ដោយៈហឺស សេរីធន
អន្តរជាតិៈ ភាពប្រទាក់ក្រឡារវាងផលប្រយោជន៍ ភូមិសាស្រ្តនយោបាយ និងការកកូរកកាយរវាងមហាអំណាចធំៗចំនួនពីរលើពិភពលោក នឹងធ្វើឲ្យបញ្ហាសមុទ្រចិនខាងត្បូងអូសវែងអន្លាយដូចរឿង” ១ពាន់មួយយប់”រវាងចិន វៀតណាម និងបណ្តាប្រទេសជាច្រើនទៀត។
ភាពបដិបក្ខអំពីផលប្រយោជន៍ របស់ពួកប្រទេស Claimant States ក្នុងការអះអាងដែនអធិបតេយ្យភាព និងអំណាចយុត្តាធិការលើសមុទ្រចិនខាងត្បូង ជាបច្ច័យមួយដ៏លំបាកបំផុត ក្នុងការពុំអាចសម្របសម្រួលដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃនេះបាន តាមរយៈការជួបចរចា ឬមួយតាមរយៈសាលក្រម របស់ទោះបីអង្គការអន្តរជាតិណាមួយ! ដោយជំហរនយោបាយ និងផលប្រយោជន៍មានការខុសគ្នាផ្សេងឆ្ងាយពីគ្នាទាំងអស់!។
-->
បញ្ហាសមុទ្រចិនខាងត្បូង ជាផលប្រយោជន៍សេដ្ឋកិច្ច តែបានបង្កប់ទៅក្នុងនយោបាយភូមិសាស្រ្ត យុទ្ធសាស្រ្ត ក្រោយមកបញ្ហានេះបានក្លាយទៅជា “ Mode” មួយក្នុងការនាំដល់ការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់ បន្ទាប់មកបែរទៅជាបម្រើឱ្យនយោបាយកេងចំណេញរបស់ពួកប្រទេសយក្ស នៅខាងក្រៅតំបន់ទៅវិញ!។
មានសច្ចៈធម៌មួយ នៅក្នុងប្រវត្តិនៃវិទ្យាសាស្រ្តនយោបាយ គឺនៅពេលដែលបញ្ហាកើតឡើងហើយ មានការជ្រៀតជ្រែកមួយដ៏ធំពីខាងក្រៅ មកលើភូមិសាស្រ្តនយោបាយដោយអានុភាពរបស់មហាអំណាចពិភពលោកនោះ គឺច្បាស់ជានឹងធ្វើឱ្យសភាពការណ៍នៅទីនោះមានការលំបាក ក្នុងការវិលមកស្ថានភាពដើម(Status quo ante ) ដូចមុនបានឡើយ! ឧទាហរណ៍ជាក់ស្ដែងសភាពការណ៍នៅភូមា នឹងវិលមកដូចដើមតែនឹងខុសទាំងអស់មិនដូចសភាពដើមឡើយ។
សង្រ្គាមត្រជាក់កើតឡើងជាបន្តបន្ទាប់ នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ក្នុងមួយទសវត្សរ៍កន្លងមកនេះ បានក្លាយទៅជាមុខទំនិញមួយដែលមានតម្លៃ ធ្វើឱ្យពួកប្រទេសដែលមានការពាក់ព័ន្ធ និងពួកប្រទេសដែលពុំមានការពាក់ព័ន្ធ (Non Claimant States) បានរួមគ្នាធ្វើការតថ្លៃ ទិញដូរ ក្នុងតម្លៃនៃផលប្រយោជន៍យុទ្ធសាស្រ្តរៀងៗខ្លួន!។
ដោយចរិតស្មុគស្មាញរបស់បញ្ហាសមុទ្រចិនខាងត្បូង ទើបពួកអ្នកយុទ្ធសាស្ដ្ររំពឹងថា ក្នុង១០ទៅ២០ឆ្នាំខាងមុខទៀត បញ្ហាសមុទ្រចិនខាងត្បូង ក៏គ្មានដំណើរវឌ្ឍនភាព នៅតែដដែលៗ ក្នុងករណីបើពួកប្រទេសពាក់ព័ន្ធ មិនឯកភាពលើរូមមន្ត ដាក់ទំនាស់ទៅម្ខាង ហើយរួមគ្នាធ្វើអាជីវកម្ម រកស៊ីក្នុងផលប្រយោជន៍រួមនោះ!។
ដោយមានការបារម្ភដ៏ជ្រាលជ្រៅ ទៅនឹងសង្រ្គាមត្រជាក់ដ៏រ៉ាំរ៉ៃ នៅក្នុងតំបន់អាស៊ីថ្មីនេះ ទើបពេលនៅរស់លោក Surin Pitsuwan ធ្លាប់បានប្រកាសយ៉ាងចំហរថា បញ្ហាសមុទ្រចិនខាងត្បូងគឺជាបញ្ហាPalestineរបស់អាស៊ី ដែលពិបាករកដំណោះស្រាយ! បើអ្នកនយោបាយអាស៊ីខ្លះ បានហៅបញ្ហាសមុទ្រចិនខាងត្បូងថា ជារឿងព្រេងនិទាន១០០១យប់! ការនិយាយបែបនេះចង់បញ្ជាក់ឱ្យឃើញថា បញ្ហានេះនៅបន្តអូសបន្លាយមិនចេះចប់ ហើយនឹងហែកតំបន់អាស៊ីមួយនេះ ទៅជាចំណែកតូចៗ ព្រោះដោយមានប្រទេសខ្លះគាំទ្រនិងក៏មានប្រទេសខ្លះមិនឯកភាព ដែលជាហេតុចម្បងនាំឱ្យមានការមិនចុះសម្រុងគ្នាទាំងក្នុងតំបន់ ទាំងនៅលើពិភពលោកនោះ!។
ការវិវត្តរបស់ពិភពលោកក្នុង២០ឆ្នាំចុងក្រោយនេះ
ស្ថានភាពទាំងនេះ មិនខុសអីទៅនឹងតថភាពរបស់ចក្រភពអង់គ្លេសមុននេះ ដែលគេទាំងឡាយបានស្គាល់ និងហៅចក្រភពអង់គ្លេសថាជា “តោសមុទ្រ”នោះ ដោយអង់គ្លេស ក្នុងសម័យកាលនោះ ធ្លាប់បានធ្វើជាអធិរាជផ្ដាច់មុខ លើមហាសាគរអស់រយៈកាលមួយដ៏យូរ តែក្រោយមកនិងឥឡូវនេះ សហរដ្ឋអាមេរិកដែលជាមហាអំណាចរបស់មហាអំណាចផុតលេខ (Super of Superpowers) ដែលក្នុងនោះអត្ថប្រយោជន៍ដ៏កំពូលនិងសាវ័ន្តក្នុង Global Strategy គឺសេរីភាពក្នុងការធ្វើនាវាចរណ៍ លើមហាសាគរទាំងអស់ ដែលអំណាច ក្នុងការធ្វើចរាចរនាវាចរណ៍លើមហាសាគរនេះ គឺជាអត្ថិភាពនិងជាកម្លាំងពិតរបស់អាមេរិក ដែលសិទ្ធិអំណាចទាំងអស់នេះផ្សារភ្ជាប់ទៅនឹងValue របស់ប្រទេសអាមេរិកផង!។
ផ្ដើមចេញពីទស្សនទាននេះ ទើបអាមេរិកចាត់ទុកប្រទេសរបស់ខ្លួន មានអំណាចធ្វើជាម្ចាស់លើមហាសាគរទាំងអស់ ព្រមទាំងមានសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់នូវកម្លាំងបាយ ដើម្បីធានាការពារដល់អំណាចផ្ដាច់មុខមួយនេះ ដូចដែល“តោសមុទ្រ”អង់គ្លេសធ្លាប់បានវាតទីអុងអាត់ ធ្វើអធិរាជមកលើសមុទ្រទាំងអស់ ក្នុងសម័យកាលនាសតវត្សរ៍ទី១៩នោះ!។
ទាក់ទងដល់ទស្សនៈនយោបាយ គ្រប់គ្រងមកលើមហាសាគរនេះ ដោយជាប្រទេសទើបនឹងងើបឡើង ចង់ចែករំលែកតួនាទី និងចូលរួមក្នុងការអះអាងអត្ថិភាពរបស់ខ្លួន ក្នុងសតវត្សរ៍ទី២១នេះផងដែរ ទើបចិនធ្លាប់មានឥរិយាបថទន់ភ្លន់មួយ ដោយបានធ្វើការអះអាងថា ចិនជាប្រទេសដែលតែងតែមានភាព Fair Treatment ប្រកបទៅដោយការទទួលខុសត្រូវមួយនៅលើសមុទ្រចិនខាងត្បូង!ព្រោះប្រទេសចិនត្រូវការបរិយាកាសជុំវិញប្រកបទៅដោយសន្តិភាព រួមរស់ជាមួយបណ្ដាប្រទេសភូមិផង និងជុំវិញសមុទ្រចិនខាងត្បូង ដើម្បីការអភិវឌ្ឍន៍និងវឌ្ឍនភាព ហើយបើគ្មានសន្តិភាពនិងស្ថិរភាព គឺនឹងពុំអាចមានបរិយាកាសសហប្រតិបត្តិការល្អ នៅក្នុងតំបន់ដូចបច្ចុប្បន្ននេះឡើយ!។
