ដោយៈវឌ្ឍនៈ
ភ្នំពេញៈ អ្នកឧកញ៉ាសៀ រិទ្ធីចាត់ទុកជាអ្នកជំនួញជោគជ័យម្នាក់ នៅក្នុងប្រទេសកម្ពុជា ដែលមានមុខជំនួញជាច្រើននៅក្នុងដៃ ហើយភាគច្រើនជាអចលនទ្រព្យ។
ដោយៈវឌ្ឍនៈ
ភ្នំពេញៈ អ្នកឧកញ៉ាសៀ រិទ្ធីចាត់ទុកជាអ្នកជំនួញជោគជ័យម្នាក់ នៅក្នុងប្រទេសកម្ពុជា ដែលមានមុខជំនួញជាច្រើននៅក្នុងដៃ ហើយភាគច្រើនជាអចលនទ្រព្យ។
នៅថ្ងៃទី៨ កញ្ញា២០២១នេះ អ្នកឧកញ៉ាបានចូលខ្លួនធ្វើជាវាគ្មិន នៅក្នុងកម្មវិធីមួយរៀបចំឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងបានបង្ហាញពីបទពិសោធន៍ដល់យុវជនក្នុងការអភិវឌ្ឍខ្លួន។
អ្នកឧកញ៉ាសៀ រិទ្ឋីបានមានប្រសាសន៍ថា “សញ្ញាប័ត្រដែលយុវជនទទួលបានពីសាលា វាគ្រាន់តែជាការបញ្ជាក់ពីកម្រិតវប្បធម៌ឬចំណេះដឹង ប៉ុន្តែអ្វីដែលគួរធ្វើនោះគឺ ជំនាញ”។អ្នកឧកញ៉ាបន្តថា “ប្អូនៗត្រូវតែមានជំនាញមួយក្នុងខ្លួន ដើម្បីធ្វើការ ហើយដើម្បីបានជំនាញអ្វីមួយនោះ គឺត្រូវធ្វើការជា Internship ( ធ្វើការស្ម័គ្រចិត្ត ) ឬក៏ទៅរៀនជំនាញតែម្ដង”។
លោកបន្តថា អ្វីដែលប្អូនគួរធ្វើនោះ គឺធ្វើការដើម្បីបទពិសោធន៍ ហើយជាសំណូមពរសូមកុំផ្លាស់ប្តូរការងារលឿនពេក”។ លោកបន្ថែមថា “បើសិនជាយើងធ្វើការត្រឹមរយៈ១ឆ្នាំ ឬក៏២ឆ្នាំហើយប្អូនៗផ្លាស់ប្តូរការងារ ខ្ញុំគិតថាប្អូនមិនមានបទពិសោធន៍ទេ ពីព្រោះការងារ ដែលធ្វើឱ្យមានបទពិសោធន៍ បានយ៉ាងហោចណាស់ ក៏ត្រូវការប្រើពេល៣ឆ្នាំដែរ”។
អ្នកឧកញ៉ាសៀ រិទ្ឋីបានបន្តថា អ្វីដែលប្អូនៗគិតគូរនោះគឺ ពេលទៅដាក់ពាក្យធ្វើការនៅកន្លែងណាមួយ មិនគួរគិតអំពីប្រាក់ខែជាចំបងទេ។ ក្នុងន័យនេះមិនមែនឱ្យប្អូនៗធ្វើការអត់យកប្រាក់ខែទេ តែអ្វីដែលគួរគិតគឺគោលដៅយូរអង្វែងរបស់ប្អូន ហើយពេលប្អូនទៅធ្វើការនៅកន្លែងនោះនឹងទទួលបានអ្វីមកវិញ។
លោកលើកទឹកចិត្តដល់ប្អូនៗមួយចំនួន ទៅធ្វើការក្រៅប្រទេស តែត្រូវរកការងារណា ដែលផ្ដល់ជាប្រយោជន៍នៅពេលអនាគត។ ពេលត្រលប់ពីក្រៅប្រទេសវិញប្អូនត្រូវមានជំនាញអ្វីមួយក្នុងខ្លួន និងយកជំនាញនោះ មកបង្កើតអាជីវកម្មខ្លួនឯង ឬយ៉ាងហោចណាស់ ក៏ធ្វើការក្នុងក្រុមហ៊ុនណាមួយមានប្រាក់កម្រៃខ្ពស់ដែរ។
អ្នកឧកញ៉ាបន្ថែមថា “យើងធ្វើការងារអ្វីក៏ដោយ យើងត្រូវរៀនសូត្រពីការងាររបស់យើង ដើម្បីយកចំណេះជំនាញពេលយើងចប់ពីការងារនោះ ហើយក៏កុំធ្វើការងារដើម្បីបានតែជួបគ្នាឱ្យចប់ពីមួយខែទៅមួយខែ តែយើងត្រូវអភិវឌ្ឍន៍ខ្លួនឯង ហើយទោះបីយើងចេញពីក្រុមហ៊ុននោះ ក៏យើងអាចរកការងារបានល្អជាក្រុមហ៊ុនចាស់ដែរ”។
អ្នកឧកញ៉ាបានបន្ថែមទៀតថា អ្វីដែលសំខាន់សម្រាប់យុវជនកម្ពុជា បច្ចុប្បន្ននេះ គួររៀនភាសាយ៉ាងហោចណាស់មួយទៀត ក្រៅពីភាសាជាតិរបស់យើង ពីព្រោះថាយុគសម័យនេះ ហើយបើប្អូនៗចេះតែភាសាមួយ ប្អូនៗនឹងពិបាករកការងារធ្វើណាស់។ អ្វីដែលកាន់តែពិសេស សម្រាប់យុវជនកម្ពុជានោះគឺសិក្សាទៅតាមបរិបទ។ ក្នុងន័យនេះ គឺត្រូវមើលទៅលើវិស័យណា ដែលមានអាទិភាព និងតម្រូវការធនធានមនុស្សច្រើន ហើយវិស័យណា ដែលបានរួមចំណែកខ្ពស់សម្រាប់សេដ្ឋកិច្ចកម្ពុជា៕