ដោយៈសុខុម
ភ្នំពេញ: បណ្ដាក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍នៅកម្ពុជា ដែលជាប្រទេសចាក់វ៉ាក់សាំងកូវីដ-១៩ បានច្រើនជាងគេបំផុតទី២ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសសិង្ហបុរី កំពុងដាក់សម្ពាធឱ្យរដ្ឋាភិបាល បើកព្រំដែនឡើងវិញនៅខែវិច្ឆិកា ចុងឆ្នាំនេះ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ដែលចាក់វ៉ាក់សាំងគ្រប់ដូស។
នៅពេលព្រំដែនបើកឡើងវិញ ភ្ញៀវទេសចរទាំងនោះ នឹងមានឱកាសបានទៅកម្សាន្តនៅគោលដៅអេកូទេសចរណ៍ ដ៏ស្រស់ត្រកាលដែលទើបនឹងបង្កើតថ្មី។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ដែលបានចុះផ្សាយកាលពីថ្ងៃទី២០ កញ្ញា។
លោក Nick Ray អ្នកប្រឹក្សាយោបល់ផ្នែកវិស័យទេសចរណ៍សម្រាប់គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” (Cambodia Sustainable Landscape and Ecotourism Project) ហៅកាត់ CSLEP មានប្រសាសន៍ថា “អេកូទេសចរណ៍ កំពុងបោះជំហានឆ្ពោះទៅមុខទូទាំងពិភពលោក ហើយវាពិតជាមានសារៈសំខាន់ណាស់នៅកម្ពុជា”។
អ្នកជំនាញរូបនេះបានបន្ថែមទៀតថា ការរីករាលដាលវីរុសកូវីដ-១៩ បានផ្លាស់ប្តូរស្ថានភាពនេះកាន់តែខ្លាំង នៅពេលមនុស្សចាប់ផ្ដើមងាកទៅស្វែងរកកន្លែងវាលៗ ដែលមិនមានការបិទជិត ដើម្បីជៀសផុតពីការឆ្លងវីរុសកូវីដ-១៩ ហើយពួកគេរីករាយនឹងដំណើរកម្សាន្តដើម្បីគយគន់សម្រស់ធម្មជាតិ។
គម្រោង CSLEP ដែលមានទំហំចំណាយ៥៤លានដុល្លារអាមេរិក តំណាងឱ្យការវិនិយោគវិស័យទេសចរណ៍ ធំបំផុតរបស់ធនាគារពិភពលោក (World Bank) នៅកម្ពុជា។ គម្រោងផ្តួចផ្តើមដែលមានរយៈពេល៥ឆ្នាំនេះ នឹងគ្របដណ្ដប់លើខេត្តចំនួន៧ ដោយរួមបញ្ចូលទាំងជួរភ្នំក្រវាញ ដែលមានព្រៃនាំទឹកភ្លៀង គ្មានអ្នកប៉ះពាល់ធំបំផុតប្រចាំអាស៊ីអាគ្នេយ៍ ព្រៃលិចទឹកនៅបឹងទន្លេសាប និងភ្នំគូលែន ស្ថិតក្នុងខេត្តសៀមរាបផងដែរ។
រហូតមកដល់ពេលនេះ គម្រោងCSLEP បានកំណត់ទីតាំងអេកូទេសចរណ៍ចំនួន១៦កន្លែង ដែលនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ថវិកានៃគម្រោងនេះនឹងត្រូវចំណាយទៅលើការកែលម្អផ្លូវ ចូលទៅកាន់តំបន់ដាច់ស្រយាលទាំងនេះ ដោយអភិវ ឌ្ឍផ្លូវឡើងភ្នំ ផ្លូវជិះកង់ និងមជ្ឈមណ្ឌលទេសចរណ៍ ហើយបណ្តុះបណ្តាលពលរដ្ឋក្នុងមូលដ្ឋានផ្នែកបដិសណ្ឋារកិច្ច ការគ្រប់គ្រងសំរាម និងការយល់ដឹងអំពីសំរាម។
នៅទីបំផុត ផ្ទះសំណាក់បែបធម្មជាតិ នឹងត្រូវសាងសង់ឡើង ប៉ុន្តែជាដំបូងនឹងលេចចេញជំរំបោះតង់សិន។
គម្រោងសាកល្បងចំនួន៣នឹងចាប់ផ្តើមអនុវត្តកម្មវិធី CSLEP ដូចជាតំបន់ទេសចរណ៍ទឹកធ្លាក់ជ្រាវ ក្នុងខេត្តកំពង់ស្ពឺ តំបន់ទេសចរណ៍ច្រកល្អៀង ក្នុងខេត្តពោធិ៍សាត់ និងភូមិអន្លង់ធំ ស្ថិតក្នុងឧទ្យានជាតិភ្នំគូលែន កន្លែងដែលកម្មវិធីភ្នំគូលែន ដែលទទួលបានជំនួយពីអង្គការ NGO Archaeology and Development Foundation បានដំណើរការតាំងពីឆ្នាំ២០០៨។
លោក JB Chevance នាយកអង្គការ NGO Archaeology and Development Foundation មានប្រសាសន៍ថា “យើងលាយបញ្ចូលគ្នានូវការអភិរក្ស ការអភិវឌ្ឍ និងការស្រាវជ្រាវបុរាណវិទ្យា។ ហើយមានសហគមន៍ក្រីក្រខ្លាំងរស់នៅទីនេះ”។
លោក Bill Barnett នាយកគ្រប់គ្រងក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់ ផ្នែកបដិសណ្ឋារកិច្ចអន្តរជាតិ C9 Hotelworks មានប្រសាសន៍ថា វាពិតជាចាំបាច់ណាស់ ដែលសហគមន៍នានា ត្រូវបានដាក់បញ្ចូលជាចំណុចស្នូលនៃកម្មវិធីផ្ដួចផ្ដើមបែបនេះ។
លោកបានពន្យល់ថា “ត្រូវឱ្យសហគមន៍នានាចូលរួម ហើយធ្វើការជាមួយពួកគេ។ ការធ្វើដូច្នេះនឹងជួយបញ្ចៀសការទន្ទ្រានចូល ការបរបាញ់សត្វ និងការកាប់ឈើខុសច្បាប់។ នៅចុងបញ្ចប់ ប្រទេសកម្ពុជា នឹងមិនចាំបាច់ពឹងផ្អែកលើក្រុងសីហនុ ឬមជ្ឈមណ្ឌទេសចរណ៍ដែលផ្ដោតលើល្បែងស៊ីសង ដែលសម្រាប់តែជនបរទេសទៀតឡើយ”៕ South China Morning Post៕