ដោយៈសុខុ
ភ្នំពេញ: ក្រុមហ៊ុន Century Entertainment International Holdings Ltd ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង បានបញ្ជាក់ថា រហូតមកទល់ពេលនេះ មិនទាន់មានវឌ្ឍនភាពបន្ថែមទៀតទេ លើការងារត្រៀមរៀបចំសម្រាប់បើកដំណើរការកាស៊ីណូថ្មី នៅឆ្នេរតារាសាគរ ក្នុងខេត្តកោះកុង។ នេះបើយោងតាមគេហទំព័រ asgam.com ចុះផ្សាយនៅថ្ងៃទី០២ សីហា នេះ។
យោងតាមឯកសារផ្លូវការមួយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនឱ្យដឹងថា ការងារដែលត្រូវត្រៀមរៀបចំជាចាំបាច់ មុននឹងបើកដំណើរការរួមមាន ការសាកល្បងប្រព័ន្ធនានា និងការផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកកាស៊ីណូជាដើម ប៉ុន្តែការងារទាំងនោះត្រូវបានពន្យារពេល ដោយសារតែវិធានការបិទខ្ទប់ដ៏តឹងរ៉ឹង ត្រូវបានដាក់ចេញទូទាំងប្រទេស។
-->

ក្រុមហ៊ុន Century Entertainment និយាយថា កាស៊ីណូថ្មីនេះ “នឹងបន្តការងារត្រៀមរៀបចំដែលនៅសេសសល់ និងប្រឹងប្រែងបើកដំណើរការឡើងវិញភ្លាមៗ នៅពេលស្ថានការនៃការរីករាលដាលវីរុសកូវីដ-១៩ នៅកម្ពុជា មានភាពធូរស្រាល ហើយបុគ្គលិកអាចធ្វើដំណើរចេញចូលទីក្នុងទីក្រុងបានដោយសេរី”។
នាយកប្រតិបត្តិក្រុមហ៊ុននេះ លោក CEO Ng Man Sun ដែលនឹងគ្រប់គ្រងកាស៊ីណូនេះ តាមរយៈក្រុមហ៊ុនកាន់កាប់ផ្ដាច់មុខរបស់លោកឈ្មោះ Lion King Entertainment Company Ltd បានព្រមព្រៀងពន្យារកាលបរិច្ឆេទ បើកដំណើរការរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។
តាមការរំពឹងទុកដំបូងថា កាស៊ីណូនេះគ្រោងបើកដំណើរការនៅខែមីនា កន្លងទៅ ប៉ុន្តែត្រូវបានពន្យារពេលវិញ ដោយសារតែផ្ទុះការរីករាលដាលនៃវីរុសកូវីដ-១៩ រលកថ្មីនៅដើមខែនោះ។
ក្រុមហ៊ុន Century Entertainment បានចុះកិច្ចព្រមព្រៀងដំបូងរយៈពេល៥ឆ្នាំជាមួយក្រុមហ៊ុន Lion King ក្នុងឆ្នាំ២០១៩ ដើម្បីបើកដំណើរការតុល្បែងនៅកាស៊ីណូរបស់លោក Ng Man Sun ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ។
ទោះជាយ៉ាងណា ប្រតិបត្តិការកាស៊ីណូនានាបានបង្ខំចិត្តបិទទ្វារ នៅខែមេសា ឆ្នាំ២០២០ ដោយសារការរីករាលដាលនៃវីរុសកូវីដ-១៩ ហើយលោក Ng Man Sun ក៏បានទម្លាយឱ្យដឹងជាក្រោយថា លោកទទួលការផ្តល់ជូនដ៏គួរឱ្យទាក់ទាញមួយ គឺប្ដូរទីតាំងកាស៊ីណូរបស់លោកទៅកាន់ឆ្នេរតារាសាគរ៕