តើឯកសារផ្លូវច្បាប់សំខាន់ៗអ្វីខ្លះដែលអ្នកត្រូវស្វែងយល់បន្ថែមមុននឹងទិញផ្ទះក្នុងបុរី?

0

        ដោយៈសហការី

ភ្នំពេញៈ បុរីសំដៅលើការរស់នៅបែបសហគមន៍មួយ ​ដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ប្រជាជនកម្ពុជា​ ដែលការរស់នៅនោះប្រមូលផ្ដុំ ទៅដោយលំនៅឋានផ្សេងៗគ្នា ដូចជាប្រភេទផ្ទះវីឡា ផ្ទះអាជីវកម្ម វីឡាកូនកាត់ និងផ្ទះល្វែង​ជាដើម។​

ទោះបីជាបច្ចុប្បន្នបុរីភាគច្រើន ត្រូវបានអភិវឌ្ឍឆ្ងាយពីកណ្តាលទីក្រុង​១០ទៅ-១៥ គីឡូម៉ែត្រយ៉ាងណាក្ដី ក៏ប្រជាជនខ្មែរភាគច្រើននៅតែចូលចិត្តរស់នៅក្នុងបុរី ដោយសារតែផ្ទះមានទំហំធំទូលាយនិងមានតម្លៃទាបបើប្រៀបធៀបទៅនឹងខុនដូ​។​

យ៉ាងណាមិញ ក្នុងនាមយើងជាអ្នកទិញ តើមានចំណុចសំខាន់អ្វីខ្លះ ដែលអ្នកត្រូវដឹងមុននឹងសម្រេចចិត្តទិញលំនៅឋានក្នុងបុរី? នៅពេលនិយាយអំពីការទិញលំនៅឋាននៅក្នុងបុរី មនុស្សភាគច្រើនផ្ដោតការយកចិត្តទុកដាក់លើទីតាំង តម្លៃ និងម៉ូតផ្ទះ​ ប៉ុន្តែពេលខ្លះពួកគេមិនបានស្វែងយល់ អំពីឯកសារច្បាប់សំខាន់ៗមួយចំនួន ពីសំណាក់អ្នកអភិវឌ្ឍន៍គម្រោងនោះទេ។

ដោយឡែក ក្រៅពីទីតាំង តម្លៃ និងម៉ូតគេហដ្ឋាន អ្នកគួរសួរនាំអ្នកអភិវឌ្ឍន៍បុរីរបស់អ្នក​អំពីឯកសារច្បាប់ទាំង៥ប្រភេទ ដើម្បីប្រាកដថា គម្រោងនេះ​អាចទុកចិត្តបាន​ ហើយអាចធានាបាននូវសុវត្ថិភាព១០០% បន្ទាប់ពីអ្នកវិនិយោគថវិការទាំងដុលទៅលើអចលនទ្រព្យមួយនោះ។ ខាងក្រោមនេះគឺជាឯកសារច្បាប់សំខាន់ៗ ៥ ប្រភេទ ដែលអ្នកត្រូវសួរអ្នកអភិវឌ្ឍន៍លំនៅឋាន មុនពេលអ្នកទិញអចលនទ្រព្យនៅក្នុងគម្រោងបុរី ជាពិសេសការអភិវឌ្ឍមុនគម្រោង។

ប័ណ្ណចុះបញ្ជីក្រុមហ៊ុន

មុនពេលចាប់ផ្តើមសាងសង់បុរី​ ក្រុមហ៊ុនអភិវឌ្ឍន៍មានកាតព្វកិច្ច ត្រូវតែចុះបញ្ជីឱ្យ​រួចរាល់​ ដើម្បីទទួលបានការយល់ព្រម ពីក្រសួងពាក់ព័ន្ធជាមុនសិន ទើបអាចទទួលបានសិទ្ធិសម្រាប់ការចាប់ផ្តើមសាងសង់គម្រោងរបស់ពួកគេ។ ការស្នើសុំពិនិត្យមើលប័ណ្ណចុះបញ្ជីក្រុមហ៊ុនស្របច្បាប់ គឺដើម្បីធានាបានថា​ គម្រោងនោះអាចដំណើរការដោយស្របច្បាប់។​

អាជ្ញាប័ណ្ណសាងសង់

មុននឹងផ្តល់អាជ្ញាប័ណ្ណសាងសង់ ដល់ក្រុមហ៊ុន​សំណង់​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើការត្រួតពិនិត្យពីគម្រោង របស់ក្រុមហ៊ុនយ៉ាងហ្មត់ចត់​ ទាំងការរចនា និងគុណភាព រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជា ប្រព័ន្ធទឹក​ ​ភ្លើង​ និងលូជាដើម ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍទាំងមូល។

 

អាជ្ញាប័ណ្ណបុរី

​​          ​ក្រោយពីក្រុមហ៊ុនអភិវឌ្ឍន៍បុរី បានបំពេញគ្រប់នូវតម្រូវការទាំងអស់ ទាក់ទងនឹងគុណភាពសំណង់ ការរចនាប្លង់ ផែនការលក់​ និងឯកសារចាំបាច់ផ្សេងៗ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់អាជ្ញាប័ណ្ណបុរីដល់ពួកគេ ។ ជាទូទៅអ្នកអភិវឌ្ឍន៍ដែលគួរឱ្យទុកចិត្តបំផុត គឺត្រូវមានអាជ្ញាប័ណ្ណបុរីត្រឹមត្រូវ ដើម្បីបង្ហាញទៅកាន់អតិថិជន គោលដៅរបស់ពួកគេ។

ប្លង់មេ

ប្លង់មេមានសារៈសំខាន់បំផុត ចំពោះគម្រោងបុរីនីមួយៗ ដូច្នេះអ្នកត្រូវសួរក្រុមហ៊ុនអភិវឌ្ឍន៍​ ដើម្បីបង្ហាញប្លង់មេរបស់គម្រោង​ ដែលត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។​​ មុននឹងគម្រោងបុរីណាមួយអាចសាងសង់បាន​​ លុះត្រាណាគំរូប្លង់មេនៃគម្រោងមួយនោះ ត្រូវបានអនុម័តពីក្រសួងពាក់ព័ន្ធជាមុនសិន។​

ប្លង់រឹង​​

មុននឹងទិញលំនៅឋានក្នុងគម្រោងបុរីណាមួយ អ្នកគួរតែសួរអំពីប្លង់មេ​ និងប្លង់រឹងនីមួយៗ ពីអ្នកអភិវឌ្ឍន៍គម្រោងមួយនោះ។​ ប្លង់មេគ្របដណ្តប់លើដីទាំងអស់សម្រាប់ការអភិវឌ្ឍន៍បុរីទាំងមូល ខណៈដែលប្លង់កម្មសិទ្ធិនីមួយៗ ត្រូវបានបែងចែកជាយូនីតផ្សេងៗគ្នា។ ដូច្នេះ អ្នកត្រូវប្រាកដថាអ្នកអភិវឌ្ឍន៍គម្រោងនោះ មានឯកសារច្បាប់ផ្លូវការ ដើម្បីបញ្ជាក់ពីប្លង់រឹងទាំងពីរប្រភេទនេះ។

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងតាមរយៈ +855 967876902 (Telegram)/ +855 66886633 ប្រភព៖ Harbor Property

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here