ក៏ប៉ុន្តែ នៅពេលដែលឥទ្ធិពលរបស់ចិនកាន់តែរីកធំធាត់ កើនឡើងហើយអានុភាពរបស់អាមេរិកនៅអាស៊ី បាននិងកំពុងមានភាព Challenging យ៉ាងដូច្នោះ ប្រហែលជាអាមេរិកនឹងមានការលំបាក ក្នុងការស្វែងរកកៀរគររកភាពជាដៃគូ និងក៏ដើម្បីមានការគាំទ្រចំពោះនយោបាយមួយ បង្កើតឱ្យមានភាពប្រឈមនៅក្នុងតំបន់នោះ!។
គេទាំងឡាយដឹងថា ចាប់តាំងពីសង្រ្គាមលោកលើកទី២ចប់ទៅ សហរដ្ឋអាមេរិកបានពឹងផ្អែកមកលើសម្ព័ន្ធមិត្តអាស៊ីពីរ គឺ ជប៉ុន និងហ្វីលីពីន ដើម្បីធ្វើឱ្យមានស្ថិរភាពនិងជួយបំពេញនូវតុល្យភាពកម្លាំង លើជញ្ជីងអំណាចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ! ក៏ប៉ុន្តែដោយអត្ថប្រយោជន៍ជាតិ និងអំណាចឥស្សរភាព បានធ្វើឱ្យប្រទេសពីរនេះ ដែលជាដៃគូយុទ្ធសាស្រ្តសំខាន់ ជប៉ុន និងហ្វីលីពីន មួយថ្ងៃកាន់តែបាត់អស់ជំនឿ ក្នុងចក្ខយុទ្ធសាស្រ្តរបស់អាមេរិកជាបណ្ដើរៗ ដោយពួកគេមានការស្ទាក់ស្ទើរ ក្នុងការចង់ស្ថិតនៅក្នុងតារាវិថីឥទ្ធិពលនយោបាយរបស់អាមេរិក! ដោយមើលឃើញករណីCrimea បន្ទាប់មកភូមាជាមេរៀនប្រវត្តិសាស្រ្តជាក់ស្ដែងបំផុតនោះ!។
ដោយមានសម្ពាធ ក្នុងដំណោះស្រាយនៅមជ្ឈឹមបូព៌ា អាស៊ីខាងត្បូងនិងកន្លែងជាច្រើនទៀត បានធ្វើឱ្យសហរដ្ឋអាមេរិក បោះបង់នូវគោលគំនិត Engagement ខ្លាំងក្នុងទំនាក់ទំនងជាមួយប្រទេសខ្លះនៅក្នុងតំបន់ ងាកមករកភាព Detende ជាមួយចិនវិញ! ឆ្លៀតពេលដ៏លំបាកមួយនេះចិន ក៏បានបំពេញចូលមកជំនួស ក្នុងកន្លែងចន្លោះប្រហោងរបស់អាមេរិកនេះវិញ!។
ពិនិត្យជារួមក្នុងបរិបទបច្ចុប្បន្ន ពេលនេះអាមេរិកនៅពុំទាន់មានគំនិតចង់ប្រើប្រាស់បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងគោលដៅនយោបាយ ចំពោះចិននៅឡើយទេ! ព្រោះបើធ្វើយ៉ាងដូច្នោះ គឺអាចនិងជំរុញឱ្យចិនធ្លាក់ទៅក្នុងស្ថានភាពមួយ ដាច់ខាតប្រយុទ្ធស្លាប់រស់ជាមួយនិងអាមេរិកជាមិនខាន! ករណីអូស្រ្តាលីជាបទពិសោធន៍ជាក់ស្ដែងបំផុតនោះ!។ ដូច្នោះមានតែវិធីមួយទេ គឺឆ្លៀតឱកាសដែលចិនបាន និងកំពុងវាតទីកម្លាំងយោធា សំដៅគ្របដណ្ដប់ កាន់កាប់មកលើតំបន់សមុទ្រចិនខាងត្បូងទាំងមូល គំរាមកំហែងមកលើវៀតណាមនិងហ្វីលីពីន រួមទាំងការបង្កភាពភ័យខ្លាចមកលើអាស៊ីអាគ្នេយ៍ និងសន្តិសុខនៅអាស៊ីទាំងមូលនោះ ដែលនេះអាចជាលេសមួយ ធ្វើឱ្យអាមេរិកប្រើប្រាស់អស់ថាមពលយោធារបស់ខ្លួន ក្នុងការរំកិលចូលមកសមុទ្រចិនខាងត្បូង និងអាស៊ីបូព៌ា បង្កើតទៅជាជំនឿទុកចិត្តមួយ សម្រាប់ពួកប្រទេសនៅក្នុងតំបន់ ព្រមទាំងរួមដៃជាមួយកូរ៉េខាងត្បូង ក្នុងការពង្រីកនិងបំបាក់កូរ៉េខាងជើងទៀតផង!។
ទន្ទឹមនេះ ក៏ដើម្បីប្រមូលផ្ដុំប្រទេសអាស៊ានទាំងអស់ រួមទាំងពួកប្រទេសមហាអំណាចអាស៊ី ដែលមានជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្រ្តាលី រួមទាំងរុស្ស៊ីផងធ្វើការគាបសង្កត់បង្ខំឱ្យចិន វិលមករកស្ថានភាពដើមរបស់ប្រទេសខ្លួនវិញ ក្នុងឋានៈជាប្រទេសចេះគោរពបូរណភាពទឹកដី ដែនសមុទ្រនិងសន្តិសុខក្នុងតំបន់ផង (Sic)!។
មហិច្ឆតាជាយុទ្ធសាស្រ្តរបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាភាពជាក់ស្ដែងប្រាកដនិយមមែន! ហើយផ្ដើមចេញពីទំនាក់ទំនងជាប្រវត្តិសាស្រ្ត គឺអាស៊ីអាគ្នេយ៍ជាច្រកទ្វារខាងត្បូងរបស់ចិន ដោយចិនមានទំនាក់ទំនងឫសគល់ ស៊ីជម្រៅនៅក្នុងតំបន់នេះពីយូរយាណាស់មកហើយ ដែលចាប់ផ្ដើមពីការតភ្ជាប់ភូមិសាស្រ្ត (មានព្រំដែនរួមជាប់គ្នាជាមួយឡាវ ភូមា និងវៀតណាម)។
ទន្ទឹមនេះចិន ក៏មានសហគមន៍ជនជាតិចិនមួយដ៏ធំ ដែលជាតិចិនមួយនេះ៣៥លាននាក់បានក្ដាប់ នៅក្នុងដៃនូវថាមពលសេដ្ឋកិច្ចមួយដ៏មហិមា ឥតគណនាបាននៅគ្រប់ទិសទីនៅក្នុងតំបន់ ហើយបើនិយាយអំពីប្រវត្តិសាស្រ្តវិញ គឺមានប្រទេសអាស៊ីមួយចំនួន ក៏ធ្លាប់ទទួលឥទ្ធិពល និងមានទំនាក់ទំនងជាមួយចិន រាប់សិបរយឆ្នាំកន្លងមកផងដែរ!។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសគឺចាប់តាំងពីសង្រ្គាមត្រជាក់ចប់ ហើយសហរដ្ឋអាមេរិក បានក្លាយទៅជាមហាអំណាចផុតលេខតែមួយគត់មក ចិនក៏បានត្រៀមនិងជំរុញគោលនយោបាយអនុគ្រោះមួយ មកកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយគោលនយោបាយមួយនេះ ក៏មានអត្ថប្រយោជន៍សម្រាប់ជនជាតិចិនផងដែរ!។ ចាប់តាំងពីបណ្ដាទសវត្សរ៍ទី៩០ ចិនបានសង្កត់ធ្ងន់មកលើភាព Harmonization ក្នុងតំបន់ ដោយដំណើរនេះបានឆ្លង តាមរយៈការងារការទូតមួយដ៏ទន់ភ្លន់ ដើម្បី Conquer ឱ្យបានដោយប្រើប្រាស់នយោបាយអំណាចទន់ (Soft power) ដែលវិធីសាស្រ្តក្នុងការ Conquer ដោយអំណាចទន់នេះបានឆ្លុះបញ្ចាំង តាមរយៈការកសាងឡើងនូវរូបភាពនយោបាយមួយ ក្នុងភាពជាអ្នកភូមិផងល្អ រួមវិភាគទានដើម្បីវឌ្ឍនភាពសេដ្ឋកិច្ចរបស់ពលរដ្ឋចិនផង និងក៏ដើម្បីប្រជាពលរដ្ឋអាស៊ីអាគ្នេយ៍ផង!។
