ដោយ: ហ៊ុយ ក្រេង- July 23, 2021
សៀមរាបៈ កម្ពុជាមានខេត្តសៀមរាប ដែលជាតំបន់ពិសេស ដើរដោយវិស័យទេសចរណ៍ឈានមុខ ប៉ុន្តែភាពចាំបាច់លើវិស័យអចលនទ្រព្យ ជាជម្រើសដ៏ល្អខ្លាំងមួយដើម្បីអភិវឌ្ឍន៍ ហើយទាញសក្តានុពលលើវិស័យនេះឲ្យខ្លាំងបំផុតនៅទីនោះ។
កាលពីពេលថ្មីៗនេះ បើយើងមើលឲ្យជ្រៅដើរឲ្យលឿន ជាមួយនឹងការរីកចម្រើន អចលនទ្រព្យកាន់តែបន្តទៅមុខច្រើនឡើងហើយ។
អ្នកវិភាគទីផ្សារនិងជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ លោកស្រី អាន សុធីតាបានមានប្រសាសន៍ឲ្យដឹង នៅរសៀលថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២១នេះថា កន្លងមកសៀមរាបជា តំបន់ទេសចរណ៍ វប្បធម៌ អរិយធម៌ ហើយបន្ទាប់ពីឆ្លងកាត់មួយរយះពេលចុងក្រោយយើងឃើញថា ខេត្តតែមួយមិនអាចផ្តោត ទៅលើវិស័យតែមួយមុខបានទេ នោះទេ វាជាឱកាសសម្រាប់អ្នកអភិវឌ្ឍផ្សេងៗ គាត់មើលឃើញថាសៀមរាបថា ជាតំបន់មានសក្តានុពលច្រើន។
លោកស្រីបន្តថា “ខេត្តនេះមានសក្តានុពលច្រើន ទាំងផ្នែកតំបន់អាគារពាណិជ្ជកម្មផ្សេងៗ ឬផ្នែកលំនៅដ្ឋាន ហើយម្យ៉ាងហេដ្ឋារចនាសម្ព័ន្ធទីរួមខេត្តសៀមរាប កំពុងសម្រុកខ្លាំងទោះបីជាមានវិបត្តិកូវីត ១៩ក៏ដោយ”។
លោកស្រីបន្តទៀតថា កត្តាហេដ្ឋារចនាសម្ព័ន្ធមួយ តម្លៃដីនៅខេត្តសៀមរាបមានតម្លៃសមរម្យ ប្រជាជនក៏ច្រើនគួរសមនៅម្តុំសៀមរាប ក៏មានភាពងាយស្រួលក្នុងការបង្កើននូវធនធានមនុស្សមកប្រើប្រាស់បាន ទាំងនេះជាហេតុផល ដែលជម្រុញឲ្យអ្នកអភិវឌ្ឍន៍ មើលឃើញនូវសក្តានុពលនៅក្នុងទីរួមខេត្តសៀមរាប។
លោកស្រីអាន សុធីតាបានបន្តដោយសុទិដ្ឋិនិយមថា ក្នុងរយះពេលបីទៅប្រាំឆ្នាំខាងមុខសៀមរាប នឹងប្រែមុខមាត់ថ្មីគឺជាទីក្រុង ដែលមានការអភិវឌ្ឍចម្រុះ ដែលមានការទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក បានច្រើនដោយសារតែយើងមានអ្វីដែលលើសពីអ្វីដែលមាននៅសព្វថ្ងៃ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអចលនទ្រព្យជាតិ និងអន្តរជាតិដែលកកើតគម្រោងធំៗនៅទីនោះ។
លោកស្រីជឿជាក់ថា ប្រាកដជាមានការដាក់បន្ថែម តួយ៉ាងគម្រោងដែលមានស្រាប់ ដូចជា ទេសចរណ៍ធម្មតា ឬហូតែលអាចនឹងពង្រីកខ្លួន ទៅជាអេកូរីស៊តឬក៏ជាការអភិវឌ្ឍធំៗដែលស្ថិតនៅក្រៅពីក្រុង។ បន្ថែមពីនោះទៀតសៀរាប ត្រូវការអភិវឌ្ឍច្រើនដូចជា មន្ទីរពេទ្យ សាលារៀន អាគារពាណិជ្ជកម្ម អាគារលំនៅដ្ឋាន សៀមរាបជាកន្លែងសាកសមសម្រាប់យើង ចូលនិវត្តន៍នៅពេលយើងចាស់ទៅ។
ទោះជាយ៉ាងណាសៀមរាបដាក់កំហិតច្រើន បើប្រៀបធៀបជាមួយរាជធានីភ្នំពេញនឹងបណ្តាខេត្តផ្សេងៗ ព្រោះខេត្តនឹងជាខេត្តផ្តោតសំខាន់ លើវប្បធម៌នឹងអរិយធម៌ ហើយការអភិវឌ្ឍមួយចំនួនត្រូវបានហាមឃាត់។
រដ្ឋាភិបាលក៏បាននិងកំពុងត្រៀមផ្សព្វផ្សាយពីសក្តានុពលទីក្រុងថ្មី គឺGrand Siem Reap City ដែលមានទីតាំងនៅជិតព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតក្នុងស្រុសូទ្រនិគម មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីទីក្រុងសៀមរាបនាពេលបច្ចុប្បន្ននេះផងដែរ៕