ដោយៈមុនី រិទ្ឋ
ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង លោកឧកញ៉ាភួ ពុយបានបង្ហើបពីទីតាំងផ្លូវ ដែលតភ្ជាប់ពីក្រុងសៀមរាប មកកាន់ខេត្តបាត់ដំបងនាពេលខាងមុខនេះ។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៧ សីហាកន្លងមកថា តាមរយៈការប្រជុំពិភាក្សា ជាមួយមន្រ្តីក្រសួងនាពេលកន្លងមក ផ្លូវនេះអាចតភ្ជាប់ពីក្រុងសៀមរាប ឆ្លងកាត់ទន្លេសាប មកកាន់ក្រុងបាត់ដំបង ក្រុមមន្រ្តីបាន បង្ហាញនូវទីតាំង ដែលផ្លូវនេះតភ្ជាប់ គឺមកកាន់តំបន់អួរតាគី ស្ថិតក្នុងស្រុកថ្មគោល ក្នុងខេត្តបាត់ដំបង ដែលមានចម្ងាយពីទីក្រុងបាត់ដំបងប្រមាណ៧គីឡូម៉ែត្រ។
លោកឧកញ៉ាបានបន្តថា “ទោះជាយ៉ាងណាគំរោងនេះ អាចមានការប្រែប្រួលឬយ៉ាងណា វាអាស្រ័យលើផែនការរបស់ក្រសួង បន្ទាប់ពីសិក្សាបញ្ចប់រួចរាល់នាពេលខាងមុខ”។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាធ្លាប់បានមានប្រសាសន៍ឲ្យដឹងផងដែរថា ផ្លូវនេះកំពុងត្រូវបានសិក្សានៅឡើយ ហេតុនេះយើងមិនទាន់ដឹងពីភូមិសាស្រ្តជាក់លាក់នោះទេ ដោយសារគំរោងនេះ អាចចំណាយពេលផងងដែរ ព្រោះបច្ចុប្បន្នថវិកាជាតិ ចំណាយមកកាន់ក្រសួង បានកាត់បន្ថយ៥០ភាគរយឬកាត់បន្ថយបន្ថែមទៀត ដើម្បីរដ្ឋាភិបាលអាចយកថវិកាទាំងនោះ ប្រើប្រាស់សម្រាប់ស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩។
លោកបន្តថា “ការសាងសង់ផ្លូវនេះ ជាអ្វីដែលឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនចង់បាន ហេតុនេះយើងរំពឹងថាផ្លូវនេះនឹងអាចស្ថិតក្នុងគំរោងអាទិភាពមួយនាពេលអនាគត”៕