ភាពទន់ភ្លន់របស់ចិននេះ តែពុំមែនជាការរាថយលើសមុទ្រចិនខាងត្បូងឡើយ
សមុទ្រចិនខាងត្បូង ជាគន្លឹះមួយដ៏សំខាន់ ដោយសំណូមពរនៃការទាមទាររបស់ចិនត្រូវបានបង្ហាញឡើង តាមរយៈផែនទីអក្សរU ដែលខ្សែបន្ទាត់អក្សរUនេះ ហាក់បីដូចជាបានរត់ជុំសមុទ្រចិនខាងត្បូង ដោយផ្លូវរត់មួយនេះ បានរត់កាត់ទទឹងបណ្ដាផ្លូវ Main Navigationទាំងអស់ លើតំបន់សមុទ្រចិនខាងត្បូង!។ ទាក់ទងដល់ផ្លូវអក្សរUនេះ មន្រ្តីរបស់ចិនទាំងអស់ ហាក់បីដូចជាមានការស្ទាក់ស្ទើរ មិនប្រកាសជាសាធារណៈអំពីដែនអធិបតេយ្យភាពរបស់ខ្លួន លើសមុទ្រចិនខាងត្បូងឱ្យថា មានភាពច្បាស់លាស់ត្រង់កន្លែង!ត្រឹមណា! ក៏ប៉ុន្តែបើមានអំពើណាមួយក្នុងការបំពារបំពាន រំលោភមកលើតំបន់អក្សរUនេះ គឺចិននឹងមានប្រតិកម្មយ៉ាងខ្លាំងជាដាច់ខាត ដោយអះអាងថា South China Sea as Core Interests of China!។
ក្នុងរាល់សេចក្ដីថ្លែងការណ៍ និងសកម្មភាពទាំងឡាយរបស់ចិន ក្នុងមួយទសវត្សរ៍កន្លងមកនេះ គឺលែងមានការមន្ទិលសង្ស័យអ្វីទៀត ដោយចិនបានអះអាងចាត់ទុក សមុទ្រចិនខាងត្បូង ជាដែនអធិបតេយ្យភាពក្នុងអំណាចយុត្តាធិការ ពិតប្រាកដរបស់ចិនដែលមិនអាចប្រកែកបានឡើយ។ តែអាចដោយសមត្ថភាពយោធារបស់ចិន លើសមុទ្រចិនខាងត្បូង នៅមានលទ្ធភាព និងការអំណត់ ទើបចិនអនុវត្តន៍យុទ្ធវិធីបង្កភាពស្រពិចស្រពិលលើបញ្ហា ជាជាងធ្វើឱ្យគម្រោងការនេះច្បាស់លាស់! តែភាពស្រពិចស្រពិលមួយនេះដាច់ខាតមិនអនុញ្ញាតឱ្យទោះបីនរណាម្នាក់ បំពានមកលើតំបន់សមុទ្រនេះបានជាដាច់ខាត!។
ឥទ្ធិពលនិងលទ្ធភាព ក្នុងយុទ្ធសាស្រ្តរបស់ចិន នៅអាស៊ីអាគ្នេយ៍មានភាពជ្រាលជ្រៅនិងមួយថ្ងៃកាន់តែវិវត្តន៍រីកចម្រើន ហើយប្រការនេះត្រូវបានសម្ដែងឡើង យ៉ាងជាក់ស្ដែងដែលពិសេសបំផុតនោះ គឺក្នុងវិស័យសេដ្ឋកិច្ច! ហើយនៅពេលដែលវិបត្តិសេដ្ឋកិច្ចពិភពលោកមកពីបញ្ហា Covid ធ្វើឱ្យខឿនសេដ្ឋកិច្ចរបស់អាមេរិក និងអឺរ៉ុបរង្គោះរង្គើ បាក់ទន់ខ្សោយទៅនិងអស់ជំនឿទុកចិត្ត ស្រាប់តែចិនប្រជាមានិតលេចធ្លោឡើង ជាដៃគូពាណិជ្ជកម្មមួយ ដ៏ធំបំផុតរបស់អាស៊ានទៅវិញ! ហើយនេះក៏ប្រហែលពុំមែនជាការចៃដន្យណាមួយនោះទេ គឺដោយក្នុងប៉ុន្មានឆ្នាំមុននេះ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន–ចិនចាប់មានដំណើរការចូលជាធរមានដោយយថាភាព!។
ជាតថភាព ទោះបីជាមានកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអាស៊ានឬតំបន់លើវិស័យសេដ្ឋកិច្ចយ៉ាងនេះក៏ដោយ ក៏វៀតណាមនៅតែមានភាពប្រឈម ជាប្រចាំដ៏ច្រើនឥតគណនា ជាពិសេសក្នុងស្ថានភាព ដែលវៀតណាមបាន និងកំពុងរំកិលខ្លួនសម្របសម្រួល ទៅជាដៃគូយុទ្ធសាស្រ្តជាមួយអាមេរិក! ក្នុងការរួមដៃទប់ទល់ទៅនឹងអានុភាពរបស់ចិនទាំងក្នុងតំបន់ ទាំងនៅលើតំបន់សមុទ្រចិនខាងត្បូងនោះ!។
តែយ៉ាងណាក៏៏ដោយ ក្នុងទស្សនៈវិស័យនៃបរិបទថ្មីមួយនេះវៀតណាម នៅតែត្រូវប្រឈមមុខ ទៅនឹងបញ្ហាដ៏លំបាកស្មុគស្មាញពីរ ទាំងនៅចំពោះមុខ ទាំងយូរអង្វែងរួមមានដូចជា
១)– ចំពោះអាមេរិក
សហរដ្ឋអាមេរិកមានគោលបំណងដ៏សាមញ្ញបំផុត គឺចង់រក្សាតំបន់សមុទ្រចិនខាងត្បូងនេះ ឱ្យនៅតែជាតំបន់ដែលនាវាចរណ៍អន្តរជាតិ អាចធ្វើដំណើរទៅមកដោយសេរី បើកចំហរ និងសុវត្ថិភាព! អាមេរិកមានអត្ថប្រយោជន៍ជាតិតែមួយគត់ នៅក្នុងតំបន់សមុទ្រនេះ ក្នុងករណីដែលអាមេរិកការពារបាន នូវសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍ ព្រមទាំងរក្សាតំបន់សមុទ្រនេះ ឱ្យនៅតែជាតំបន់សេរីនិងបើកចំហរ។ ដូច្នោះ ការចូលរួមរបស់អាមេរិក នៅក្នុងតំបន់សមុទ្រចិនខាងត្បូងគឺមានចរិត Fair និងសត្យានុម័តបំផុត ដោយពុំមែនជាការ Binding ត្រូវនឹងការការពារអធិបតេយ្យ បូរណភាពដែនដី ឬផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសណាមួយឡើយ!។
២)–ចំពោះចិនវិញ
ដោយទទួលរងសម្ពាធពីសហគមន៍អន្តរជាតិ ជាពិសេសគឺអាមេរិក ក្នុងការបង្ខំឱ្យចិន ដែលអាចបោះបង់នូវទស្សនៈទានហៅថា “ Core interests”នោះ តែបើចិនវិញ ប្រហែលជាដាច់ខាត មិនបោះបង់ចោលនូវផ្លូវអក្សរU ដែលចិនបានគូសកំណត់លើសមុទ្រចិនខាងត្បូងរួចហើយនោះ!។ មុននិងក្រោយ ដាច់ខាតចិននឹងការពារអក្សរUនៅលើសមុទ្រចិនខាងត្បូងនេះ ដែលជាសក្ខីកម្មមួយមិនអាចប្រកែកបាន អំពីសកម្មភាពវាតទីអំណាចរបស់ចិន ដែលផ្លូវអក្សរUនេះបានគ្រប់ដណ្ដប់អស់៨០% នៃវិសាលភាពលើសមុទ្រចិនខាងត្បូងអស់ទៅហើយនោះ!។
COC ក៏ពុំមែនជាដំណោះស្រាយល្អដូចការរំពឹងនោះឡើយ
Code of Conduct (COC) ពុំមែនជានីតិលក្ខណៈ (Statute) របស់សន្ធិសញ្ញាអន្តរជាតិ ដូច្នោះ COC នឹងមិនត្រូវបានផ្ដល់សច្ចានុម័ត(Ratification)ឡើយ ដែលទោះបីជា COCនេះ មានលក្ខណៈជាសំណុំឯកសារទាក់ទងទៅដល់សន្តិភាព សន្តិសុខព្រំដែន បូរណភាព និងអធិបតេយ្យភាពរដ្ឋក៏ដោយចុះ! ទាំងអស់នេះហើយ ដែលជាឧបសគ្គក្នុងការអនុវត្តន៍ COC របស់ពួកប្រទេសក្នុងតំបន់ទាំងអស់ ដែលមានការពាក់ព័ន្ធនោះ!។
