រដ្ឋមន្ត្រីទេសចរណ៍ៈកម្ពុជាត្រៀមខ្លួនរួចរាល់យកខេត្តព្រះសីហនុរៀបចំវេទិកាទេសចរណ៍អាស៊ានATF ២០២២

0

ដោយៈ តារា

ភ្នំពេញៈ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍  បានដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័ន ព្រមទាំងក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំវេទិកា ទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ និងជម្រុញរៀបចំឲ្យខេត្តជាប់មាត់សមុទ្រមួយនេះ មានភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ។

រដ្ឋមន្ត្រី ថោង ខុនបានថ្លែងថា  នៅពេលនេះក្រុមការងារអន្តរក្រសួង បានសម្រេចយកសណ្ឋាគារសុខា ធ្វើជាទីតាំងធំត្រៀមលក្ខណៈទទួលរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននៅកម្ពុជា នាដើមឆ្នាំ២០២២ ដែលមានថ្នាក់ដឹកនាំ ក្រុមឧត្តមមន្ត្រី មន្ត្រីជំនាញទេសចរណ៍ មកពីតាមបណ្តាប្រទេសសមាជិក និងបណ្តាប្រទេសដៃគូអាស៊ាន  និងអ្នកវិនិយោគទុន អ្នកសារព័ត៌មានជាតិអន្តរជាតិ និងភ្ញៀវទេសចរជាតិអន្តរជាតិជាច្រើនអញ្ជើញចូលរួម។

បន្ទាប់ពីចុះត្រួតពិនិត្យ និងជម្រុញអោយខេត្ត និងសណ្ឋាគារសុខារៀបចំទីតាំងរៀបចំព្រឹត្តិការណ៍អោយបានស្អាត អនាម័យ មានសុវត្ថិភាព និងភាពទាក់ទាញនោះហើយ លោក ថោង ខុន  បានថ្លែងថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ASEAN Tourism Forum 2022) ឬហៅកាត់ថា ATF 2022 នេះ នឹងប្រារព្ធឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ (ASEAN – A Community of Peace and Shared Future)» ឆ្ពោះទៅការស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យនេះ ក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។

លោកបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានATFនេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ  កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន-ឥណ្ឌា) និងអាចមានកិច្ចប្រជុំ ជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន (ASEANTA Meetings) និងមានសិក្ខាសាលាថ្នាក់តំបន់ជាច្រើនទៀត និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ «TRAVEX»។ ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏ធំបំផុតក្នុងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២០ខែមករា ឆ្នាំ២០២២ និងមានការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) និងអ្នកទិញ ( Buyers)។

លោកថោង ខុន បញ្ជាក់ថា នៅក្នុងអណត្តិដែលកម្ពុជា ត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ATFនេះ គឺយើងមិនអាចរៀបចំធំដូចមុនៗបានទេ ដោយសារបញ្ហាកូវីដនៅមាននៅឡើយ ដែលចាំបាច់ត្រូវជំរុញការអនុវត្តនូវវិធានសុវត្ថិភាព វិធានសុខាភិបាលឱ្យបានហ្មត់ចត់ ស្របតាមគន្លងប្រក្រតីភាពថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here