ប្រធានាធិបតីចិនលោកស៊ី ជីនពីងដាក់ចេញគោលនយោនបាយកាត់បន្ថយ វិសមភាពក្នុងសង្គមចិន

0

ដោយៈសុខុម

ប៉េកាំង: មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន មួយរូបបានលើកឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៦ សីហា នេះថា ការជំរុញរបស់មហាយក្សចិន ដើម្បី “ភាពរុងរឿងទាំងអស់គ្នា” ខណៈប្រធានាធិបតី ស៊ី ជីនភីង មានបំណងកាត់បន្ថយវិសមភាពសង្គម ក្នុងប្រទេសមិនមានន័យថា “សម្លាប់អ្នកមានដើម្បីជួយអ្នកក្រ”ឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Han Wenxiu មន្រ្តីមកពីគណៈកម្មាធិការកិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចមជ្ឈិមបក្សបានថ្លែង ក្នុងសន្និសីទកាសែតក្នុងទីក្រុងប៉េកាំងថា “អ្នកដែលក្លាយជាអ្នកមានមុនគេ” គួរតែជួយអ្នកដែលមិនទាន់មាន ប៉ុន្តែអ្នកក្រក៏គួរតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។

លោកបានគូសបញ្ជាក់ថា “យើងមិនអាចដេករង់ចាំតែជំនួយ ពឹងឱ្យអ្នកដទៃជួយ ឬអង្វរសុំជំនួយជាដាច់ខាត។ យើងមិនអាចជួយអ្នកដែលខ្ជិលច្រអូសឡើយ”។

ប្រទេសចិនបានប្រកាសថា ខ្លួននឹងការពារប្រាក់ចំណូល ដែលមានប្រភពស្របច្បាប់ ប៉ុន្តែនឹងធ្វើករ “កែសម្រួលប្រាក់ចំណូលដែលខ្ពស់ហួសហេតុ និងគ្មានប្រភពច្បា​ស់លាស់”។នេះបើយោងតាមកិច្ចប្រជុំមួយ ធ្វើឡើងក្រោមអធិបតីយភាពរបស់ប្រធានាធិបតី ស៊ី ជីនភីង កាលពីដើមខែនេះ។

ទន្ទឹមនេះ បណ្ដាក្រុមហ៊ុនដែលមានប្រាក់ចំណូលខ្ពស់ ក៏ត្រូវបានលើកទឹកចិត្តឱ្យរួមចំណែកបន្ថែមទៀតដើម្បីជួយដល់សង្គមផងដែរ។

លោក Han Wenxiu បានលើកឡើងថា ការផ្តល់អំណោយសប្បុរសធម៌ គួរតែត្រូវបានលើកទឹកចិត្ត តាមរយៈគោលនយោបាយពន្ធដារ ហើយកែលម្អ “រចនាសម្ព័ន្ធចូលរួមចំណែកជួយដល់សង្គម”។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ការបរិច្ចាគមិនមែនជាកាតព្វកិច្ចដែលត្រូវតែធ្វើដាច់ខាតនោះឡើយ។

ការប្រែប្រួលគោលនយោបាយនេះកើតមានឡើង ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង ចាត់វិធានការបង្ក្រាបផ្នែកនិយ័តកម្ម និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងទៅលើសកម្មភាពរបស់ក្រុមហ៊ុនធំៗ ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន។

បណ្ដាវិនិយោគិនជឿថា ពេលនេះមានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងប្រទេសចិន ខណៈពេលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងប្រឹងប្រែងធ្វើកំណែទម្រង់ ក្នុងគោលបំណងកាត់បន្ថយសម្ពាធថ្លៃ ទ្រទ្រង់ជីវភាពដោយសារក្រុមហ៊ុនសហគ្រាសនានា។

លោក Han Wenxiu បានសង្កត់ធ្ងន់ថា “គោលនយោបាយថ្មីៗសម្រាប់កែតម្រូវ និងគ្រប់គ្រង Platform អនឡាញនានា ដើម្បីបង្ក្រាបភាពមិនប្រក្រតីនានា និងអាកប្បកិរិយាខុសច្បាប់”។

លោកបញ្ជាក់ថា “យើងមិនមានបំណងផ្ដោតគោលដៅ ធ្វើបាបក្រុមហ៊ុនឯកជន ឬក្រុមហ៊ុនបរទេសឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here