ផ្ដើមចេញពីបរិបទនេះហើយ ទើបមានការព្យាករណ៍ និងទិសដៅដោះស្រាយជាមុនថា ហេតុផលទាំងឡាយខាងលើនេះ អាចជាជំនួយស្មារតី ក្នុងការជួយដល់ប្រទេសទាំងអស់ សុំកុំចំណាយពេលដ៏ឥតប្រយោជន៍ ក្នុងការកសាង COC ដែរទីបំផុត ពុំបាននាំមកនូវលទ្ធផលជាវិជ្ជមានណាមួយឡើយ! ព្រោះឯកសារ COC ចុងក្រោយ ក៏ពុំមានចរិតគតិយុត្តិណាមួយច្បាស់លាស់ផងដែរ ព្រោះពុំមាន Value of binding ដូចឯកសារ DOC អីចឹងផងដែរ!។ ដូច្នោះអ្វីទៅដែលជាដំណោះស្រាយមួយដ៏ល្អ សម្រាប់បញ្ហាខាងលើនេះ! វិធីសាស្រ្តដ៏ល្អបំផុតនោះ គឺការឆ្ពោះទៅធ្វើសន្ធិសញ្ញាអំពី Conduct លើសមុទ្រចិនខាងត្បូងវិញ!។
ទីមួយ វិធានការដ៏សាមញ្ញបំផុតនោះ គឺពួកប្រទេសពាក់ព័ន្ធចាំបាច់ ត្រូវរួមគ្នាកសាងសន្ធិសញ្ញាស្ដីពី Conduct of South China Sea ! ព្រោះសន្ធិសញ្ញានេះ អាចមានខ្លឹមសារច្រើន ប្រហាក់ប្រហែលដូចគ្នាទៅនឹង COC ដែលមានការបំពេញបន្ថែមមកលើប្រការនិងមាត្រាខ្លះអំពីប្រសិទ្ធភាពជាគតិយុត្តិនោះ។
ទីពីរ ការកសាងសន្ធិសញ្ញាស្ដីពី Conduct of South China Sea អាចត្រូវបានចាត់ទុកថា កិច្ចការមួយមិនប្រាកដនាពេលនេះ ព្រោះអីដំណើរការកសាងCOCបាន និងកំពុងជួបប្រទះ ទៅនឹងការលំបាករួចទៅហើយ!ដូច្នោះដើម្បីជាទស្សនៈវិស័យ ពួកប្រទេសពាក់ព័ន្ធទាំងអស់គួររៀបចំជា Roadmap មួយឱ្យហើយក្នុងការឆ្ពោះ ទៅកសាងសន្ធិសញ្ញា (Treaty) ដូចការនិយាយខាងលើនេះ!។
ពួកអ្នកច្បាប់មើលឃើញថា ការកសាងឡើងនូវសន្ធិសញ្ញាស្ដីពី Conduct on the South China Sea នេះ ដែលទោះបីជាមានការលំបាកជាង ការកសាង COC ក៏ដោយ ក៏មិនមានបញ្ហាជាជាងការខុសគ្នាមួយ ដ៏ឆ្ងាយពី
ភាពគតិយុត្តិរវាងTreaty និងCOCនោះដែរ! ហើយដើម្បីជំនះឱ្យបាននូវការលំបាកមួយនេះ គឺចាប់ពីពេលនេះទៅ ពួកប្រទេសពាក់ព័ន្ធនិយាយដោយឡែក និងពួកប្រទេសអាស៊ាននិយាយជារួម ត្រូវចាប់ផ្ដើមម្ចាស់ការក្នុងការលើកឡើង និងសកម្មឆ្ពោះទៅជំរុញការកសាងTreaty on the Conduct of the South China Sea ពីពេលនេះតទៅបានហើយ!។
សហរដ្ឋអាមេរិក ជាប្រទេសធំមានផលប្រយោជន៍ច្រើន ពាក់ព័ន្ធលើគ្រប់ទិសទីក្នុងពិភពលោក ដែលជួនពេលខ្លះផលប្រយោជន៍ទាំងនេះ មានសារសំខាន់ជាងសេរីភាពនាវាចរណ៍ លើសមុទ្រចិនខាងត្បូងទៀតផង។
ដោយឡែកចិនក៏ជាប្រទេសធំមួយ ដែលមានមុខទំនិញជាសេដ្ឋកិច្ច និងនយោបាយផង ដែលមុខទំនិញទាំងនេះអាចយកមកប្រើប្រាស់អូសទាញ និងដើម្បី “Bargain” ជាមួយអាមេរិក ជាពិសេសគឺនៅពេលដែលចិនអាចបញ្ចុះបញ្ចូលអាមេរិកបានថា ចិននឹងមិនធ្វើនូវទោះបីអំពើណាមួយ ដែលមានឧបសគ្គ ឬការប៉ះពាល់ដល់សេរីភាពនាវាចរណ៍ លើសមុទ្រចិនខាងត្បូងនិយាយដោយឡែក ឬមួយក៏ចិនត្រូវមានឥរិយាបថ Fair treatment ក្នុងឋានៈជាមហាអំណាចមួយដែលមានការទទួលខុសត្រូវខ្ពស់និយាយជារួម។
មិនត្រឹមប៉ុណ្ណោះ ចិនក៏នឹងមានសិល្បៈការទូតបន្ថែមទៀត ក្នុងការធ្វើឱ្យអាមេរិក មានការធុញទ្រាន់ លែងចង់គិតគូរនឹកនាដល់តំបន់ សមុទ្រចិនខាងត្បូងទៀត ដូចករណីតៃវ៉ាន់និងទីបេ ដែលយូរទៅបានក្លាយទៅជា Fait accompliនោះ!។
ការវិវាទអំពីអធិបតេយ្យភាពលើតំបន់សមុទ្រ កោះ ដែលមួយថ្ងៃកាន់តែមានចរិតតានតឹង ស្រួចស្រាវឡើងៗ រវាងពួកប្រទេសនៅក្នុងតំបន់ ដោយចិនដាច់ខាតមិនបោះបង់ចោលនូវគំនិត Core interests របស់ចិនចំពោះសមុទ្រចិនខាងត្បូង ដែលនេះជាដុំសាច់មួយ ដែលមិនអាចធ្វើការវះកាត់យកចេញពីបំពង់ក របស់ពួកប្រទេសពាក់ព័ន្ធបានឡើយ!។
លទ្ធិជាតិនិយមនៅប្រទេសចិន ជាបច្ច័យចម្បងដែលនាំឱ្យមានការពុះកញ្ជ្រោលឡើងនៃបញ្ហាសមុទ្រចិនខាងត្បូង
ព្រោះរហូតមកដល់ពេលនេះ ចិននៅតែប្រកាន់ ទាមទារយក “សិទ្ធិប្រវត្តិសាស្រ្ត” និង “ ដែនអធិបតេយ្យភាពមិនអាចប្រកែកបាន” មាន៨០%លើសមុទ្រចិនខាងត្បូង!ហើយនៅពេល ដែលលទ្ធិជាតិនិយមឡើងដល់កម្រិតក្ដៅ គួបផ្សំទៅនឹងការកើនឡើងនូវអានុភាពយោធាផង លទ្ធផលចុងក្រោយ គឺជាកត្តាដែលអាចនាំឱ្យមានអស្ថិរភាពមិនឈប់ឈរនៅក្នុងតំបន់មួយនេះតែម្ដងទៅ!។
ដោយមើលឃើញនូវហេតុផល Direct impact មួយយ៉ាងដូច្នោះ ទើបបានធ្វើឱ្យវៀតណាមមានយុទ្ធវិធី៣យ៉ាងដូចជា ១)បន្តការតស៊ូមតិ និងសហប្រតិបត្តិការជាមួយពួកប្រទេសធំ ២)សម្របសម្រួលបត់បែន ទាំងជាមួយចិន ទាំងជាមួយអាមេរិក ៣)អនុវត្តន៍នូវគោលនយោបាយពហុភាព និងជួយឱ្យវៀតណាមមានការគាំទ្រពីខាងក្រៅ ដើម្បីសម្រួលដល់ការទាក់ទងជាមួយចិន លើបញ្ហាសមុទ្រចិនខាងត្បូងតែម្នាក់ឯង។
*អំពីការតស៊ូមតិ និងសហប្រតិបត្តិការ
វៀតណាមមានវិធីសាស្រ្តក្នុងការប្រឆាំងចិន ហើយបន្ទាប់មកវិលមកសហការជាមួយចិនវិញ តែមិនបណ្ដោយទុកឱ្យបញ្ហាសមុទ្រចិនខាងត្បូង ជាឧបសគ្គចម្បងក្នុងការរារាំងដល់ទំនាក់ទំនងទ្វេភាគីឡើយ! ការប្រឆាំងរបស់វៀតណាម គឺរួមមានការបង្កើនសមត្ថភាពទាំងកងទ័ពជើងទឹក ទាំងកងទ័ពជើងអាកាស និងទំនើបកម្មអាវុធយុទ្ធភ័ណ្ឌ!។
*អំពីការសម្របសម្រួលនិងការបត់បែននោះ
វៀតណាមចេះរមៀលខ្លួន កេងយកចំណេញ ពីផលប្រយោជន៍ជាក់ស្ដែងទាំងរបស់ចិនទាំងរបស់អាមេរិក សំដៅបម្រើគោលដៅឱ្យប្រទេសខ្លួន! ដោយគ្មានប្រទេសណាមួយ អាចបង្ខំឱ្យវៀតណាមឈរនៅក្នុងជួរនេះ ឬលំអៀងទៅរកខាងណាមួយឡើយ!។
