សិង្ហបុរី រង់ចាំអ៊ុតលទ្ធផលនិងសិក្សាពីកម្ពុជា មុននឹងសម្រេចចិត្តចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឱ្យពលរដ្ឋខ្លួនឬអត់?

0

ដោយៈសុខុម

ភ្នំពេញ:  ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីដ៏កាចសាហាវ Delta រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានសម្រេចបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឱ្យប្រជាពលរដ្ឋទូទាំងប្រទេសទន្ទឹមនឹងការបើកយុទ្ធនាការ ចាក់វ៉ាក់សាំងឱ្យកុមារអាយុចាប់ពី១២ឆ្នាំឡើងទៅ ដើម្បីឆាប់សម្រេចបានភាពស៊ាំ ក្នុងសហគមន៍ឆ្ពោះទៅរកការបញ្ចប់វិបត្តិសកលនេះ។

ដោយឡែកប្រទេសសិង្ហបុរី ដែលជាសមាជិកមួយរបស់អាស៊ាន នៅមិនទាន់សម្រេ​ចចិត្តចាក់វ៉ាក់សាំង ឱ្យពលរដ្ឋរបស់ខ្លួននៅឡើយទេ ព្រោះមិនទាន់មានការបកស្រាយច្បាស់លាស់ ផ្នែកវិទ្យាសាស្ត្រអំពីប្រសិទ្ធភាព និងផលប៉ះពាល់ដែលអាចកើតមានពីការចាក់ដូសទី៣ ខណៈមានប្រទេសតែមួយចំនួនតូច ដែលមានគម្រោងចាក់វ៉ាក់សាំងដូសទី៣ឱ្យពលរដ្ឋ។  នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃសុក្រ ទី២៧ សីហា នេះ។

លោក Ong Ye Kung រដ្ឋមន្ត្រីសុខាភិបាលសិង្ហបុរី បានលើកឡើងកាលពីថ្ងៃទី១៩ សីហាថា ប្រទេសសិង្ហបុរី ទំនងជាត្រូវរង់ចាំអ៊ុតមើលលទ្ធផល ក្នុងប្រទេសនានារួមទាំងកម្ពុជា ដែលកំពុងចាប់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញជាមុនសិន មុននឹងឈានដល់ការសម្រេចថា តើគណៈកម្មាធិការជំនាញ ទទួលបន្ទុកវ៉ាក់សាំងកូវីដ-១៩ (Expert Committee on COVID-19 Vaccination) អាចចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឱ្យពលរដ្ឋរបស់ខ្លួនបាន ឬក៏អត់។

លោកបានថ្លែងដូច្នេះថា “ប្រទេសទាំងនេះ បានចាប់ផ្តើមចាក់វ៉ាក់សាំងមុនយើង ដូចនេះយើងទទួលបានអត្ថប្រយោជន៍ គឺយើងអាចសង្កេតមើល និងសិក្សាពីបទពិសោធ​ន៍របស់ពួកគេ”។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះបានគូសបញ្ជាក់ថា មានចំណុចសំខាន់២ ដែលត្រូវពិចារណា មុននឹងឈានដល់ការសម្រេចថាតើត្រូវចាក់ដូសទី៣ ឬដូសជំរុញឱ្យពល​រដ្ឋរបស់ខ្លួនឬក៏អត់ ទី១ រង់ចាំអ៊ុតមើលថាតើដូសទី៣ ឬដូសជំរុញនោះបង្កផលប៉ះពាល់ជាអវិជ្ជមាន មកលើសុខភាពដែរទេ ហើយទី២ ថាតើដូសទី៣ ឬដូសជំរុញនោះគួរតែប្រើវ៉ាក់សាំងដដែល ឬក៏ប្ដូរវ៉ាក់សាំងផ្សេង។

តាមពិតទៅ ប្រទេសដែលបានចាប់ផ្ដើម ឬមានគម្រោងចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញមិនមែនមានតែកម្ពុជាមួយនោះទេ។ តួយ៉ាងប្រទេសហុងគ្រី បានចាប់ផ្ដើមចែកចាយវ៉ាក់សាំងដូសទី៣ ឬដូសជំរុញរួចហើយ សម្រាប់ចាក់ឱ្យពលរដ្ឋណា ដែលចាក់វ៉ាក់សាំងដូសទី២ រួចបានរយៈពេល៤ខែ។

ទន្ទឹមនេះ សហរដ្ឋអាមេរិក អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អូទ្រីស និងប្រទេសមួយចំនួនផ្សេងទៀត ក៏បានប្រកាសដែរថា ខ្លួនមានគម្រោងចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឱ្យពលរដ្ឋរបស់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខនេះ។

នៅតំបន់អាស៊ី ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមផ្ដល់វ៉ាក់សាំងអាមេរិក Moderna ជាដូសទី៣ ឬដូសជំរុញសម្រាប់ចាក់ឱ្យក្រុមគ្រូពេទ្យ កាលពីខែកក្កដា ហើយនឹងពង្រីកយុទ្ធនាការចាក់បន្ថែមទៀត។

ចំណែកប្រទេសថៃ កំពុងផ្តល់វ៉ាក់សាំងអាមេរិក Pfizer ជាដូសទី៣ ឬដូសជំរុញសម្រាប់ចាក់ឱ្យក្រុមគ្រូពេទ្យដែលបានចាក់វ៉ាក់សាំងចិន Sinovac ២ដូសរួចហើយផងដែរ ខណៈកម្ពុជា ចាប់ផ្ដើមចាក់វ៉ាក់សាំងអង់គ្លេស AstraZeneca ជាដូសទី៣ ឬដូសជំរុញនៅថ្ងៃទី១២ ខែសីហា សម្រាប់ពលរដ្ឋដែលចាក់វ៉ាក់សាំងចិន Sinovac និង Sinopharm ២ដូស។ ចំណែកឯប្រទេសកូរ៉េខាងត្បូង ក៏បាននិយាយកាលពីមិថុនាដែរថា ខ្លួនមានគម្រោ​ងទិញវ៉ាក់សាំង mRNA បន្ថែមទៀតដើម្បីចាក់ជាដូសទី៣ ឬដូសជំរុញឱ្យពលរដ្ឋនៅឆ្នាំក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here