ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា មហាវិថីសម្តេចតេជោហ៊ុនសែន នឹងក្លាយជាតំបន់ពាណិជ្ជកម្មកណ្តាល ដែលមានទំហំធំជាងគេនៅទីក្រុងភ្នំពេញនាពេលអនាគត ខណៈបច្ចុប្បន្នមានគម្រោងធំៗបាន និងកំពុងសម្រុកទៅអភិវឌ្ឍន៍នៅតំបន់នេះ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century 21 Advanced Property លោកឡុង គឹមសួគ៌បានថ្លែងប្រាប់នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ថា មហាវិថីសម្តេចតេជោហ៊ុនសែន មហាវិថីសម្តេចតេជោហ៊ុនសែន បាននិងកំពុងទាក់ទាញគម្រោងធំៗជាបន្តបន្ទាប់ ដោយសារតំបន់មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្រាប់ និងមានចរន្តផ្លូវតភ្ជាប់ជាមួយគម្រោងសំខាន់ ដូចជាគម្រោងសាងសង់ព្រលានយន្តហោះថ្មី។
លោកបានថ្លែងថា “មហាវិថីសម្តេចតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្រ នឹងក្លាយជាតំបន់ពាណិជ្ជកម្មកណ្តាលធំជាងគេ នៅទីក្រុងភ្នំពេញនាពេលអនាគត”។ លោកបានបន្តថា “យើងឃើញថាមានគម្រោងធំៗ និងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅតំបន់ក៏ធំៗ ហើយផ្លូវនេះ មានការតភ្ជាប់ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលបាននិងកំពុងមានការអភិវឌ្ឍយ៉ាងសកម្ម”។
លោកបានឱ្យដឹងទៀតថា រដ្ឋាភិបាលរៀបចំផែនការអភិវឌ្ឍន៍ចាប់ពីចំណុច ឬទីតាំងនេះ ដើម្បីជំរុញការអភិវឌ្ឍអាគារកម្ពស់ខ្ពស់ៗ យោងតាមប្រសាសន៍ និងការណែនាំរបស់លោកវណ្ណ មូលីវណ្ណដែលជាអតីតកំពូលស្ថាបត្យករខ្មែរ។
លោកបានបន្តថា “តំបន់នេះ នឹងក្លាយជាតំបន់អភិវឌ្ឍន៍ដែលមានភាពចម្រុះ រាប់ចាប់តាំងពីការអភិវឌ្ឍនអាគារពាណិជ្ជ លំនៅដ្ឋាន និងការិយាល័យទំនើប ដើម្បីឆ្លើយតបនឹងតម្រូវជាក់ស្តែងនាពេលអនាគត”។
លោកសន សៀបជាស្ថាបនិក និងនាយកក្រុមហ៊ុនឃី រៀល អ៊ីស្ទេត បានឱ្យដឹងផងដែរថាសម្តេចតេជោហ៊ុនសែន បានរួមចំណែកយ៉ាងខ្លាំង ដល់កំណើនអចលនទ្រព្យក្នុងតំបន់។
លោកបានបន្តថា “ការអភិវឌ្ឍនិងប្រជាប្រិយភាពរបស់តំបន់នេះ នឹងកើនឡើងថែមទៀត ដោយសារថ្ងៃអនាគតគ ម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនឹងតភ្ជាប់គ្នា។ ការលើកឡើងបែបនេះ គឺចង់សំដៅដល់ផ្លូវក្រវ៉ាត់ទី៣ និងគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីដែលបានស្នើសុំនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល”។
មហាវិថីសម្តេចតេជោហ៊ុនសែន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដើមខែមេសា ឆ្នាំ២០១៧ក្រោមអធិបតិដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
មហាវិថីសមេ្តចតេជោហ៊ុន សែន បានចាប់ផ្តើមការសាងសង់កាលពីខែមីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុនING Co., Ltd មហាវិថីនេះភ្ជាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ដែលឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ហើយភ្ជាប់ជាមួយផ្លូវជាតិលេខ២ក្រុងតាខ្មៅ ខេត្តកណ្តាល៕