*អំពីគោលនយោបាយពហុភាព
បានសម្រួលឱ្យវៀតណាម មានឱកាសបញ្ចុះបញ្ចូល អូសទាញពួកប្រទេសខាងក្រៅ ឱ្យចូលរួមក្នុងសង្វៀនទំនាស់ជាមួយខ្លួន រួមមានជប៉ុន អូស្រ្តាលី អង់គ្លេស បារាំង និងឥណ្ឌាផងដែរ។
វៀតណាមដឹងច្បាស់ថា ប្លុកអាស៊ានទាំងមូលពុំមានការឯកច្ឆ័ន្ទ ជាពិសេសគឺបញ្ហាភូមាថ្មីៗនេះ ជាឧទាហរណ៍ជាក់ស្ដែងបំផុត! ដូច្នោះ នឹងមានប្រទេសអាស៊ានខ្លះ និងមិនលើក ឬឯកភាពទៅនឹងការលើកឡើង នូវបញ្ហាសន្តិសុខនាវាចរណ៍ ដូចបញ្ហាសមុទ្រចិនខាងត្បូងនៅក្នុងបណ្ដាវេទិកាពហុភាគីឡើយ!។ ក្រៅពីនេះ ក៏អាចមានប្រទេសអាស៊ានខ្លះចង់ទុកឱ្យវៀតណាម និងហ្វីលីពីនដើរចូលទៅរូងខ្លា ព្រោះវៀតណាមធ្លាប់បានតាំងខ្លួនជាបងធំនៅអាស៊ី ជាអ្នកដែលធ្លាប់វាយឈ្នះមហាយក្សទាំង៤ ក្នុង១០០ឆ្នាំកន្លងមកនេះ អាណានិគមនិយមបារាំង ហ្វាក់ស៊ីសជប៉ុន ចក្រពត្តិអាមេរិក ចុងក្រោយពួកអនុត្តរភាពវាតទីនិយមចិន! តែលើកនេះ ក្នុងសតវត្សរ៍ទី២១សូមកុំអូសទាញពួកគេធ្លាក់ទៅក្នុងការប្រទូស្តរាយជាមួយចិនបានហើយ! តែវៀតណាមម្នាក់ឯងទៅ!។
សមុទ្រចិនខាងត្បូង ទីលានក្ដៅរបស់តំបន់និងពិភពលោក
នៅក្នុងសតវត្សរ៍ទី២០ របស់ទសវត្សរ៍ទី៩០ ពិភពលោកច្រើនតែឃើញមានការប៉ះទង្គិចប្រទូស្តរាយគ្នានៅលើដែនគោក ដែលជាពិសេសច្រើនតែកើតឡើង មាននៅក្នុងទ្វីបអឺរ៉ុបនិងមជ្ឈឹមបូព៌ា! ក៏ប៉ុន្តែពេលដែលឈានចូលសតវត្សរ៍ទី២១មក ដោយមានកំណើនប្រជាសាស្រ្ត និងស្ថានភាពទម្ងន់សេដ្ឋកិច្ចមក ក៏មានការប្រមូលផ្ដុំភាពសំខាន់ៗបានប្រែទិសមកកាន់តំបន់អាស៊ីវិញ ជាកន្លែងស្នូលកណ្ដាលរបស់តំបន់ធំៗ ដែលត្រូវបានបែងចែកខណ្ឌសីមាទៅដោយសមុទ្រសាគរនោះ!។
លក្ខណៈពិសេសរបស់រូបសណ្ឋានអាស៊ីនេះ ជាចំណុចមួយដែលគេទាំងឡាយបានព្យាករណ៍មួយសករាជមុននេះ អំពីអានុភាពកងទ័ពជើងទឹក ដែលអ្នកទាំងឡាយយល់ថា នោះគឺរួមទាំងការប្រយុទ្ធគ្នា លើសមុទ្រនិងអាកាស ដែលដំណើរវិវត្តន៍បច្ចុប្បន្នកំពុងរុលទៅរកភាពមួយ ដ៏តានតឹងយ៉ាងដូច្នោះពិតប្រាកដមែន!។
មូលហេតុចម្បង ដែលបាននាំឱ្យសមុទ្រចិនខាងត្បូង ក្លាយទៅជាធុងរំសេវផ្ទុះនោះ ដោយសមុទ្រចិនខាងត្បូងនេះ បានលាតសន្ធឹងតភ្ជាប់ទៅនឹងតំបន់អាគ្នេយ៍ ជាមួយនឹងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ដែលសមុទ្រចិនខាងត្បូងនេះ មានមុខងារជាផ្លូវនាវាចរណ៍មួយដ៏សំខាន់នៅលើពិភពលោក!។
សមុទ្រចិនខាងត្បូងនេះ ក៏ជាចំណុចកណ្ដាលរបស់សមុទ្រអាស៊ី–អឺរ៉ុប ដោយបានស្ថិតនៅចន្លោះកណ្ដាល ដែលបានបែងចែកទៅជាឈូងសមុទ្រMalacca Sunda Lombok និងMakassar ។ មានទំនិញជាងពាក់កណ្ដាល បានដឹកជញ្ជូនឆ្លងកាត់ឈូងសមុទ្រMalacca ជាប្រចាំទៅកាន់តំបន់អាស៊ីខាងកើត ដោយបានធ្វើដំណើរនាវាចរណ៍លើសមុទ្រចិនខាងត្បូងនេះ ដែលទំហំមួយនេះស្មើនឹង១/៣ នៃទំនិញរបស់ពិភពលោកដែលបានប្រើប្រាស់ផ្លូវគមនាគមន៍នាវាចរណ៍មួយនេះ។
ក្រៅពីនេះចំនួនប្រេងឥន្ធនៈ ដែលត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រMalacca ទៅកាន់តំបន់អាស៊ីខាងកើត ក៏បានធ្វើដំណើរលើសមុទ្រចិនខាងត្បូងនេះ មានចំនួនច្រើនលើស៦ដង នៃចំនួនប្រេងដែលបានដឹកជញ្ជូន ឆ្លងកាត់ព្រែកជីកSuez និងលើស១៧ដង នៃការឆ្លងកាត់ព្រែកជីកPanamaនោះផង! ដែលក្នុងពេលនោះក៏មានប្រេងឥន្ធនៈចំនួន២/៣ ជាការផ្គត់ផ្គង់ប្រភពថាមពលឱ្យកូរ៉េខាងត្បូង និងជិត៦០%ទៅឱ្យជប៉ុននិងតៃវ៉ាន់ ព្រមទាំងមានប្រមាណ៨០% ចំនួនប្រេងរបស់ចិន ដែលបាននាំចូល ហើយ ដែលត្រូវបានដឹកឆ្លងកាត់សមុទ្រចិនខាងត្បូងនេះផងដែរ!។
ទន្ទឹមនេះ ក្រោមបាតសមុទ្រចិនខាងត្បូងនេះផងដែរ ក៏សំបូរទៅដោយធនធានធម្មជាតិ ដែលក្នុងនោះមានប្រភពប្រេង អាចមានរហូតដល់ទៅជាង៧កោដិធុង និងហ្គាសធម្មជាតិប្រមាណ៩០០ពាន់កោដិម៉ែត្រគូបឯណោះ!។
មានវិវាទយ៉ាងច្រើន ដែលកើតមានឡើងលើតំបន់សមុទ្រចិនខាងត្បូង ដែលទំនាស់វិវាទនេះ មិនត្រឹមតែទាក់ទងដល់ភូមិសាស្រ្តនយោបាយ សម្បត្តិធម្មជាតិ ថែមទាំងមានការពាក់ព័ន្ធ ដល់អធិបតេយ្យភាពមកលើដែនសមុទ្រ កោះដែលក្នុងនោះ រួមទាំងការវិវាទទាក់ទងដល់ប្រជុំកោះSpratlyផងដែរ!។ ចិនបានធ្វើការទាមទារអធិបតេយ្យភាពមកលើដែនសមុទ្រក្នុងអក្សរU ដែលក្នុងខ្សែបន្ទាត់អក្សរUនេះ បានរត់ពីកោះHainamភាគខាងត្បូងរបស់ចិន ចុះមកដល់់រហូតដល់ជិត ដែនទឹករបស់សិង្ហបុរី ម៉ាឡេស៊ីនិងហ្វីលីពីន!។
អនុលោមទៅតាមការទាមទារទាំងនេះរបស់ចិន បានធ្វើឱ្យ៩ប្រទេសដែលស្ថិតជាប់ទៅនឹងតំបន់សមុទ្រចិនខាងត្បូង ហាក់បីឈរទៅម្ខាង ដើម្បីប្រឆាំងជំទាស់ទៅនឹងការទាមទារដ៏មិនសមហេតុផលរបស់ចិននោះ!។
ជាការពិតសមុទ្រចិនខាងត្បូងនោះ ត្រូវបានប្រែក្លាយទៅជាមូលដ្ឋានយោធាមួយដែលប្រទេសនីមួយៗបានជំរុញកសាង និងទំនើបកម្មកងទ័ពជើងទឹករបស់ខ្លួន មិនបានឈប់ឈរសោះឡើយ! ហើយដែលនៅក្នុងពេលថ្មីៗនេះ មាននាវាចម្បាំងគ្រប់ប្រភេទរបស់មហាអំណាចទាំងអស់ ចាប់មានមុខចល័ត និងធ្វើសកម្មភាពនៅទីនេះកាន់តែច្រើនឡើងនិងសកម្មផុសផុលទៅៗ។
