តម្លៃខុនដូសម្រាប់ធ្វើជាចំណតរថយន្តថ្លៃញាក់សាច់ មានតម្លៃខ្ពស់ជាងផ្ទះវីឡាខ្លះ នៅស្រុកខ្មែរ

0

ដោយៈសុខុម

ញូវយ៉ក: ជាធម្មតាខុនដូគឺសម្រាប់មនុស្សរស់នៅ ប៉ុន្តែនៅពេលឮថាខុនដូសម្រាប់ចតរថយន្តគឺពិតជាប្លែកត្រចៀក និងស្ទើរមិនគួរឱ្យជឿ។ ទោះជាយ៉ាងណា វាគឺពិតមែនដោយសារតែចំណតរថយន្តឯកជន ទាំងនោះមានតម្លៃថ្លៃខ្ពស់កប់ពពក។

យោងតាមសៀវភៅមួយក្បាលមានចំណងជើងថា The High Cost of Free Parking ដែលចងក្រងដោយសាស្ត្រាចារ្យផ្នែកស្រាវជ្រាវលោក Donald Shoup បង្ហាញថា គម្រោងហ្គារ៉ាសចតរថយន្តឯកជនមួយនៅឧទ្យាន Center Park ក្នុងសង្កាត់ Manhattan ក្រុងញូវយ៉ក សហរដ្ឋអាមេរិក មានតម្លៃថ្លៃណាស់ ដោយចំណតសម្រាប់រថយន្តមួយគ្រឿងមានតម្លៃដល់ទៅរាប់សែនដុល្លារឯណោះ។

សារព័ត៌មាន Bloomberg បានចុះផ្សាយថា ក្រុមហ៊ុនប្រតិបត្តិករហ្គារ៉ាសចតរថយន្តឯកជននេះ បានប្រែក្លាយហ្គារ៉ាសចតរថន្តជួលធម្មតា ទៅជាខុនដូសម្រាប់ចតរថយន្ត ពោលគឺលក់ទីធ្លាសម្រាប់ចតរថយន្តតែម្ដង។

ហ្គារ៉ាសចតរថយន្តឯកជននៅអគារ The Mayfair ខាងលើនេះមានទីធ្លាដែលអាចចតរថយន្តបាន២៣គ្រឿង ហើយចំណតខ្លះលក់ក្នុងតម្លៃខ្ពស់ រហូតដល់ទៅ៣៥០.០០០ដុល្លារ ស្ទើរមិនគួរឱ្យជឿ។

ក្រុមហ៊ុនថែមទាំងជួលភ្នាក់ងាររបស់ក្រុមហ៊ុនអចលនទ្រព្យ Douglas Elliman ជួយផ្សព្វផ្សាយលក់ចំណតរថយន្តទាំងនេះទៀតផង ដោយតម្លៃមួយចំណតចាប់ពី២០០.០០០ដុល្លារឡើងទៅ។

អគារខុនដូជាច្រើន នៅទីក្រុងញូវយ៉ក លក់ចំណតរថយន្តឱ្យទៅអ្នកស្នាក់នៅរបស់ខ្លួន ប៉ុន្តែជាធម្មតាមិនអនុញ្ញាតឱ្យអ្នកខាងក្រៅ ដែលមិនមែនជាអ្នកស្នាក់នៅទិញឡើយ។

ទោះជាយ៉ាងណា ខុនដូចំណតរបស់ក្រុមហ៊ុនអចលនទ្រព្យ Centerpark ខាងលើនេះ បើកទូលាយសម្រាប់អ្នកទិញទូទៅឱ្យតែមានលុយ និងហ៊ានថ្លៃ។ ម្ចាស់ចំណតម្នាក់ទទួលបានទីធ្លា១៧ម៉ែត្រការ៉េ ដែលល្មមសម្រាប់ចតរថយន្តមួយគ្រឿង និងទុកដាក់របស់តិចតួច។

លោក Gregg Reuben នាយកប្រតិបត្តិក្រុមហ៊ុន Centerpark បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនអាចនឹងប្រែក្លាយហ្គារ៉ាសចតរថយន្ត៣ ក្នុងចំណោមហ្គារ៉ាសជួល១៧ទៀតរបស់ខ្លួន ទៅជាខុនដូសម្រាប់ចតរថយន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here