ដោយៈសុជាតា
ភ្នំពេញៈ សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ចុះ MOU ជាមួយក្រុមហ៊ុន Archetype
Cambodia ដើម្បី ប្រឹក្សាបច្ចេកទេសក្នុងការថែរក្សានូវសមប្បត្តិបេតិកភ័ណ្ឌនេះឲ្យមានភាពយូរអង្វែង។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា អនុស្សរណៈយោគយល់នេះបានបង្ហាញពី កិច្ចសហការវាងអង្គភាពទាំងពីរ និងកម្មវិធីទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន Archetype ដើម្បីរួមចំណែកដល់ការបន្តការអភិរក្សបេតិកភណ្ឌក្រុង ដែលប្លែកខុសពីគេ និងគួរឱ្យកត់សម្គាល់នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីចុះហត្ថលេខានេះបានធ្វើឡើង រវាងលោកBlaise Kilian សហប្រធានសារមន្ទីរ ស.ស.រ និងលោក Michel Cassagnes អគ្គនាយកក្រុមហ៊ុន Archetype Cambodia។
សារមន្ទីរ ស.ស.រ បង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយធនាគារជាតិនៃកម្ពុជា ដើម្បីបង្ហាញពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល២០០០ឆ្នាំ តាមរយៈវត្ថុបុរាណ ឯកសារសោតទស្សន៍ និងឧបករណ៍អន្តរកម្មដែលតាំងបង្ហាញតាមការរៀបចំពិព័រណ៍មួយដ៏ទំនើបបំផុត។
សារមន្ទីរនេះត្រូវបានរៀបចំឡើង នៅក្នុងអគារបេតិកភណ្ឌ ដែលមានអាយុកាលចាប់តាំងពីសម័យអាណាព្យាបាលបារាំង និងធ្លាប់បានប្រើប្រាស់ធ្វើជាលំនៅដ្ឋានរបស់ លោក រ៉េស៊ីដង់បារាំងនៅឆ្នាំ១៩០៨ និងជាសាលាក្រុងភ្នំពេញចាប់តាំងពីឆ្នាំ ១៩២០ ហើយបានធ្លាក់ក្នុងសភាពទ្រុឌទ្រោម និងត្រូវបានធនាគារជាតិនៃកម្ពុជាជួសជុលឡើងវិញដើម្បីធ្វើជាសារមន្ទីរ ស.ស.រ៕