ជាតថភាព ចិនបានកាន់កាប់ជាយោធាមកលើកោះតូចៗចំនួន៨ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង បើវៀតណាមវិញ បានកាន់កាប់២៥កោះ ហ្វីលីពីនកាន់កាប់៨កោះ ម៉ាឡេស៊ីកាន់កាប់៥កោះ និងតៃវ៉ាន់កាន់កាប់កោះ១ ដែលជាកោះធំជាងគេបំផុតនៅក្នុងតំបន់សមុទ្រនេះ!។
មួយសតវត្សរ៍នៃការឈឺចាប់របស់ប្រជាជាតិចិន
មូលបទចម្បងដែលនាំឱ្យចិន មានមហិច្ឆតាចង់កាន់កាប់ សមុទ្រចិនខាងត្បូងនេះទាំងអស់នោះ ត្រូវបានបកស្រាយដោយពួកអ្នកវិភាគយុទ្ធសាស្រ្ត បានធ្វើការប្រៀបធៀប តួនាទីរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូងបច្ចុប្បន្ននេះ មិនខុសអីទៅនឹងតួនាទីរបស់អាមេរិកលើតំបន់សមុទ្រCaribbe នាសតវត្សរ៍ទី១៩អីចឹង! ដោយពេលនោះទោះបីជាអាមេរិកបានទទួលស្គាល់វត្តមាន និងការអះអាងអំពីអធិបតេយ្យភាព របស់មហាអំណាចអឺរ៉ុបនៅក្នុងតំបន់សមុទ្រCaribbeនេះក៏ដោយ ក៏អាមេរិក នៅតែស្វែងរកគ្រប់វិធានការដើម្បីធ្វើការត្រួតត្រា គ្រប់គ្រងមកលើតំបន់សមុទ្រCaribbeនេះ ដោយត្រូវផាត់ពួកចក្រពត្តិអឺរ៉ុបពេលនោះ ឱ្យចេញផុតពីតំបន់សមុទ្រCaribbeនេះឱ្យបាន! និងក៏ដើម្បីរុញពួកចក្រពត្តិអឺរ៉ុប ទាំងនេះឱ្យឆ្ងាយពីព្រំដែនគោក និងសមុទ្ររបស់អាមេរិក!។
ការដណ្ដើមឥទ្ធិពល ដើម្បីត្រួតត្រាសមុទ្រនេះ បាននាំឱ្យមានសង្រ្គាមរវាងអាមេរិកនិងពួកអេស្ប៉ាញនាឆ្នាំ១៨៩៨ និងរួមទាំងមានការជំរុញ ឱ្យមានការកសាងព្រែកជីកPanamaឱ្យបានចាប់តាំងពីបណ្ដាឆ្នាំ១៩០៤–១៩១៤ ដែលការសាងសង់ព្រែកជីកPanamaនេះបានធ្វើឱ្យសហរដ្ឋអាមេរិក កាន់តែមានសិទ្ធិអំណាចលើតំបន់អឌ្ឍគោលខាងកើតយ៉ាងពេញលេញ និងមានប្រសិទ្ធភាពទៀតផង មកលើតំបន់នេះទាំងមូល!។
បច្ចុប្បន្ននេះ ចិនកំពុងស្ថិតនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដូចករណី១០០ឆ្នាំមុនរបស់អាមេរិក ដែលអាមេរិក បានអុងអាត់វាតទីនៅលើតំបន់ សមុទ្រCaribbeអីចឹងដែរ!។ ចិនក៏មានបំណងចង់ឱ្យកងទ័ពជើងទឹក របស់ខ្លួនមានវត្តមានជាអចិន្ត្រៃយ៍ ដើម្បីផ្ដល់ការការពារដល់ផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈ ពីមជ្ឈឹមបូព៌ាមកកាន់ប្រទេសចិន។
ក្រៅពីនេះ ចិនក៏មានមូលហេតុជ្រាលជ្រៅជាងនេះ ដែលនាំឱ្យចិនធ្វើដំណើរកាន់តែជ្រៅទៅៗក្នុងតំបន់សមុទ្រចិនខាងត្បូង និងចូលជ្រៅទៅទៀតក្នុងមហាសាគរ ប៉ាស៊ីហ្វិក! ព្រោះចិនធ្លាប់រងនូវការឈឺចាប់ខ្លោចផ្សារ ពីអំពើឈ្លានពានទន្ទ្រានកាន់កាប់ បែងចែក កាត់ទឹកដីចិន ពីសំណាក់ពួកចក្រពត្តិលោកខាងលិចមាន អង់គ្លេស បារាំង រុស្ស៊ី និងហ្វាក់ស៊ីសជប៉ុន អស់រយៈកាលជាង១០០ឆ្នាំមុននោះ! ដែលក្នុងប្រវត្តិសាស្រ្តដ៏ឈឺចាប់របស់ចិនបានឱ្យឈ្មោះ សករាជនេះហៅថាមួយ សតវត្សរ៍នៃឈាមនិងទឹកភ្នែករបស់ប្រជាជាតិចិននោះ។
ភាពរឹងរូសដាច់ខាត ក្នុងការវាតទីរបស់ចិនមកលើតំបន់នេះ ជាសក្ខីកម្មមួយរបស់ចិនចង់បង្ហាញឱ្យពួកចក្រពត្តិ អាណានិគមលោកខាងលិច ឈប់មាក់ងាយមកលើប្រជាជាតិចិនចាប់ពីពេលនេះតទៅទៀត! ហើយក៏ចាប់ពីពេលនេះតទៅដែរ ចិនអាចនឹងចាប់ផ្ដើមអនុវត្តន៍នូវបាវចនា “អ្នកខ្លាំងអាចធ្វើបាននូវអ្វីៗទាំងអស់ ទៅតាមកម្លាំងធនធានរបស់ខ្លួន ហើយជនដែលខ្សោយត្រូវទទួលរងនូវអ្វីដែលគេធ្វើមកលើ”នោះ(Sic)!។
លើមូលបទនេះ ទើបមានការវាយតម្លៃរបស់ពួកអ្នកវិភាគអន្តរជាតិថា វត្តមានរបស់អាមេរិកគឺជាការធានាមួយ ក្នុងការកំហិតនូវអានុភាពចំពោះចិន នៅក្នុងតំបន់! ទន្ទឹមនឹងនេះអាមេរិកក៏បានបំពេញតួនាទីមួយ ជាអ្នកសម្របសម្រួលលើការងារការទូតផង ជាអ្នកត្រួតពិនិត្យ និងឃ្លាំមើលនូវកងកម្លាំងជើងទឹក របស់ចិននៅទីនេះផងដែរ! ការធ្វើឱ្យមានតុល្យភាពកម្លាំងមួយរវាងអាមេរិក និងចិននៅក្នុងតំបន់នេះ។
អាចជាថ្នាលក្នុងការជួយសម្រួលឱ្យវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ល- ល…បានបន្តរស់នៅក្នុងបរិយាកាស “ផាសុខភាព” ណាមួយ! តែក្នុងករណី ដែលពួកប្រទេសទាំងនេះចង់ “កាន់សីល” តែស្រាប់តែមានសកម្មភាពហួសហេតុ បង្ករឿងណាមួយនោះ អាចជាបច្ច័យអវិជ្ជមាន ក្នុងការនាំឱ្យមហាយក្សទាំងពីរនេះ អាមេរិក និងចិន មានការប៉ះទង្គិច ប្រទូស្តរាយគ្នា មិនធំក៏តូចជាមិនខានផងដែរ!។
តែយ៉ាងណាក៏ដោយ នៅចំពោះមុខអានុភាពមួយថ្ងៃ កាន់តែរីកធំធាត់មិនឈប់ឈររបស់ចិន និងការប្ដេជ្ញាចិត្តវិលមកតាំងទីលំនៅសារជាថ្មី របស់អាមេរិក(Pivot ឬRebalancing) នៅក្នុងតំបន់អាស៊ីនេះ ក៏អាចជាប្រភពបង្កបង្កើតឱ្យមានអស្ថិរភាពនៅពេលដែលផលប្រយោជន៍ដាច់មុខ របស់មហាយក្សពីរនេះ មានការកកិតប៉ះទង្គិចគ្នានោះ ម្យ៉ាងទៀតមកពីនយោបាយ Pivot ឬRebalancingនេះ ត្រូវបានDeployment នៅក្នុងតំបន់ឥទ្ធិពល និងជិតព្រំដែនរបស់ចិនពេក!។
