូ នៅតែមានខណៈប្រជាពលរដ្ឋកម្ពុជកាន់តែច្រើន ក៏បានចាប់ផ្ដើមផ្លាស់ប្តូរឥរិយាបទងាកទៅរស់ក្នុងខុនដូជាបន្តបន្ទប់។
លោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodiaបានឱ្យដឹងកាលពីថ្ងៃទី២០ កក្កដាកន្លងមកថា ទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជាមកដល់ពេលនេះ នៅតែមានតម្រូវការ ទោះបីការផ្គត់ផ្គង់មានកំណើនជាងមុនក្ដី ពីព្រោះបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាជាច្រើនបានចាប់ផ្ដើមស្វែងយល់ និងបានផ្លាស់ប្តូរមករស់នៅក្នុងខុនដូជាបន្តបន្ទាប់ផងដែរ ។
លោកបន្តថា “ដូច្នេះទោះបីមានក្រុមហ៊ុនមកអភិវឌ្ឍន៍ខុនដូ៣ ទៅ៤ម៉ឺនយូនីតទៀត ក៏មិនទាន់លើសតម្រូវការដែរ ដូច្នេះកម្ពុជានៅតែត្រូវការអ្នកអភិវឌ្ឍន៍វិស័យខុនដូបន្តទៀត”។ លោកបន្តថា “ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅភ្នំពេញ ហើយបានទៅទិញផ្ទះនៅឆ្ងាយពីកន្លែងការងារនៅកណ្ដាលក្រុង ក៏ចាប់ផ្ដើមស្វែងរកខុនដូនៅក្បែរកន្លែងធ្វើការវិញ ដែលជាការសម្រួលដល់ការធ្វើដំណើរ មិនខាតពេលវេលាក្នុងការធ្វើដំណើរ ចំណេញថវិកាបានមួយកម្រិតផងដែរ”។
អ្នកខ្លះទៀតក៏បានទិញខុនដូ សម្រាប់ស្នាក់នៅថ្ងៃធ្វើការរបស់គាត់ ហើយថ្ងៃសៅរ៍អាទិត្យ ក៏ទៅស្នាក់ជុំគ្រួសារនៅផ្ទះមួយទៀតឯជាយក្រុង ដែលជាផ្ទះជាប់ដីព្រោះខ្មែរយើងមួយចំនួន នៅតែប្រកាន់ខ្ជាប់នូវផ្ទះជាប់ដី ហើយក៏មានអ្នកខ្លះទៀតទិញផ្ទះឆ្ងាយពីភ្នំពេញនៅតាមខេត្ត និងស្នាក់នៅខុនដូនៅថ្ងៃធ្វើការ។
លោកថា “អ្នកទិញខុនដូជាជនជាតិខ្មែរ ភាគច្រើនជាមនុស្សសម័យថ្មី វ័យក្មេង ធ្លាប់រស់នៅបរទេស និងអ្នកដែលចូលចិត្តស៊ីវិល័យ និងមានអាយុក្រោម៣០ឆ្នាំ” ។លោកបន្ថែមថា “ការផ្លាស់ប្តូរឥរិយាបថរបស់ជនជាតិខ្មែរនេះហើយ ដែលអាចនិយាយថាតម្រូវការខុនដូ នៅតែមានខ្ពស់បើទោះបីជាមានការអភិវឌ្ឍ និងផ្គត់ផ្គង់ថ្មីៗបន្តបន្ទាប់ក៏ដោយ”។
ចំនួនតម្រូវការនេះ មិនទាន់រាប់ដល់ទីផ្សារអាស៊ាន ដែលចូលមកធ្វើការនិងវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាជនបរទេសផ្សេងទៀតផង ដូច្នេះបើសរុបទាំងជនបរទេសទៀត ឃើញថាតម្រូវការខុនដូវាពិតជាមានច្រើនណាស់ ។
ជាមួយគ្នានេះ លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលក៏បានឱ្យដឹងផងដែរថា ក្នុងពេលដែលទីផ្សារខុនដូចាប់ផ្ដើម មានប្រជាជនក្នុងស្រុក អ្នកអភិវឌ្ឍន៍ខុនដូ គួរតែផ្លាស់ប្តូរការអភិវឌ្ឍរបស់ខ្លួន ដើម្បីបំពេញទៅតាមតម្រូវការទីផ្សារក្នុងស្រុកដែរ ដូចជា ត្រូវមានចំណតយានយន្តគ្រប់គ្រាន់ ការរចនាបែបខ្មែរខ្លះៗជាដើម ។
ក្នុងបរិបទកូវីដ១៩នេះ គេមិនទាន់ឃើញមានគម្រោងណាមួយ ត្រូវគាំងផ្អាកដំនើរការទាំងស្រុងនោះទេ ពោលគឺនៅតែមានសកម្មភាពសាងសជាបន្តបន្ទាប់ គ្រាន់តែការដ្ឋានខ្លះត្រូវធ្វើសកម្មភាពយឺតៗ ព្រោះតែខ្វះខាតកំលាំងពលកម្ម ឬកម្មករត្រូវជាប់ពាក់ព័ន្ធនឹងកូវីដ១៩ជាដើម៕