ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ខណៈការទិញ លក់ដីធ្លីនៅតាមខេត្តមួយចំនួន កាន់តែកើនឡើង ជាពិសេសនៅខេត្តសក្ដានុពល បានធ្វើឱ្យអាជ្ញាធរចាប់ផ្ដើមរឹតបន្តឹង និងពិនិត្យទៅលើដីដែលទិញលក់នោះ ខណៈកខ្លងមកមេឃុំមួយចំនួនតាមខេត្ត ក៏បានចុះហត្ថលេខាទទួលស្គាល់ទិញលក់ដីធ្លី នៅតំបន់ការពារធនធានធម្មជាតិ និងបានចេញលិខិតធ្វើមោឃភាពលើលិខិត ដែលខ្កួនឯងស៊ីញ៉េនោះផងដែរ។
បើតាមបណ្ដាញសារព័ត៌មាននានាបានចុះផ្សាយ ឃើញថាមេឃុំជាច្រើននៅខេត្តកំពត បានចេញលិខិតមោឃភាពលើហត្ថលេខារបស់ខ្លួន ដែលបានចុះទទួលស្គាល់លើការទិញលក់ដីធ្លីនៅក្នុងតំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពត ។
ការចេញលិខិតមោឃភាពនេះ បន្ទាប់ពីអភិបាលខេត្តកំពតលោកជាវ តាយ បានចេញសេចក្តីប្រកាសមួយ ជូនដល់បណ្ដាចៅហ្វាយក្រុង ស្រុក ទូទាំងខេត្តកំពតក្នុងការរឹតបន្តឹង ឬពិនិត្យម៉ត់ចត់ មុននឹងចុះហត្ថលេខាលើការទទួលស្គាល់ដីធ្លី ឬការផ្ទេរសិទ្ធិពីម្ចាស់មួយទៅមួយទៀត ។
ក្រៅពីខេត្តកំពត ក៏ឃើញថាខេត្តកំពង់ស្ពឺក៏មានករណីមេឃុំ ចេញលិខិតមោឃភាពចំពោះហត្ថលេខារបស់ខ្លួន ដែលបានចុះកន្លងមកលើការផ្ទេរសិទ្ធិ ឬទទួលស្គាល់ដឹងលឺក្នុងការទិញលក់នោះដែរ ដោយលើកហេតុផលថាមិនបានដឹងថាស៊ីជម្រៅ។
ប្រជាពលរដ្ឋជាច្រើនបានបង្ហាញជាមតិថា អាជ្ញាធរជាពិសេសមេឃុំ គួរសិក្សានិងពិនិត្យច្បាស់លាស់ មុននឹងសម្រេចចិតចុះហត្ថលេខា ក្នុងការទទួលស្គាល់ការកម្មសិទ្ធិដីធ្លីឬចុះហត្ថលេខាផ្ទេរសិទ្ធិពីម្ចាស់មួយទៅមួយផង។
បើសិនជាធ្វើបែបនេះ វានឹងនាំឱ្យមានវិវាទ ហើយការទិញលក់នោះ អ្នកទិញនឹងអត់បានដីនឹងបាត់ទាំងប្រាក់ខាតទាំងពេលវេលាផងដែ ។
យ៉ាងណាក្ដីអ្នកជំនាញ នៃវិស័យអចលនទ្រព្យជាច្រើនក៏បានលើកឡើងថា អ្នកទិញដីធ្លី ឬអចលទ្រព្យអ្វីមួយត្រូវពិនិត្យមើលភាពច្បាប់នៃដី ឬទ្រព្យនោះថា មានការទទួលស្គាល់ដឹងលឺពីអាជ្ញាធរដែរទេ ហើយត្រឹមណាដែរ ជាពិសេសគឺប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លីតែម្ដង។
លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក៏ធ្លាប់បានលើកទឹកចិត្តដល់ពលរដ្ឋ ដែលមិនទាន់មានផ្ទះស្នាក់នៅអចិន្ត្រៃយ៍គួរតែទិញដី សម្រាប់ទុកសង់ផ្ទះនៅពេលអនាគត ប៉ុន្តែមុននឹងទិញដី ត្រូវសិក្សាឱ្យច្បាស់ពីភាពស្របច្បាប់នៃដីនោះ ហើយត្រូវសួររកប្លង់កាន់កាប់ បើពុំមានទេសូមកុំប្រថុយ៕