គម្រោងពង្រីករាជធានីភ្នំពេញបង្ហាញពីការរីកចម្រើនសេដ្ឋកិច្ចនិងអំណាចនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការពង្រីករាជធានីភ្នំពេញ យោងតាមប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេ​ញឆ្នា២០៣៥ បង្ហាញសញ្ញាវិជ្ជមាននៃការរីកចម្រើនសេដ្ឋកិច្ច និងកម្លាំងនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដែលកំពុងអភិវឌ្ឍន៍ប្រទេសជាតិយើងបានល្អប្រសើរ។

ប្រធានសមាគមអចលនទ្រព្យសកល(GRA) លោកសំ សុខនឿនបានថ្លែងប្រាប់ក្នុងសប្តាហ៍នេះថា ការពង្រីកក្រុងគឺជាសញ្ញាវិជ្ជមានបង្ហាញថា ប្រទេសយើង សេដ្ឋកិច្ចយើងមានការរីកចម្រើន ហើយទាក់ទងនឹងវិស័យអចលនទ្រព្យបង្ហាញថា តម្រូវការនៃការរស់នៅកើនឡើង ជាពិសេសចំណូលពីគ្រប់ខេត្ត ក្រុងចូលមកក្នុងរាជធានីភ្នំពេញ និងចំនួនប្រជាជនរបស់យើងមានការកើនឡើង ដែលនាំឱ្យតម្រូវការផ្ទះសម្បែង និងលំនៅ    ដ្ឋានមានកើនឡើង។

លោកថ្លែងបន្តថា “ការពង្រីកទីក្រុងដើម្បីឱ្យក្លាយជាទីក្រុងមួយធំ អាចត្រៀមរួច​រាល់សម្រាប់ការរស់នៅរបស់ប្រជាជនចំនួន ឬក៏ជាការត្រៀមសម្រាប់លំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋខ្មែរយើង”។លោកបន្តថា “ផលវិជ្ជមានមួយដែលធ្វើឱ្យតម្លៃដី មិនទាន់កាត់ចូលក្នុងក្រុងនឹងមានសញ្ញាវិជ្ជមាន ដែលតម្លៃដីធ្លីនឹងមានកើនឡើង ហើយការរីកចម្រើន និងការអភិវឌ្ឍនៅស្រុកខ្មែរយើង”។

ប៉ុន្តែលោកក៏បានបង្ហាញពីការព្រួយបារម្ភមួយ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ដោយលោកបានលើកឡើងថា ពេលណាមានការពង្រីកក្រុង ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ គឺរដ្ឋាភិបាលយើងចំណាយច្រើន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសមស្របជាមួយនឹងផែនការអភិវឌ្ឍន៍ក្រុង។

ជាមួយគ្នានេះដែរ លោកសំ សុខនឿនបានថ្លែងដូច្នេះថា “នៅឆ្នាំ២០៣៥ ខ្ញុំជឿជាក់ថា រដ្ឋាភិបាលមានគម្រោងហើយ ក្នុងការពង្រីកក្រុងឱ្យកាន់តែធំ ដោយសាររដ្ឋាភិបាលយើងជឿជាក់ថា នឹងបើកចំហរជើងមេឃដល់វិនិយោគក្រៅស្រុកទាំងអស់ សម្រាប់ការឈានជើងចូលមកវិនិយោគនៅកម្ពុជា ដើម្បីឱ្យវិស័យអចលនទ្រព្យរីកចម្រើន និងជំរុញសេដ្ឋកិច្ចរបស់ជាតិផងដែរ”។

លោកបានបន្តថា កាលណាវិស័យអចលនទ្រព្យរបស់យើង មានការរីកចម្រើន សេដ្ឋ​កិច្ចប្រទេសជាតិរបស់យើង ក៏មានការរីកចម្រើនផងដែរ ដែលនេះផលវិជ្ជមានបង្ហាញឃើញថា សេដ្ឋកិច្ចយើងមានការរីកចម្រើន និងចំនួនប្រជាជនកើនឡើង។

លោកបានឱ្យដឹងថា ការពង្រីកក្រុងនេះ បង្ហាញពីកម្លាំងនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលរបស់យើង ហើយបង្ហាញថា រាជរដ្ឋាភិបាលរបស់យើងកំពុងអភិវឌ្ឍន៍ប្រទេសជាតិយើងបានល្អប្រសើរ។

លោកប៉ូ អ៊ាវគង់ប្រធានក្រុមហ៊ុនអចលនទ្រព្យ Advance បានថ្លែងថា ការពង្រីកក្រុង ដោយសារចំនួនប្រជាជនរស់នៅកណ្តាលក្រុង កើនឡើងកាន់ច្រើនៗឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ វាទាមទារឱ្យការពង្រីក្រុង ឬបង្កើតតំបន់ក្រុងរណបថ្មីៗជាដើម។

លោកបានថ្លែងបន្តថា “ការពង្រីកក្រុង ឬការរៀបចំទីក្រុងថ្មីមួយ ទាមទារឱ្យការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ដូចជាមានប្រព័ន្ធផ្លូវ ទឹក លូរ និងភ្លើង”។

ថ្មីៗនេះដែរ រដ្ឋាភិបាលបានប្រកាសថា នឹងពង្រីកផ្ទៃដីរាជធានីភ្នំពេញឱ្យដល់កាំរង្វង់១០០គីឡូម៉ែត្រ ដូច្នេះវិធីសាស្ត្រតែមួយ គឺកាត់យកដីរដ្ឋបាលខេត្តជាប់រាជធានី មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានី ដែលនឹ ងធ្វើឱ្យដីនៅតាមបណ្ដាខេត្តជាប់រាជធានី នឹងមានសន្ទុះល្អប្រសើមួយកម្រិតទៀត ជាក់ស្ដែងកន្លងមក ក្រោយពេលដីជាប់រាជធានីភ្នំពេញ ហើយកាត់មកនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here