សឹង្ហបុរីគ្រោងចំណាយប្រាក់៤៧០លានដុល្លារសាងសង់ស្ថានីយ៍រថភ្លើងដ៏ទំនើបមួយ

0

ដោយៈសុខុម

សិង្ហបុរី: អាជ្ញាធរដឹកជញ្ជូនតាមផ្លូវគោក (LTA) របស់សិង្ហបុរី បានបញ្ជាក់នៅថ្ងៃអង្គារ ទី២០ កក្កដា នេះថា ការសាងសង់ស្ថានីយរថភ្លើង Ang Mo Kio Station ដែលជាចំណុចខ្សែភ្លើងជៀសគ្នាលើផ្លូវដែក Cross Island Line គ្រោងចាប់ផ្ដើមក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

អាជ្ញាធរនេះបានបន្ថែមថា តាមការរំពឹងទុក សេវាកម្មដឹកអ្នកដំណើរអាចនឹងចាប់ ផ្តើមនៅឆ្នាំ២០៣០។ នៅពេលការសាងសង់បញ្ចប់ជាស្ថាពរ ស្ថានីយនេះនឹងក្លាយជាចំណុចជៀសគ្នារវាងផ្លូវដែក Cross Island Line និងផ្លូវដែក North-South Line។

ស្ថានីយថ្មីនេះ នឹងមានច្រកចូលដែលតភ្ជាប់ដោយផ្ទាល់ ទៅនឹងប្លុកអគារលំនៅ ដ្ឋានខុសៗគ្នា ផ្សារទំនើប AMK Hub ស្ថានីយ Ang Mo Kio Integrated Transport Hub និងឧទ្យាន Ang Mo Kio Town Garden East។
យោងតាមតាមអាជ្ញាធរដឹកជញ្ជូនតាមផ្លូវគោកបានឱ្យដឹងថា ពេលមានស្ថានីយផ្លូវដែក Cross Island Line ថ្មីនេះ ការធ្វើដំណើរពីស្ថានីយ Ang Mo Kio Integrated Transport Hub ទៅកាន់ឧទ្យាន Aviation Park ដែលត្រូវចំណាយពេលប្រមាណ៧០នាទី នឹងត្រូវកាត់បន្ថយមកនៅត្រឹម៣៥នាទី។

ការធ្វើដំណើរទៅមករវាងតំបន់ Pasir Ris និងស្ថានីយ Ang Mo Kio Integrated Transport Hub ដែលបច្ចុប្បន្នត្រូវប្រើពេល១មួយម៉ោង នឹងត្រូវកាត់បន្ថយមកនៅត្រឹម២៥នាទី។

កិច្ចសន្យាមួយដែលមានតម្លៃ៤៧០,៨៧លានដុល្លារអាមេរិក សម្រាប់ការឌីហ្សាញ និងការសាងសង់ស្ថានីយរថភ្លើង Ang Mo Kio Station និងផ្លូវក្រោមដី ត្រូវបានប្រគល់ ឱ្យទៅគម្រោងបណ្តាក់ទុនរួមគ្នាមួយ រវាងក្រុមហ៊ុន Bachy Soletanche Singapore និងក្រុមហ៊ុន Gammon Construction and Engineering។

អាជ្ញាធរដឹកជញ្ជូនតាមផ្លូវគោកនិយាយថា បច្ចុប្បន្នក្រុមហ៊ុនទាំង២នេះ កំពុងចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសាងសង់នានាក្នុងប្រទេសសិង្ហបុរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here