តែបើតាមការវិភាគរបស់លោកKaplan គឺអាមេរិកទេ ដែលជាអ្នកធ្វើឱ្យមានបញ្ហានៅក្នុងពេលអនាគតនោះ ពុំមែនចិនឡើយ! ព្រោះអាមេរិកជាអ្នកដែលតែងតែស្វែងរកនូវគ្រប់វិធានដើម្បីរារាំង ទប់ស្កាត់ចិន! ក្នុងបរិបទមួយនេះ លោកKaplan បានផ្ដល់អនុសាសន៍ជូនទៅអាមេរិកថា អាមេរិកគួរតែបំពេញតួនាទី ធ្វើឱ្យមានតុល្យភាពប្រកបទៅដោយសុខភាពល្អ(Healthy)នៅអាស៊ី វាមានភាពល្អជាងធ្វើជាអ្នកដើរត្រួតត្រាគេ ព្រោះអីអំណាចរឹង(Hard power) នៅតែជាកូនសោរមួយដ៏សំខាន់ក្នុងទំនាក់ទំនង សហប្រតិបត្តិការអន្តរជាតិ។ ដូច្នោះអាមេរិកចាំបាច់បង្កើនកម្លាំង ទ័ពជើងទឹកនៅអាស៊ីប៉ាស៊ីហ្វិកខាងលិច តែក៏មិនត្រូវកាត់បន្ថយកម្លាំងដែលមានស្រាប់នៅទីនេះផងដែរ!។
បង្កើតយន្តការដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង
ក្រៅអំពីយន្តការផ្លូវការដូចជា ASEAN, ARF, ASEM, EAS, Shangrila Dialogue, ADMM+8, ក៏មានសន្ធិសញ្ញាដូចជា TAC, ZOFAN, ZoPFF/C, SEANWFZ និងក្រមប្រតិបត្តិពីរ DOC និងCOCក៏មានរូបមន្តនយោបាយដូចជា GAPAC, Pact+Asia-Pacifica Pact-Sinica ត្រូវបានស្នើបង្កើតឡើង ដើម្បីចូលរួម និងជាRoadmap សម្រាប់ដោះស្រាយដល់រាល់បញ្ហា ដែលបានកើតឡើងលើសមុទ្រចិនខាងត្បូង!។
ក្នុងបណ្ដាបញ្ហាដ៏រសើបនិងស្មុគស្មាញទាំងនេះ ពិសេសករណីភូមាថ្មីៗកន្លងមកនេះ គឺរាល់សំឡេងស្រែករបស់អាស៊ានកាន់តែអស់ទឹកដម ហើយពាក្យស្លោកអាស៊ាន “One Vision, One Identity, One Community” កាន់តែសាបរលាបអស់ជំនឿនៅក្នុងតំបន់ទៀត កុំថាឡើយយន្តការទាំងអស់ខាងលើនេះ ក៏គ្មានដោះស្រាយបានឡើយ!។
សមុទ្រចិនខាងត្បូង ជាផ្ទះបាយរបស់ចិន ព្រមទាំងជាការព្រមានដល់អាមេរិកថា អាមេរិកពុំមាននីតិសម្បទានគ្រប់គ្រាន់ក្នុងតំបន់ និងកុំប្រែក្លាយតំបន់សមុទ្រ ដែលស្ថិតនៅឆ្ងាយពីភូមិសាស្រ្ត របស់ប្រទេសអាមេរិកឱ្យទៅជាតំបន់ “ល្បែងលេងសង្រ្គាម” ព្រមទាំងកុំយកបញ្ហាសមុទ្រចិនខាងត្បូង ធ្វើជាចំណាប់ខ្មាំងក្នុងទំនាក់ទំនងរវាងអាមេរិកនិងចិនឡើយ!។
បើលោក Cui Tiankai អនុរដ្ឋមន្រ្តីការបរទេសចិនវិញ ពេលដែលចូលរួមកិច្ចប្រជុំពិគ្រោះយោបល់នយោបាយនៅHawaii បានប្រកាសថា មានប្រទេសខ្លះបាននិងកំពុងប្រលែងលេងជាមួយនឹងភ្លើង ហើយសង្ឃឹមថាភ្លើងនោះ នឹងមិនឆាបឆេះរីករាលដាលទៅដល់អាមេរិកឡើយ!។
វៀតណាមក្នុងបញ្ហាស្មុគរបស់សមុទ្រចិនខាងត្បូង!
ទាក់ទងដល់បញ្ហាអធិករណ៍ លើសមុទ្រចិនខាងត្បូងនេះ ជាលើកដំបូងអតីតនាយ ករដ្ឋមន្រ្តីវៀតណាម បានប្រកាសជាសាធារណៈថា ចិនបានប្រើប្រាស់កម្លាំងអាវុធវាយទន្ទ្រាន កាន់កាប់់បណ្ដាកោះរបស់វៀតណាម ពីអតីតរដ្ឋអំណាចសាធារណៈរដ្ឋវៀតណាម(Thieu+Ky) នាឆ្នាំ១៩៧៤ ដែលពីដើមឡើយ ថ្នាក់ដឹកនាំរបស់វៀតណាមទាំងអស់មានការថ្លឹងថ្លែង ប្រុងប្រយ័ត្ន ដោយពុំដែលហ៊ាននិយាយជាចំហរថា ចិនបានប្រើប្រាស់កម្លាំងបាយជាយោធា ក្នុងការវាយកាន់កាប់កោះParacel របស់វៀតណាមឡើយ!ដោយចៀសវាងភាពប្រឈមមុខជាមួយចិន! តែពេលនេះទោះបីជាវៀតណាម បានអះអាងយ៉ាងម៉ឺងមាត់ដូច្នោះក៏ដោយ ក៏វៀតណាមនៅតែបានអំនាវនាវឱ្យមានការចរចា ដោយសន្តិវិធី ដើម្បីដោះស្រាយបញ្ហាកោះParacel! តែចំពោះចិនវិញបានបដិសេធដាច់អហង្ការ ដោយចាត់ទុកParacelជា “អង្ករបានក្លាយទៅជាបាយហើយ– Fait Accompli” រួចទៅហើយ!។
ទោមនស្សទៅនឹងឥរិយាបថនយោបាយរបស់ចិន ធ្វើមកលើវៀតណាមជាបន្តបន្ទាប់មក ទើបក្នុងឱកាសចូលរួម Shangrila Dialogue នៅសិង្ហបុរី លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung បានប្រកាសថានឹង មិនយកអធិបតេយ្យភាពទៅដោះដូរយកចំណងមិត្តភាពមួយ ដែលមិនច្បាស់លាស់ ស្រមើស្រមៃនោះ(Not to trade Sovereignty for illusionary friendship)!សំដៅមកលើចំណងមិត្តភាពជាមួយចិននេះឯង។
ទាំងអស់នេះ ក៏ជាសហនិមិត្តហេតុមួយ ដ៏អាក្រក់ដែលវៀតណាម ក្នុងប្រវត្តិសាស្រ្តធ្លាប់ក៏បានរំលោភបំពាន មកលើនគរចម្ប៉ា និងដែនដីកម្ពុជាក្រោម រួមទាំងជនជាតិដើមជាច្រើនទៀត! អ្វីដែលជារបស់ Cesar ត្រូវតែសងមកឱ្យCesarវិញ!។
ប្រជាជាតិខ្មែរទេ ដែលត្រូវនិយាយជាមួយវៀតណាមអំពី មិនត្រូវយកអធិបតេយ្យភាពជាតិ ទៅដោះដូរយកចំណងមិត្តភាពមួយ ដែលមិនមានការស្មោះត្រង់នោះ!។ ពិតមែនតែយើងទាំងអស់គ្នា បានគោរពនូវគោលការណ៍ Uti Possidetis និងការប្រតិបត្តិនូវគោលការណ៍Pacta Sunt Servanda ក្នុងទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិ ក៏ដោយ ក៏យើងអាចធ្វើសេចក្ដីសន្និដ្ឋានថា វៀតណាមបានច្រើនណាស់ពីខ្មែរ ដែនដីកម្ពុជាក្រោមមួយទាំងមូលមាន២១ខេត្ត និងកោះត្រល់ទាំងស្រុង ដែលបច្ចុប្បន្នវៀតណាមបានប្រែក្លាយកោះមួយនេះទៅជាដុំពេជ្រនៅអាស៊ីនោះ!។
ទាំងប្រជាជាតិខ្មែរ ទាំងប្រជាជាតិវៀតណាម ពួកយើងសុទ្ធតែជាពិរុទ្ធជនប្រវត្តិសាស្រ្ត ហើយប្រជាជាតិទាំងពីរនេះ ត្រូវបានដាក់នៅក្នុងគុកងងឹ តដោយត្រូវចងទៅដោយគំនុំជាតិសាសន៍ និងអំពីការបាត់បង់ទឹកដីដែលពិបាក ក្នុងការមិនអាចបំភ្លេចបានបើយើងមិនព្រមទទួលស្គាល់ការពិតនោះ!។
ប្រវត្តិសាស្រ្តពុំមែនជាគ្រឿងអលង្ការ ដែលគេយកមកMake Up ខុសពីមុខមាត់ពិត! ការស្មោះត្រង់ សេចក្ដីពិតនូវការនិយាយពាក្យពិត ក្នុងប្រវត្តិសាស្រ្ត ពុំមែនជាការបំផុសឱ្យមានគំនុំជាតិសាសន៍ឡើយ! ដែលនេះជាពាក្យពេចន៍របស់លោកស្រី Nguyen Thi Binh អនុប្រធានរដ្ឋវៀតណាម។
