ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ លើកទី៤៨ (48th GMS TWG) និងកិច្ចប្រជុំចង្អៀតរវាងក្រុមប្រឹក្សាភិបាល នៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គបានសម្រេចបង្កើតអង្គភាពទេសចរណ៍មេគង្គនៅកម្ពុជា។
កិច្ចប្រជុំកាលពីសប្តាហ៍មុន ដោយមានការចូលរួមពី ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ តំណាងឲ្យប្រទេសកម្ពុជា បានដឹកនាំមន្រ្តីជំនាញចូលរួមកិច្ចប្រជុំ ក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ លើកទី៤៨ (48th GMS TWG) និងកិច្ចប្រជុំចង្អៀតរវាងក្រុមប្រឹក្សាភិបាលនៃការិយាល័យ សម្របសម្រួលទេសចរណ៍មេគង្គ។
អង្គប្រជុំបានផ្តោតសំខាន់ទៅលើចំណុចមួយចំនួនរួមមាន ទី១ ស្ថានភាពទេសចរណ៍ ក្នុងបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ទី២ ការស្តារ និងការចាប់ផ្តើមវិស័យទេសចរណ៍ឡើងវិញ ទី៣ ផែនការស្តារទំនាក់ទំនងទេសចរណ៍ មហាអនុតំបន់មេគង្គ និងទី៤ការបង្កើតអង្គភាពទេសចរណ៍មេគង្គនៅកម្ពុជា។
ការប្រជុំតាមរយៈប្រព័ន្ឋ Zoom នេះ ទទូលបានលទ្ឋផលជាច្រើនរួមមាន ទី១ អង្គប្រជុំបានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះលោក Jens Thraenhart ដែលបានដឹកនំាអង្គភាព MTCO បានយ៉ាងល្អប្រសើរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍មេគង្គ ជាគោលដៅទេសចរណ៍តែមួយ និងអបអរសារទរចំពោះនាយកប្រតិបត្តិថ្មី ដែលនឹងចូលបម្រើការងារនៅអំឡុងខែតុលា ខាងមុខ និងបន្តជំរុញអនុវត្តនូវផែនការស្តារទំនាក់ទំនងវិស័យទេសចរណ៍ឡើងវិញ ក្នុងមហាអនុតំបន់តំបន់មេគង្គ ផែនការងាររបស់ MTCO និងពង្រឹងទេសចរណ៍ ក្នុងតំបន់ឲ្យកាន់តែរឹងមាំបន្ថែមទៀត ។
ទី២ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គទាំងអស់ បានលើកឡើងពីអំពីស្ថានភាពទេសចរណ៍ ដែលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ផែនការបើកទទួលទេសចរអន្តរជាតិឡើងវិញជាដំណាក់កាល និងបានឯកភាពទាំងស្រុង លើផែនការស្តារទំនាក់ទំនងទេសចរណ៍ឡើងវិញក្នុងមហាអនុតំបន់មេគង្គ ដែលគ្រោងនឹងប្រកាសប្រើប្រាស់ជាផ្លូវការ នៅចុងខែតុលា ឆ្នាំ២០២១ ក្រោមជំនួយបច្ចេកទេស និងថវិកាសម្រាប់ការអនុវត្តពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងនោះ អង្គប្រជុំបានឯកភាពតាមសំណើរបស់កម្ពុជា ក្នុងការបញ្ជូលកីឡាទេសចរណ៍ផងដែរ។
ទី៣ កម្ពុជាគ្រោងស្វាគមន៍ធ្វើជាម្ចាស់ផ្ទះ ទទួលអង្គភាពទេសចរណ៍មេគង្គ (Destination Mekong) ជាផ្លូវការនៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២១ ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍មេគង្គ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយវិស័យឯកជន និងជាទម្រង់ផ្តល់យោបល់ លើការអភិវឌ្ឍន៍វិស័យទេសចរណ៍តំបន់បានយ៉ាងល្អប្រសើរ និងការស្តារវិស័យទេសចរណ៍ឡើងវិញ។
ទី៤ តំណាងរបស់ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយបរិយាប័ន្ន ក្នុងវិស័យទេសចរណ៍ នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម និងបង្ហាញជំហ៊របន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសដល់តំបន់ GMS បន្ថែមទៀតស្របតាមរយៈ ក្របខណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០ ដែលបានអនុម័តដោយថ្នាក់ដឹកនាំកំពូល GMS កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងនោះ តំណាងឲ្យកម្ពុជាក៏បានលើកពីការខិតខំជំរុញការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រ ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងការពង្រឹងសមត្ថភាពដឹកនាំ ទេសចរណ៍សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា៕