ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុន Keppel Ltd បានបញ្ជាក់ឱ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់អាជ្ញាប័ណ្ណដល់ប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រដំបូងបង្អស់ ដែលតភ្ជាប់ដោយផ្ទាល់ពីប្រទេសសិង្ហបុរីទៅកាន់ឆ្នេរសមុទ្រភាគខាងលិចនៃសហរដ្ឋអាមេរិក។
ប្រព័ន្ធខ្សែកាប “Bifrost” ដែលជាគម្រោងបណ្តាក់ទុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន Keppel ក្រុមហ៊ុន Meta Platforms Inc និងក្រុមហ៊ុន PT Telekomunikasi Indonesia International ត្រូវបានគេរំពឹងថា នឹងដាក់ឱ្យដំណើរការនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៥។
ប្រព័ន្ធខ្សែកាបឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកត្រូវបានគេប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ចំនួន៧៦០លានដុល្លារអាមេរិក ខណៈក្រុមហ៊ុន Keppel របស់សិង្ហបុរី បានបណ្តាក់់ទុនចំនួន៣៥០លានដុល្លារអាមេរិកនៅក្នុងគម្រោងនេះ។
-->

ខ្សែកាប “Bifrost”មានចម្ងាយជាង២០.០០០គីឡូម៉ែត្រ ដោយតភ្ជាប់រវាងសហរដ្ឋអាមេរិក និងសិង្ហបុរី ដោយឆ្លងកាត់តាមរយៈសមុទ្រ Java របស់ប្រទេសឥណ្ឌូនេស៊ី និងសមុទ្រ Celebes ស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។
នៅពេលបើកដំណើរការ ខ្សែកាបនេះនឹងលើកកម្ពស់នូវទីតាំងជាយុទ្ធសាស្ត្ររបស់ប្រទេសសិង្ហបុរី ក្នុងនាមជាមជ្ឈមណ្ឌលឌីជីថលឈានមុខគេរបស់តំបន់អាស៊ី និងគាំទ្រដល់ភាពរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់។
ប្រទេសសិង្ហបុរីគ្រោងបង្កើនសមត្ថភាពខ្សែកាបក្រោមសមុទ្ររបស់ខ្លួនទ្វេរដង និងព្យាយាមពង្រឹងឋានៈរបស់ខ្លួនជាមជ្ឈមណ្ឌលនៃប្រព័ន្ធកាបក្រោមសមុទ្រ ដែលប្រមូលផ្តុំបណ្តាញអុីនធឺណេតភាគច្រើនរបស់ពិភពលោក។
ស្របពេលដែលខ្សែកាបក្រោមសមុទ្រក្លាយជាប្រធានបទមួយនៃការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន បណ្តាប្រទេសក្នុងតំបន់អាស៊ាននឹងទទួលបានអត្ថប្រយោជន៍ ខណៈបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗព្យាយាមកាត់បន្ថយការសាងសង់ខ្សែកាបឆ្លងកាត់បាតសមុទ្ររបស់ប្រទេសចិន៕ប្រភព: Bloomberg៕
