អ្នកឧកញ៉ាគិត ម៉េងចែករំលែកបទពិសោធន៍ពីការរក្សាបុគ្គលិកធ្វើការរយៈពេលវែង

0

ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ អ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយក​ក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនលំដាប់យក្សក្នុងស្រុក បានចែករំលែកពីបទពិសោធ​ន៍ការងារ និងវិធីសាស្រ្តរក្សាបុគ្គលិកឲ្យធ្វើការឲ្យលោករយៈពេលវែង។

អ្នកឧកញ៉ាបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកកាលពីថ្ងៃទី៣០កញ្ញាកន្លងមកថា ជាច្រើនឆ្នាំមកនេះ យើងបានជ្រើសរើសបុគ្គលមានទេពកោសល្យ ដែលពួកគេម្នាក់ៗ មានលក្ខណៈពិសេស និងនាំមកនូវបទពិសោធន៍ដ៏មានតម្លៃ។ ខ្ញុំផ្ទាល់ធ្វើការជាមួយអ្នកមានទេពកោសល្យ និងបុគ្គល ដែលមានលក្ខណៈសម្បត្តិ ជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។

អ្នកឧកញ៉ាបានបន្តថា “អ្នកខ្លះបំពេញការងារនៅក្រុមហ៊ុន អស់រយៈពេលជាងមួយទសវត្សរ៍។ អ្នកទទួលការគោរពបំផុត ដែលបានបម្រើការងារក្នុង រ៉ូយ៉ាល់គ្រុប គឺបានធ្វើការជាមួយយើង អស់រយៈពេល២៥ឆ្នាំហើយ”។

អ្នកឧកញ៉ាបានបន្តថា ការដែលមានបុគ្គលិកស្មោះត្រង់បែបនេះ គឺមានន័យណាស់សម្រាប់ រ៉ូយ៉ាល់គ្រុប ទាំងមូល។ ដូច្នេះ តើអ្វីទៅជាវប្បធម៌ការងាររបស់យើង ដែលអាចរក្សាបុគ្គលិករបស់យើង ឱ្យនៅជាមួយយើងអស់ជាច្រើនទសវត្សរ៍មកនេះ? ចំណុចនេះបានឆ្លុះបញ្ចាំងពីបេសកកម្មរបស់យើង ក្នុងការបង្កើតឱកាសដល់ប្រជាជនកម្ពុជារាប់ពាន់នាក់ ដើម្បីចូលរួមជាមួយយើង ក្នុងគ្រប់តួនាទីដែលត្រូវនឹងចំណង់ចំណូលចិត្ត ទេពកោសល្យ និងគោលដៅអនាគតរបស់ពួកគេ។

អ្នកឧកញ៉ាគិត ម៉េងបានបន្តថា “ការទទួលបានទាំងនោះមិនមែនកើតឡើងដោយសំណាងទាំងស្រុងទេ ប៉ុន្តែជាការរួមផ្សំលក្ខណៈសម្បត្តិបុគ្គល ដែលរួមមាន អាកប្បកិរិយាវិជ្ជមាន ភាពស្មោះត្រង់ ការតស៊ូ និងភាពស្វិតស្វាញ ក្នុងការធ្វើជាបុគ្គលឯករាជ្យម្នាក់ និងជាមនុស្ស ដែលអាចពឹងពាក់បាន ដល់អ្នករួមការងាររបស់ពួកគេ”។ លោកបន្ថែម​ថា “វាគឺជាលក្ខណៈសម្បត្តិ នៃការធ្វើជាខ្លួនឯងថាតើអ្នកជានរណា ដែលអាចបង្កើតគុណតម្លៃបន្ថែមដល់ក្រុមហ៊ុន បរិស្ថានជុំវិញខ្លួន និងសហគមន៍ ដែលអាចបើកឱកាសកាន់តែច្រើនដល់អ្នក”។

ពេលខ្លះ នៅពេលយើងមានអារម្មណ៍បាក់ទឹកចិត្ត យើងប្រហែលជាគិតថា មានតែ“អ្នកមានសំណាង” ប៉ុណ្ណោះ ដែលទទួលបានឱកាសល្អបំផុតក្នុងជីវិតនេះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកណាម្នាក់អាចជួបប្រទះនូវឱកាសជាច្រើន នៅពេលដែលអ្នកធ្វើការងារដើម្បីឈានទៅរកកន្លែងត្រឹមត្រូវ នៅក្នុងពេលវេលាត្រឹមត្រូវមួយ។ អ្នកមិនចាំបាច់ជាមនុស្សអស្ចារ្យ ដើម្បីសម្រេចបាននូវអ្វីដែលអស្ចារ្យនោះទេ។ អ្នកគ្រាន់តែត្រូវទទួលយកភាពបរាជ័យរបស់អ្នក ហើយយកភាពជាម្ចាស់ការ លើទេពកោសល្យរបស់អ្នក រួចបន្តអនុវត្តន៍ និងសិក្សាបន្ថែម។

អ្នកឧកញ៉ាបានបន្ថែមទៀតថា ភាពជោគជ័យមួយ នឹងនាំមកនូវភាពជោគជ័យជាច្រើនទៀត ប៉ុន្តែវាជាការសំខាន់ ដែលយើងមិនត្រូវព្រងើយកន្តើយចំពោះកំហុស និងការបរាជ័យនោះឡើយ ដូចដែលមានសម្តីអនាមិកម្នាក់បានលើកឡើងថា “អ្នកអាចរកឃើញនូវអាថ៌កំបាំងជោគជ័យ ជាច្រើននៅក្នុងរាល់ការបរាជ័យរបស់អ្នក” ។

អ្នកឧកញ៉ាគិត ម៉េងបានបន្ថែមថា មិនមានផ្លូវវាងណា ដើម្បីធ្វើឱ្យអ្នកមានសំណាងប្រសើរជាងមុននោះទេ។ មានតែការខិតខំប្រឹងប្រែង ដើម្បីបន្តការអភិវឌ្ឍ ការរៀនសូត្រប្រកបដោយនិរន្តរភាពតែប៉ុណ្ណោះ ដែលអាចត្រួសត្រាយផ្លូវរបស់អ្នក ទៅកាន់ឱកាសដ៏ល្អៗតទៅមុខទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here