ដោយៈគង់់ សូរិយា
ភ្នំពេញៈ ព្រះរាជាណាចក្រកម្ពុជា មានឧទ្យានជាតិជាច្រើន ដែលផ្តល់នូវបរិយាកាស និងទេសភាពដ៏ស្រស់ត្រកាល និងមានលក្ខណៈពិសេសតាមលក្ខខ័ណ្ឌពិសេសនៃភូមិសាស្រ្តនិមួយៗ។
ឧទ្យានជាតិបុទុមសាគរ មានទីតាំងស្ថិតនៅទឹកដីខេត្តកោះកុង មានព្រំប្រទល់ផ្លូវជាតិលេខ៤៨ពីចំណុច ឃុំអណ្តូងទឹក រហូតទៅដល់ឃុំត្រពាំងរូង ក្រៅពីនោះគឺមានព្រំប្រទល់ជាប់មាត់សមុទ្រទាំងអស់។ ឧទ្យាននេះមានផ្ទៃដី១៨៣,៤០៨ហិកតា ខាងជើងជាប់ នឹងព្រែកត្រពាំងរូង ក្នុងឃុំត្រពាំងរូង ខាងកើតជាប់ផ្លូវជាតិលេខ៤៨ខាងត្បូង និង ខាងលិចជាប់ព្រំប្រទល់ទឹកសមុទ្រ។
ឧទ្យានជាតិនេះជាតំបន់ធម្មជាតិ និងជាដែនជម្រកសត្វព្រៃ និងមច្ឆជាតិគ្រប់ប្រភេទ។ ក្រៅពីជាកន្លែងសម្បូរដំណាំហូបផ្លែច្រើនមុខ ឧទ្យានជាតិជាប់សមុទ្រមានឆ្នេរខ្សាច់ម៉ដ្ឋលាតសន្ធឹងធំល្វឹងល្វើយសម្បូរទៅ ដោយព្រៃកោងកាងយ៉ាងក្រាស់ក្រែល។
នៅក្នុងតំបន់នោះក៏មានប្រជាជនរហូតដល់ទៅ២៤ភូមិ សុទ្ធសឹងតែប្រជានេសាទ សមុទ្រទាំងអស់។ កត្តាទាំងអស់ខាងលើនេះ វាក៏ជាកន្លែងអំណោយផលយ៉ាងគាប់ប្រសើរក្នុងការទាក់ទាញភ្ញៀវទេសចរទាំងឡាយ ចង់ទៅទស្សនាកម្សាន្ត ជាពិសេសនោះដោយតំបន់នោះជាតំបន់សមុទ្រ គេអាចជិះទូកអូប័រទៅលេងកម្សាន្តនៅកោះស្តេច ដែលស្ថិតនៅ មិនឆ្ងាយប៉ុន្មានពីឧទ្យានជាតិនេះ។
បុទុមសាគរត្រូវបានកំណត់ជាឧទ្យានជាតិបុទុមសាគរ ដោយព្រះករុណាព្រះបាទនរោត្តម សីហនុ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣៕