ដោយ: ហ៊ុយ ក្រេង- July 22, 2021
ភ្នំពេញៈ តាមគោលការណ៍ក្នុងការទិញដីឬជ្រើសរើសទីតាំងដី ប្រជាពលរដ្ឋ និងអតិថិជន ដែលមានបំណងចង់បានទីកន្លែងមួយសមស្រប ត្រូវតែគិតឲ្យបានម៉ត់ចត់ មុននឹងសម្រេចទិញដី បើប្រភេទដីនោះមានសក្តានុពលល្អក៏ដោយ ដូចពាក្យមួយ “កុំគូរមុនគិត”។
បងប្អូនឧស្សាហ៍ឮការលើកឡើងពីផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានទឹកប្រាក់៣០០លានដុល្លារ និងត្រូវបានបញ្ចប់៥០ភាគរយ នៅដើមខែឧសភា ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។ ផ្លូវប្រវែង៥២ គីឡូម៉ែត្រលាតសន្ធឹងពីផ្លូវជាតិលេខ៤ ពីខណ្ឌពោធិសែនជ័យនៅខាងលិចរាជធានីភ្នំពេញ និងឆ្លងកាត់ផ្លូវជាតិលេខ៣ និងលេខ២ ដល់ផ្លូវជាតិលេខ១ នៅខាងកើតរាជធានីភ្ជាប់ទៅកំពង់ផែស្វយ័តភ្នំពេញ។
ប៉ុន្តែដោយមិនទាន់មានមូលដ្ឋានច្បាស់លាស់អំពីផ្លូវក្រវ៉ាត់ក្រុងទី៤ ហើយមិនទាន់មានការប្រកាសពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ទើបបានជាធ្វើឲ្យមានការយល់ច្រឡំ។
លោកឃាង ពុទ្ធីប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានថ្លែងប្រាប់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤ មិនទាន់មានទីតាំងណាមួយច្បាស់លាស់នោះទេ ទោះបីជាមានការឮបន្តគ្នា អំពីការទិញដីនៅទីនោះក៏ដោយ។
លោកបន្តទៀតថា ដោយសារតែប្រជាពលរដ្ឋនឹងអតិថិជនចាប់អារម្មណ៍ខ្លាំងលើផ្លូវក្រវ៉ាត់ក្រុងទី៤ ហើយសន្និដ្ឋានលឿនពេក ដោយលឺពាក្យមិនពិតប្រាកដ ឬមិនទាន់មានសេក្តីប្រកាសណាច្បាស់លាស់។ ជាការពិតណាស់ដីនៅផ្លូវក្រវ៉ាត់ក្រុងទី៣ វាមានឥទ្ធិពលរាលដាលខ្លាំងដល់ដីនៅទីនោះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងសិក្សាសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ កំពុងស្ថិតក្នុងដំណាក់កាលកែសម្រួលនៅឡើយ បន្ទាប់ពីក្រុមហ៊ុនឯកជនបានសិក្សាចប់សព្វគ្រប់ កាលពីឆ្នាំ២០២០ កន្លងទៅ។
លោកវ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថានៅថ្ងៃទី ២៥ ខែកុម្ភៈនេះថា ក្រសួងមិនទាន់មានផែនការចាប់ផ្តើមការដ្ឋាននៅឡើយទេ ទោះក្រុមហ៊ុនបានបញ្ចប់ការសិក្សារួចក្ដី។ ឯកឧត្តម វ៉ាស៊ីម សូរិយា ថ្លែងថា “ក្រសួងនៅសិក្សាថែមទៀត”៕