ជាអ្នកនយោបាយសហសម័យ ត្រូវតែដើរឆ្ងាយចេញពីគន្លងស្នាមរទេះ ក្នុងអរិយភាពរបស់ប្រវត្តិសាស្រ្ត ដោយរួមគ្នាស្វែងរករូបមន្ត រួបរួមរស់នៅក្នុងសន្តិសហវិជ្ជមាន ក្នុងរបត់មួយរបស់សុខដុមនីយកម្ម ពិភពលោកនិងក្នុងតំបន់! ដែលពួកយើងបានទទួលយកនូវបណ្ដាសារភូមិសាស្រ្តមួយ ដែលបានចារកំណត់ គឺមិនអាចដោះដូរប្រទេសទៅកន្លែងណាមួយផ្សេងពីនេះបាន ក្រៅពីការបន្តរួមរស់នៅជាមួយគ្នាជារៀងរហូត!។
ពិភពលោកទើប នឹងប្រារព្ធខួបអនុស្សាវរីយ៍១០០ឆ្នាំ នៃសង្រ្គាមលោកលើកទី១ដែលមានផ្កាកុលាបរាប់ពាន់លានដើម ត្រូវបានយកមកដាក់លើថ្ម ឧទ្ទិសដល់យុទ្ធជនទាំងសងខាង ទាំងអ្នកចាញ់ទាំងអ្នកឈ្នះ មិនគិតថាខ្មាំងឬសត្រូវ ឱ្យតែជាមនុស្សលោកទទួលបាននូវពរជ័យដូចគ្នា ពីអំណាចនៃការអភ័យទោស-Power of Forgiveness !។
ដូច្នោះ អត្ថប្រយោជន៍មានចរិតបដិការនេះ អាចជាចលករមួយដ៏ខ្លាំងក្លា ក្នុងការធ្វើឱ្យភាគីទាំងអស់ លែងពុំមានការប្រឈមមុខដាក់គ្នា ជាកម្លាំងបាយ ទោះបីក្នុងកាលៈទេសៈណាមួយក៏ដោយនាពេលខាងមុខនោះ។
ក្នុងបរិបទមួយនេះ ទើបលោកអគ្គលេខាបក្សវៀតណាម ធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយចិនដែលហៅថា គោលការណ៍ដោះស្រាយបញ្ហាលើសមុទ្រ។ ខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងនេះ ក៏បានអះអាងឡើងវិញ នូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត និងក្នុងស្មារតី៤ល្អ(សមមិត្តល្អ ភូមិផងល្អ មិត្តភក្តិល្អ និងដៃគូល្អ)។ ក្រៅពីនេះក៏មាន៦ចំណុច នៅក្នុងការសម្របសម្រួល ដែលក្នុងនោះនិយាយជារួម ក៏មានការអះអាងនូវគោលការណ៍ និងវិធានការទាំងឡាយ ក្នុងការដោះស្រាយនូវរាល់បញ្ហា តាមរយៈការចរចាសន្តិភាព។ ទន្ទឹមនេះភាគីទាំងពីរវៀតណាម–ចិន ក៏បានព្រមព្រៀងដោះស្រាយបញ្ហា ដោយផ្អែកលើគោលការណ៍ ដែលមានចែងនៅក្នុងអនុសញ្ញា UNCLOS ផងដែរ។
ការប្រើប្រាស់អាស៊ាន ធ្វើជាកូនអុកសម្រាប់ប្រឆាំងចិន ដូចក្នុងសម័យកាលរបស់សន្តិភាពត្រជាក់នោះ វាមានភាពហួសសម័យទៅហើយ! ម្យ៉ាងទៀត គ្មានប្រទេសណាមួយ សុខចិត្តលះបង់ ពលីកម្មជាតិឯងមកធ្វើការតស៊ូប្រឆាំងចិន ដើម្បីតែផលប្រយោជន៍សុខស្រួលរបស់វៀតណាមឬហ្វីលីពីននោះទេ!។
សហរដ្ឋអាមេរិកអាចលេងធ្វើជាប៉ូលិសអន្តរជាតិ ឈរចាំយាមពិភពលោក ជំនួសឱ្យគេទាំងឡាយ
ដោយមានអារម្មណ៍ហត់នឿយទៅនឹងទំនាស់រាំរ៉ៃ មិនចេះចប់ពាក់ព័ន្ធទៅនឹងផលប្រយោជន៍របស់ពួកមហាអំណាច ហើយមកពីការចំណាយមក លើវិស័យការពារជាតិមានទំហំធំពេក ដែលជាបច្ច័យមួយ ក្នុងការធ្វើឱ្យប្រជាជនអាមេរិក ដែលជាអ្នកបង់ពន្ធមិនចង់ចំណាយលុយដ៏ច្រើន មកលើការការពារសន្តិសុខ សម្រាប់ពួកប្រទេសដទៃទៀត! ទើបអាចជាហេតុនាំឱ្យសហរដ្ឋអាមេរិក ប្រកាសកាត់បន្ថយកងទ័ពអាមេរិក ដកខ្លួនចេញពីអាល្លឺម៉ង់ បន្ទាប់មកក៏មានផែនការដកខ្លួនចេញពី ស៊ីរី អាហ្កានីស្ថាន អ៊ីរ៉ាក់ កូរ៉េខាងត្បូង ជប៉ុន និងប្រទេសជាច្រើនទៀតវិលចូលប្រទេសវិញ!។
មើលទៅដូចជាសហរដ្ឋអាមេរិក ហាក់បីមានការហត់នឿយខ្លាំង លែងចង់ធ្វើជា “ប៉ូលិសអន្តរជាតិ” ឈរចាំតែយាមផ្ទះគេលើពិភពលោក ជំនួសឱ្យអ្នកមានទ្រព្យខ្លះដេកលង់លក់!។
នៅក្នុងបុព្វបទមួយដោយបញ្ជាក់ថា First America នោះ ទើបនៅថ្ងៃទី១៣ មិថុនា ២០២០ នៅចំពោះមុខសិក្ខាកាមយោធាអាមេរិក នាបណ្ឌិតសភា West Pointនោះ ប្រមុខរបស់សេតវិមាន បានថ្លែងការណ៍ដោយសង្កត់ធ្ងន់ថា កិច្ចការទាំងឡាយរបស់យោធាអាមេរិក គឺពុំមែនដើរកសាងឡើងវិញ ឱ្យពួកប្រទេសក្រៅនោះទេ តែជាការការពារដោយការពារឱ្យបាន និងយ៉ាងខ្លាំងក្លាពីសត្រូវរបស់ខ្លួន! ហើយសហរដ្ឋអាមេរិក ត្រូវតែបញ្ចប់នូវសករាជមួយរបស់សង្រ្គាម ដែលពុំមានទីបញ្ចប់នោះ អាមេរិកត្រូវប្រមូលផ្ដុំមកលើការការពារផលប្រយោជន៍មួយដ៏ចាំបាច់ ហើយកងទ័ពអាមេរិកទាំងអស់ពុំមានភារកិច្ចត្រូវចូលរួមដោះស្រាយ នូវបញ្ហាវិវាទយូរយាដែលពុំមានទីបញ្ចប់ រួមទាំងការវិវាទទាំងនោះមានការពាក់ព័ន្ធ ទៅដល់ផលប្រយោជន៍របស់ពួកប្រទេសធំផង!សហរដ្ឋអាមេរិក ពុំមែនជាប៉ូលិសរបស់ពិភពលោកទៀតឡើយ!។
ការអះអាងនេះ អាចជាភាពអកុសលមួយ ក្នុងការកំណត់ជោគវាសនា មកលើបញ្ហារបស់ភូមា រួមទាំងបញ្ហារ៉ាំរ៉ៃរបស់សមុទ្រចិនខាងត្បូង ដែលបញ្ហាពីរនៅអាស៊ីនេះ លែងជារបៀបវារៈ ក្នុងកម្មវិធីនយោបាយរបស់ពួកអ្នកកាន់អំណាចអាមេរិក ក្នុងប៉ុន្មានឆ្នាំខាងមុខទៀត! ព្រោះនេះពុំមែនជាផលប្រយោជន៍ដាច់មុខ(Core Interests)របស់អាមេរិក ក្នុងករណីដែល Free Navigation លើសមុទ្រលែងមានការរារាំង បង្កើតឧបសគ្គទៀតនោះ! ព្រោះក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងអន្តរជាតិ សហរដ្ឋអាមេរិក ពុំដែលចេញមុខអះអាងការពារ និងច្បាំងជំនួយដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ទោះបីប្រទេសណាមួយ ក្រៅអំពីផលប្រយោជន៍ First America តែមួយគត់ឡើយ!៕
ប្រភពDap-news.com៕