ដោយៈសុជាតា
មណ្ឌលគិរីៈ រដ្ឋាភិបាលបានសម្រេចអនុម័តដាក់អោយប្រើប្រាស់ជាផ្លូវការនូវផែនការមេ អភិវឌ្ឍវិស័យទេសចរណ៍ ខេត្តមណ្ឌលគីរី សម្រាប់ឆ្នាំ ២០២១រហូតដល់ ២០៣៥ និងកំណត់តំបន់សំខាន់ៗមួយចំនួន សម្រាប់ខេត្តដ៏ស្រស់ស្អាតមួយនេះ។
ផែនការមេ ដែលបានចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលឯកភាព ក្នុងការកំណត់អាទិភាពសំខាន់ៗចំនួន៥ ក្នុងការតំបន់ទាំងនេះអោយបានច្បាស់លាស់រួមមាន ទី១ តំបន់របៀងអេកូទេសចរណ៍ និង ទេសចរណ៍ធម្មជាតិ នៃដែនសត្វព្រៃទាំង៥ ទី២ តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា ដាក់ដាំ ៣ ក្រុងសែនមនោរម្យ ៤ តំបន់ស្រុកអូររាំងភ្ជាប់ជាមួយនឹងអភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគីរី ៤ តំបន់ទីប្រជុំជននៃស្រុកកោះញែក និងទី៥តំបន់ទេសចរណ៍សមាហរ័ណតាមច្រកព្រំដែន។
ជាមួយនឹងលក្ខណៈអំណោយផល នៃអាកាសធាតុខ្យល់បរិសុទ្ធទេសភាពធម្មជាតិនៃទាក់ទាញ វាលស្មៅបៃតង ព្រមទាំងធនធានធម្មជាតិដ៏សម្បូរបែប ផែនការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ដើម្បីជាត្រីវិស័យចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់សម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ឆ្លើយតបទៅនឹងចក្ខុវិស័យអភិវឌ្ឍន៍ ក្នុងរយៈពេល២០២១ទៅ២០៣៥ និងបណ្តាឆ្នាំខាងមុខ។
ខេត្តមណ្ឌលគីរីនឹងត្រូវរាជរដ្ឋាភិបាល រៀបចំជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និង សាច់សម្រាប់បំពេញតម្រូវការក្នុងប្រទេស និង ឈានទៅដល់ការនាំចេញទៅផ្សារក្រៅប្រទេស។
ដើម្បីសម្រេចអោយបានជោគជ័យ និងផ្លែផ្កានៃការអនុវត្តផែនការមេ អាស្រ័យទៅលើការចូលរួម និងសហការរវាងរដ្ឋឯកជន ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍ។
តាមរយៈលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៤២៨ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ខណៈសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ហត្ថលេខាលើអារម្ភកថា នៃផែនការមេនេះផងដែរ ដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញលេញ ដល់ការអនុវត្តផែនការមេដ៏មានសារៈសំខាន់នេះ។
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣០) នេះ ត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិអន្តរជាតិ ជាប្រធានក្រុមការងារបច្ចេក និងលោកជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ អភិវឌ្ឍទេសចរណ៍ ជាប្រធានលេខាធិការដ្ឋាន។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំការងារនេះជាប្រចាំ និងម៉ត់ចត់ និងបានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗជាច្រើន។
ផែនការមេនេះ បានចាប់ផ្តើមដំណើរការរៀបចំនៅអំលុងខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់ក្នុងខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួម និងពិគ្រោះយោបល់យ៉ាងទូលំទូលាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្នុងក្របខណ្ឌអន្តរក្រសួង។
ផែនការមេនេះក៏ត្រូវបានការគាំទ្រ និងជំរុញយ៉ាងសកម្ម និងជាប្រចាំពីសំណាក់អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ចាប់តាំងពីដំណាក់កាលចាប់ផ្តើមរហូតទទួលបានការអនុម័តពីរាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកែប និងខេត្តមណ្ឌលគិរី តាមរយៈលិខិតលេខ ០១ សសរ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដែលមានលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន៕